ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ជីក​ប្រឡាយ​នៅ​ស្រុក​មេសាង​បន្ត​ទាមទារ​សំណង

ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ស្រុក​មេសាង ដែល​បាត់បង់​ដីស្រែ​នៅ​តំបន់​អាង​ពោធិ៍តាមុំ ដោយសារ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ស្រោចស្រព​វ៉ៃកូ ឬ​ការ​ជីក​ប្រឡាយ​មេ​ទី​២​នោះ បន្ត​ទាមទារ​សំណង។ ទាក់ទិន​បញ្ហា​នេះ មន្ទីរ​ធនធាន​ទឹក​ខេត្ត​ព្រៃវែង ឆ្លើយ​ថា ការ​ទូទាត់​សំណង​សម្រាប់​ពលរដ្ឋ​ដែល​មាន​ដី​នៅ​ក្រៅ​ផ្ទៃ​អាង​ពោធិ៍តាមុំ កំពុង​ដំណើរការ ហើយ​នឹង​ដោះស្រាយ​បញ្ហា​វិវាទ​នេះ​ឲ្យ​ចប់​ឆាប់ៗ។

ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ​ដែល​រស់​នៅ​ក្នុង​ឃុំ​ចំនួន​២ គឺ​ជីផុច និង​ឃុំ​ស្វាយជ្រំ ស្រុក​មេសាង អះអាង​ថា ការ​ទន្ទឹង​រង់ចាំ​សំណង​ទាំង​អន្ទះអន្ទែង​ជាង ៣​ឆ្នាំ​មក​នេះ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព នៅ​បន្ទាប់​ពី​គម្រោង​ជីក​ប្រឡាយ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​លេប​យក​ដី​ស្រែ​របស់​ពួកគាត់​ទាំង​នៅ​ក្នុង និង​នៅ​ក្រៅ​ផ្ទៃ​អាង​ពោធិ៍តាមុំ។

ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ម្នាក់ គឺ​លោក អ៊ឹម ហ៊ា រៀបរាប់​ថា ដីស្រែ​នៅ​តំបន់​អាង​ពោធិ៍តាមុំ គឺ​ជា​ឆ្នាំង​បាយ​របស់​អ្នក​ភូមិ​ដែល​ធ្លាប់​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៧៩ មក។ លោក​បញ្ជាក់​ថា ការ​ដែល​រដ្ឋាភិបាល​មិនបាន​ផ្ដល់​សំណង​នេះ គឺ​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មុខ​របរ​ចិញ្ចឹម​ជីវិត​របស់​អ្នក​ភូមិ។

លោក​បន្ត​ថា អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​ដែល​ប៉ះពាល់​តិច និង​ច្រើន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ជា​សំណង​ទូទាត់​ជូន​អ្នក​ភូមិ​ក្នុង​តំបន់​អាង និង​ក្រៅ​ផ្ទៃ​អាង​ក្នុង​តម្លៃ​ទីផ្សារ​សមរម្យ៖ «សូម​អោយ​ភូមិ​ឃុំ ស្រុក ខេត្ត ជួយ​ផ្ដល់​សំណង​សមរម្យ​ឲ្យ​ដល់​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា​ទៅ។ មិនមែន​ប្រឆាំង​មិន​អោយ​គាត់​ធ្វើ​ប្រឡាយ​អី​ទេ ប៉ុន្តែ​បើ​មាន​ប្រឡាយ​អត់​ដី​ស្រែ​ធ្វើ ក៏​អត់​ប្រយោជន៍​ដែរ»

ប្រឡាយ មេសាង ព្រៃវែង ៨៥៥ ២០១៦
ប្រឡាយ ឬ​អាង​ពោធិ៍តាមុំ ស្ថិត​ក្នុង​ឃុំ​ជីផុច ស្រុក​មេសាង ខេត្ត​ព្រៃវែង ដែល​ពលរដ្ឋ​អះអាង​ថា ត្រូវ​បា​ធ្វើ​ឡើយ​ដោយ​ប៉ះពាល់​ដី​ស្រែ​របស់​ពួកគាត់ ហើយ​មិន​ទាន់​បាន​ផ្ដល់​សំណង។ រូបថត​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៦។ RFA/Tha Kitya

