ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តតាកែវ ៖ ដើម្បីទប់ស្កាត់​បញ្ហា​ជំងឺ​ផ្តាសាយ​បក្សី​ និងផ្តល់​ការយល់​ដឹង​ពីជំងឺនេះ ដល់​ប្រជាពលរដ្ឋ​ ក៏ដូច​ជា​​អាជីវករ​លក់បក្សី ​នៅ​តាម​ផ្សារ​នៅ​ក្នុង​​តាកែវ កាលពីព្រឹកថ្ងៃទី០៣ កុម្ភៈ​ ២០១៦ នេះ ក្រុម​មន្ត្រី​​ពេទ្យ​សត្វ បាននាំគ្នាចុះ​​ធ្វើការ​អប់រំ​​ដល់​​ក្រុម​អាជីវករ​​លក់​បក្សី​​នៅផ្សារតាកែវ និងផ្សារ​ណាត់ ហើយក៏មាន​ការបិទ​ស្លាក​​សញ្ញា​ពីជំងឺផ្តាសាយបក្សី​ នៅ​តាមដើម​ឈើ​​សា​ធារណៈ​ ។

លោក​ថៃ លី ប្រធាន​​ការិយា​ល័យ​​បសុព្យាបាល​​នៃមន្ទីរកសិកម្ម​ខេត្តតាកែវ​​បាន​ថ្លែងថា ការចុះ​ពន្យល់​​ប្រជាពលរដ្ឋ​​ពីជំងឺ​​ផ្តាសាយ​បក្សី គឺ​ដោយសារ​តែអាកាសធាតុ​ប្រែប្រួល​ ធ្វើ​ឱ្យ​បក្សី​មួយចំនួន​មានសុខ​ភាព​មិនល្អ ហើយ​អាច​​មានជំងឺ​ ។ ដូច្នោះ​យើង​​បានចុះ​ធ្វើ
ការ​ពន្យល់​ពួកគាត់​ពី​វិធី​ ដើម្បី​ការពារ​កុំ​ឱ្យ​រាលដាល​ឆ្លងជំងឺ​ផ្តាសាយ​បក្សពី​សត្វមក​មនុស្ស​ តាមរយៈ​ការបង្កើន​អនាម័យ​ ដោយ​ចៀស​​វាង​ការប៉ះពាល់​បក្សដែលមានជំងឺ​ហើយ​បើ​មានបក្សី​ណាងាប់ គឺ​មិនត្រូវ​យកមក​លក់​នោះទេ គឺ​ត្រូវតែ​យកបក្សី​នោះទៅកប់​ចោល ។