ទីបំផុតបញ្ហាផ្ទៃក្នុង របស់គណបក្ស ហ៊្វុនស៊ិនប៉ិច សម្រេចយកការ បែកបាក់គ្នា ដើម្បីបញ្ចប់បញ្ហា

ភ្នំពេញ៖ លោក ញឹក ប៊ុនឆៃ អនុប្រធានទី២ គណបក្សហ៊្វុនស៊ិនប៉ិច ដែលគេស្គាល់ច្បាស់ថា ជាមនុស្សម្នាក់ដែលសាវតារបានចូលរួមយ៉ាងសកម្ម  ក្នុងចលនា តស៊ូរំដោះជាតិ និងជាអ្នកដែលបានផ្តួចផ្តើមគំនិតក្នុងការបង្កើតចលនាហ៊្វុនស៊ិនប៉ិចនៅតាមជំរំជាយដែនកម្ពុជា-ថៃ ព្រមទាំងបានដង្ហែតាមសម្តេចឪ សម្តេចតា ជាយូរឆ្នាំមកហើយនោះ ឥឡូវនេះបានសម្រេចចិត្តដើរ ចេញពីគណបក្ស ហ៊្វុនស៊ិនប៉ិចទៅបង្កើតគណបក្សថ្មីទាំងក្តីសោកស្តាយ។

លោក ញឹក ប៊ុនឆៃ និងថ្នាក់ដឹកនាំគណបក្សហ៊ុនស៊ិនប៉ិចមកពីគ្រប់រាជធានី-ខេត្ត នៅវេលាម៉ោង១១ថ្ងៃទី០៣ ខែ កុម្ភៈ ឆ្នាំ២០១៦នេះ បានមកជួបជុំគ្នារៀបចំសន្និសីទកាសែតមួយ ដោយប្រកាសផ្តាច់ខ្លួនចេញពីគណបក្សហ៊្វុនស៊ិនប៉ិច ហើយបានប្រកាសបង្កើត គណបក្សថ្មីមួយមានឈ្មោះថា «គណបក្សរួបរួមជាតិ»  ដោយសារមិនពេញចិត្តចំពោះទង្វើអត្តនោម័តរបស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។

លោក ញឹក ប៊ុនឆៃ អនុប្រធានទី២ គណបក្ស ហ៊ុនស៊ិនប៉ិច បានថ្លែងនៅក្នុងសន្និសីទនោះថា “បន្ទាប់ពីបង្រួបបង្រួមគ្នាឡើងវិញ អស់រយៈពេលជាងមួយឆ្នាំមកនេះ គឺមិនទទួលបានជោគជ័យនិងរលូននោះទេ ដោយមូលហេតុថា សម្តេចក្រុមព្រះ មិនគោរពតាមគោលការណ៍ទាំងឡាយដែលភាគីទាំងពីរបានឯកភាពក្នុងការបង្រួបបង្រួមគ្នានោះ។  ក្រៅពីនេះព្រះអង្គដឹក នាំគណបក្សសម្រេចកិច្ចការងារធំៗដោយអត្តនោម័ត មិនមានការពិភាក្សាពិគ្រោះយោបល់ ពីថ្នាក់ដឹកនាំដទៃៗទៀតនោះឡើយ”។

លោក ញឹក ប៊ុនឆៃ បានបន្តថា ក្នុងនាមជាអនុប្រធានទី២ លោកមិនដែលបានដឹងពីព័ត៌មាន ឯកសារឬការកោះប្រជុំម្តងណាទេ មានតែការចោទប្រកាន់ជាបន្តបន្ទាប់រហូតឈានទៅបង្កើតក្រុមប្រឹក្សាវិន័យ ដើម្បីដាក់វិន័យមកលើរូបលោក និងសមាជិក សមាជិកា ដែលធ្លាប់បម្រើការឲ្យហ៊្វុនស៊ិនប៉ិចថែមទៀត។ លោកបន្ថែមថា ជាចុងក្រោយនេះមានលិខិតស្នាមជាលាយលក្ខអក្សរ ដកតួនាទីជាអនុប្រធានទី២ពីលោកថែមទៀតផង។

អនុប្រធានទី២រូបនេះ បញ្ជាក់ថា ហេតុផល ដែលរូបលោក និងថ្នាក់ដឹកនាំភាគច្រើន សម្រេចចិត្តដើរចេញ ពីគណបក្ស ហ្វ៊ុនស៊ិនប៉ិច នេះគឺមើលឃើញថា មិនអាចធ្វើការជាមួយគ្នាកើតតទៅទៀត ដោយសារបញ្ហាផ្ទៃក្នុងរបស់បក្សមិនអាចដោះស្រាយបាន បើទោះជាមានការអត់ធ្មត់យ៉ាងណាក៏ដោយ ហើយមួយទៀតមិនពេញចិត្តនូវរបៀបដឹកនាំរបស់សម្តេចក្រុមព្រះដែលផ្តាច់ការ អត្តនោម័ត និងផ្ទុយពីឆន្ទៈសមាជិក សមាជិកា ដែលស្រលាញ់ការដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ ទើបបាននាំគ្នាពិភាក្សាហើយសម្រេច ចិត្តបង្កើតគណបក្សថ្មីមួយ ដោយទុកគណបក្ស ហ៊្វុនស៊ិនប៉ិច ថ្វាយសម្តេចក្រុមព្រះឲ្យដំណើរការតាមតែអំពើចិត្តព្រះអង្គនឹកឃើញទៅចុះ ពិសេសដើម្បីបញ្ចប់បញ្ហាដែលកើតមានមិនអាចមានផ្លូវដោះស្រាយគ្នាបាន។

លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ទៀតថា ក្រោយពីបង្រួបបង្រួមគ្នារួចមក អ្វីដែលលោកសោកស្តាយបំផុតនោះគឺ ព្រះកេរ្តិ៍ដំណែលរបស់ សម្តេចឪ សម្តេចតា ត្រូវបានគេដកចោល គឺស្លាកសញ្ញាបក្ស  រូបវិមានឯករាជ្យ ធ្វើឲ្យបាត់អស់នូវធាតុដើមរបស់បក្ស ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចឪ ដូច្នេះគណបក្សថ្មី «គណបក្សរួបរួមជាតិ ហៅកាត់ថា រ.រ.ជ.» បានសម្រេចនាំគ្នា យករូបវិមានឯករាជ្យ ដែលជាមរតករបស់សម្តេចឪ យកមករៀបចំជាស្លាកសញ្ញាគណបក្សឡើងវិញ ហើយលោកក៏កំពុងតែរៀបចំឯកសារដាក់ពាក្សស្នើសុំទៅក្រសួងមហាផ្ទៃក្នុងពេលឆាប់ៗនេះ។

លោកបានបញ្ជាក់ទៀតថា គណបក្សរួបរួមជាតិថ្មីនេះ មានលំនាំ គាំទ្ររាជានិយម រាជបល្ល័ង្គ ដូចគណបក្សហ៊្វុនស៊ិនប៉ិចដែរ ព្រោះទាំងអស់គ្នាគឺ ជាអ្នករាជានិយម ដើរតាមរបរាជានិយម ជាយូរមកហើយ ពិសេសគោរព ស្រលាញ់ ដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចឪ សម្តេចតា នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋនៃយើង។

លោកបន្តថា រ.រ.ជ.ពុំមានទំនោរទៅរកគណបក្សនយោបាយណាមួយនោះទេ គឺធ្វើខ្លួនឲ្យបានស្អាតល្អ គោរពតាមឆន្ទៈប្រជាពលរដ្ឋ ហើយបើកបេះដូងចំហ ចំពោះការចូលរួមពីគ្រប់គណបក្សនយោបាយទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស។ ចំពោះថវិកាគឺបានមកពី ការចូលរួមរបស់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការបក្សគ្រប់ខេត្ត-ក្រុង ។ បើទោះជាការបង្កើតបក្សថ្មីនេះលេច ចេញជារូបរាងហើយក្តី ក៏លោកពុំទាន់បញ្ជាក់ពីក្បាលម៉ាស៊ីនដឹកនាំនៅឡើយទេ គឺរង់ចាំការពិភាក្សាពីគណៈកម្មាធិការជាន់ខ្ពស់រួចរាល់សិន។

ទោះបីជាមានការលើកឡើងបែបនេះ ក៏ដោយ ក៏មានអ្នកវិភាគជាច្រើនបានលើកឡើងថា «ហ៊្វុនស៊ិនប៉ិចទីបំផុត ដើរមកដល់ផ្លូវបែកបាក់សាជាថ្មី ហើយគ្មានថ្ងៃនឹងទទួលបានជោគជ័យនោះឡើយ ទាំងសម្តេចក្រុមព្រះ ទាំងលោក ញឹក ប៊ុនឆៃ»៕

ទីបំផុតបញ្ហាផ្ទៃក្នុង របស់គណបក្ស ហ៊្វុនស៊ិនប៉ិច សម្រេចយកការ បែកបាក់គ្នា ដើម្បីបញ្ចប់បញ្ហា