ការ​ជីក​ពង្រីក​ប្រឡាយ​ឲ្យ​កាន់តែ​ធំ​​មាន​ទទឹង ៦០​ម៉ែត្រ ដែល​អាច​ផ្គត់ផ្គង់​ទឹក​បង្កបង្កើន​ផល​សម្រាប់​កសិករ ដោយ​លាត​សន្ធឹង​ពី​ខេត្ត​ត្បូងឃ្មុំ ខេត្ត​ស្វាយរៀង ដល់​ខេត្ត​ព្រៃវែង នេះ បាន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​លើក​គ្នា​តវ៉ា​ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ដំណោះស្រាយ​នោះ​ទេ បាន​ត្រឹមតែ​សន្យា​ម្ដង​ហើយ​ម្ដង​ទៀត។ ថ្មីៗ​នេះ ប្រជាពលរដ្ឋ​ក៏​អះអាង​ថា អាជ្ញាធរ​បាន​គំរាមកំហែង​មិន​ឲ្យ​ពលរដ្ឋ​ចេញ​តវ៉ា​ទៀត​ឡើយ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​ធនធាន​ទឹក​ខេត្ត​ព្រៃវែង គឺ​លោក ជុំ សុភី មាន​ប្រសាសន៍​ថា ភាគី​ពាក់ព័ន្ធ​កំពុង​ទូទាត់​សំណង​ជូន​ពលរដ្ឋ​ទៅ​តាម​គោលនយោបាយ​រដ្ឋាភិបាល​កំណត់ តែ​ដី​ក្រៅ​ផ្ទៃ​អាង​ពោធិ៍តាមុំ ប៉ុណ្ណោះ ចំណែក​ក្នុង​ផ្ទៃ​អាង​ពោធិ៍តាមុំ លោក​ចាត់​ទុក​ថា ជា​ដី​សាធារណៈ​របស់​រដ្ឋ៖ «កាល​ណា​ដី​នៅ​ក្នុង​អាង គឺ​យើង​មិន​អាច​អោយ​គាត់​បាន​ទេ ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​សម្រេច​ដែរ​ថា ដី​នោះ​ជា​ដី​របស់​រដ្ឋ អ៊ីចឹង​យើង​ទូទាត់​តែ​ដីស្រែ​នៅ​ក្រៅ​ផ្ទៃ​អាង​ទេ»

សំណង​ដែល​ទូទាត់​ក្នុង​គោលនយោបាយ​របស់​រដ្ឋាភិបាល​នោះ ១​ហិកតារ ៥.០០០​ដុល្លារ ឬ ១​ម៉ែត្រការ៉េ ២​ពាន់​រៀល។

អង្គការ​សង្គម​ស៊ីវិល​ដែល​ទាក់ទិន​ទៅ​នឹង​បញ្ហា​ដីធ្លី​បាន​លើក​ឡើង​ថា មន្ត្រី​របស់​រដ្ឋាភិបាល​អសកម្ម​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ។

​ប្រធាន​ផ្នែក​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ឡាត់ គី រិះគន់​ថា ការ​បក្ស​ស្រាយ​របស់​អាជ្ញាធរ​ដែល​មិន​ទទួល​ស្គាល់​សិទ្ធិ​កាន់កាប់ និង​មិន​ផ្ដល់​សំណង​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​ផ្ទុយ​ពី​ច្បាប់​ភូមិបាល។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ដោះស្រាយ​សំណង​ទូទាត់​ជូន​ពលរដ្ឋ​ឱ្យ​សមស្រប​តាម​តម្លៃ​ដែល​អាច​ទទួល​យក​បាន​ទាំង​ក្នុង​ផ្ទៃ​អាង និង​ក្រៅ​ផ្ទៃ​អាង៖ «អាជ្ញាធរ​បកស្រាយ​គួរ​តែ​ឈរ​លើ​គោលការណ៍​មួយ ជួយ​ប្រជាពលរដ្ឋ​ឲ្យ​ទទួល​បាន​សំណង ព្រោះ​ថា ការ​អភិវឌ្ឍ​នេះ គឺ​ប៉ះពាល់​ដល់​មូលដ្ឋាន​គ្រឹះ​នៃ​ជីវភាព​របស់​ពួកគាត់។ បើ​គាត់​បាត់​ដីស្រែ​ទាំង​អស់​នោះ ហើយ​អត់​លុយ​ទិញ​ដីស្រែ​ផ្សេង​ទៀត​ទេ តើ​ជោគវាសនា​ពួកគាត់​នឹង​ទៅ​ជា​យ៉ាង​ណា»

​ទន្ទឹម​គ្នា​នេះ លោក​ឲ្យ​ដឹង​ថា ក្រសួង​ធនធាន​ទឹក​ត្រូវ​តែ​មាន​កញ្ចប់​ថវិកា​ច្បាស់លាស់​សម្រាប់​ផ្ដល់​សំណង​សមរម្យ​ជូន​ប្រជាពលរដ្ឋ មុន​នឹង​មាន​ផែនការ​អភិវឌ្ឍន៍​កែ​លម្អ​តម្រូវការ​ប្រជាពលរដ្ឋ​ដើម្បី​ធានា​នូវ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ពិត​ប្រាកដ។

អ្នក​ភូមិ​ឲ្យ​ដឹង​ទៀត​ថា អាង​ពោធិ៍តាមុំ មាន​បណ្ដោយ​ប្រវែង​ជាង ៣​គីឡូម៉ែត្រ ទទឹង​នៅ​កន្លែង​ខ្លះ​មាន​ប្រវែង​ជាង ២០០​ម៉ែត្រ កន្លែង​ខ្លះ​ជាង ៣០០​ម៉ែត្រ ដែល​អ្នក​ភូមិ​តែង​ធ្វើ​កសិកម្ម​តាំង​ពី​ឆ្នាំ​១៩៧៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។