ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តរតនគិរី ៖ ​ដី​ព្រៃ​បំរុង​ទុក​របស់​រដ្ឋ​ប្រមាណ​៥០០​ហិ​កតាត្រូវ​​គេ​ដឹង​ថា ​កំពុង​រង​នូវ​ការ​កាប់​បំផ្លាញ និង​ឈូស​ឆាយ​កាប់​ទន្ទ្រាន​យក​​ជា​ទ្រព្យសម្បត្តិ​ឯកជន ​។ ដី​ព្រៃ​បំរុង​ទុក​របស់​រដ្ឋ​ ដែល​ត្រូវ​​​គេ​ឃុបឃិត​គ្នា​នេះ​ ស្ថិត​នៅ​ក្នុងភូមិ​តា​កុក​ព្នង ភូមិ​តា​កុក​ច្រា​យ ភូមិ​ខ្វែង ឃុំ​យ៉ា​ទុង ឃុំ​បរខាំ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី​ ។

ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​​ពី​ការ​ឈួ​ស​ឆាយដី​ព្រៃឈើ​ បម្រុង​ទុក​របស់​រដ្ឋ​ធ្វើ​​កម្មសិទ្ធិ​នោះ​ កាលពី​​​ព្រឹក​ថ្ងៃ​ទី​០២ ​កុម្ភៈ នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​​ផ្នែក​បរ​កែវ លោក​​ឡេ​ង យុគ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​​ត្រួតពិនិត្យ​ទីតាំង​​ខាងលើ​ ។ លោក​ឡេ​ង យុគ បាន​ថ្លែង​ប្រាប់​​ក្រុម​អ្នក​យក​ព័​ត៌​មាន​​យ៉ាង​ខ្លី​ថា នឹង​ធ្វើ​កា​រងារ​នេះ ហើយ​បច្ចុប្បន្ន​កំពុង​តែ​ត្រួតពិនិត្យ​​ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ៗ​ ។

ជាក់ស្តែង​ នៅ​លើ​ទីវាល​ដ៏​ធំ​ល្វឹង​ល្វើយ​ គេ​សង្កេត​ឃើញ​មាន​ស្នាម​ប្រើ​គ្រឿងច​ក្រ​ឈូស​ដី​ព្រៃ ប្រមូល​ឈើ​ដុត​បំផ្លាញ​ចោល​មុន​ពេល​​សមត្ថកិច្ច​ចុះ​ទៅ​ដល់ទី​នោះ​។ ដោយឡែក​ មេឃុំ​បរខាំ ​លោករ​ម៉ា​ម ខេត បាន​ប្រាប់​អ្នក​យក​ព័ត៌​មាននៅ​រសៀល​ថ្ងៃ​ទី​០២ ​កុម្ភៈ នេះ​​ថា លោក​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទិញ​លក់​ដី​​នោះ ដោយសារ​តែ​មេ​ភូមិ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​គាំទ្រ ​ក្នុង​រឿង​នេះ ​។

ទាក់ទិន​ទៅ​នឹង​ដី​បំរុង​​ទុក​របស់​រដ្ឋ​ប្រមាណ​៥០០​ហិ​កតា​ ត្រូវ​បាន​គេ​ឃុបឃិត​គ្នា​កាប់​ទ​ន្ត្រា​ន​ និងឈូស​ឆាយ​យក​ជា​ទ្រព្យសម្បត្តិ​នេះ​ដែរ​ លោក​ល័​ក្ខ ដែល​​អះអាង​ថា ​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​នោះ​​បាន​បញ្ជាក់​ថា ដី​ដែល​លោក​បាន​ទិញ​នេះ​ មាន​ចំនួន​តែ​៤៥​ហិ​កតា​ប៉ុណ្ណោះ​ ។ លោក​ល័​ក្ខ បន្ត​ទៀត​ថា ​ដី​ខាងលើ​នេះ​ ខាង​អាជ្ញាធរ​បញ្ជាក់​ថា ​មិន​មានការ​ពាក់ព័ន្ធ​នោះ​ទេ​។ ជា​ការ​កត់សម្គាល់​​ឃើញ​ថា​ ខេត្តរតនគិរី​បច្ចុប្បន្ន​​ដំណាំ​កសិឧស្សាហកម្ម​ កំពុង​មានការ​រីក​ចម្រើន ប៉ុន្តែ​ដំណាំ​ទាំងនោះ​ ត្រូវ​គេ​ឃើញ​ភាគច្រើន​​ដ៏​លើសលុប គឺ​បាន​ដាំ​នៅ​លើ​ដី ដែល​ជា​ដី​ត្រូវ​បាន​គេ​កាប់​ពី​ដី​ព្រៃ​របស់​រដ្ឋ ហើយ​ការ​ទិញ​នោះ​ទៀត​សោត ឯកសារ​មួយ​ចំនួន​ត្រូវ​គេ​លួច​ខ្សឹប​​ថា បាន​លួច​បន្លំ​ស្នាម​មេដៃ​គាំទ្រ​របស់​ប្រជាពលរដ្ឋ ឫ​ថា អ្នក​ភូមិ​បាន​លក់​ឱ្យ​​ជាដើម​។​ល​។

គេ​កំពុង​តែ​រង់​ចាំ​មើល​ថា ​តើ​ដី​បម្រុង​ទុក​របស់​រដ្ឋ​ប្រមាណ​៥០០​ហិ​កតា​ខាងលើ​នេះ​ នឹង​មានការ​អនុវត្ត​ច្បាប់​ដូច​ម្តេច​ ចំពោះ​រឿងរ៉ាវ​ទិញ​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ ។