កម្មករ​បន្ត​តវ៉ា​នៅ​រោងចក្រ​បន្ទាប់ពី​មាន​ការ​វាយ​ប្រហារ

កម្មករ​មួយ​ក្រុម​ដែល​អះអាង​ថា ពួក​ខ្លួន​បាន​ទទួល​រង​ការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​ច័ន្ទ​ដោយ​បុរស​ដែល​កាន់​កាំបិត​ប៉័ងតោ​និង​បំពង់​ទីប បាន​តវ៉ា​នៅ​ខាង​ក្រៅ​រោងចក្រ​ក្នុង​ខេត្ត​កណ្តាល​កាលពី​ថ្ងៃ​អង្គារ ដោយ​ទាមទារ​ឲ្យ​កម្មករ​ប្រាំបី​នាក់​ចូល​ធ្វើការ​វិញ ដែល​ពួកគេ​និយាយ​ថា ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​ដោយ​មិន​ត្រឹមត្រូវ។

លោក សៀង រិទ្ធី ប្រធាន​សម្ព័ន្ធ​សហជីព​សាមគ្គីភាព​​ការ​ងារ​កម្ពុជា (CLSU) បាន​និយាយ​ថា កម្មករ​រាប់​រយ​នាក់​បាន​តវ៉ា​នៅ​មុខ​រោងចក្រ ស្តាឡៃថ៍ អឹភែរឹល មេនូហ្វេកធឺរីង (Star Light Apparel Manufacturing) នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ 7NG ដើម្បី​ទាមទារ​ឲ្យ​កម្មករ​ប្រាំបី​នាក់​បាន​ត្រឡប់​ចូល​ធ្វើការ​វិញ។

លោក​បាន​និយាយ​ថា អ្នក​តវ៉ា​ក៏​បាន​អំពាវនាវ​ឲ្យ​រោងចក្រ​សង​ពួកគាត់​នូវ​ឡាន​មួយ​គ្រឿង​និង​ម៉ូតូ​ពីរ​គ្រឿង ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​សន្តិសុខ​ប្រហែល​៤០​នាក់ និង​ប៉ូលិស​ស្លៀក​ស៊ីវិល​ផ្សេងទៀត នៅ​ពេល​ដែល​ពួកគេ​វាយ​ប្រហារ​កម្មករ​កាលពី​ថ្ងៃ​ច័ន្ទ ដោយ​ធ្វើ​ឲ្យ​អ្នក​តវ៉ា​ប្រាំបី​នាក់​រង​របួស។

លោក រិទ្ធី បាន​និយាយ​ថា “កម្មករ​បាន​ទាមទារ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ទទួល​ខុសត្រូវ​ចំពោះ​ការ​ខូចខាត​ទ្រព្យ​របស់​កម្មករ ពីព្រោះ​សន្តិសុខ​មកពី​ក្រុមហ៊ុន​នេះ​បាន​បំផ្លាញ​ទ្រព្យ​ទាំង​នោះ​ក្នុង​ពេល​វាយ​ប្រហារ​កាលពី​ម្សិលមិញ”។

មេដឹកនាំ​សហជីព​រូប​នេះ​បាន​និយាយ​ថា លោក​កំពុង​ធ្វើការ​ជាមួយ​ក្រុម​មេធាវី​ដើម្បី​រៀបចំ​បណ្តឹង​ទៅ​នគរបាល​ខេត្ត ដោយ​ចោទ​រោងចក្រ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ថា​បាន​រៀបចំ​ការ​វាយ​ប្រហារ​នេះ ដែល​បាន​ធ្វើ​ឲ្យ​កម្មករ​ម្នាក់​ត្រូវ​ដេក​ពេទ្យ បន្ទាប់ពី​គេ​ប្រើ​កាំបិត​ប៉័ងតោ​កាប់​ត្រូវ​ចំ​ខ្នង។

លោក​ ផន ញឹក តំណាង​សម្ព័ន្ធ​សហជីព​សាមគ្គីភាព​​ការងារ​កម្ពុជា ដែល​នៅ​ក្នុង​ចំណោម​អ្នក​ដែល​និយាយ​ថា​ពួកគេ​បាន​រង​ការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​ច័ន្ទ​ដែរ​នោះ​បាន​និយាយ​ថា ការ​ចរចា​រវាង​សហជីព​និង​អ្នក​គ្រប់គ្រង​រោងចក្រ​នៅ​ការិយាល័យ​ស្រុក​ខ្សាច់​កណ្តាល​កាលពី​ថ្ងៃ​អង្គារ​បាន​បរាជ័យ នៅ​ពេល​ដែល​ថៅកែ​រោងចក្រ​ប្រកែក​មិន​កែប្រែ​ការ​សម្រេច​របស់​ខ្លួន​ដោយ​មិន​អនុញ្ញាត​ឲ្យ​កម្មករ​ដែល​ដេញ​ចោល​ពី​ការងារ​ប្រាំបី​នាក់​វិល​មក​ធ្វើការ​វិញ។

លោក ញឹក បាន​និយាយ​ថា “ក្រុមហ៊ុន​ប្រកាន់​ជំហរ​តឹងរ៉ឹង​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​សហជីព​ដែល​គេ​បណ្តេញ​ចោល​ប្រាំបី​នាក់​នោះ​ត្រឡប់​មក​ធ្វើការ​វិញ​ទេ ពីព្រោះ​ពួកគេ​បាន​ប្រាប់​ការ​ប្រជុំ​នោះ​ថា មនុស្ស​ប្រាំបី​នាក់​នេះ​ខ្ជិល​ធ្វើការ”។

លោក ឌិន ចាន់ឌី មន្ត្រី​មកពី​មន្ទីរ​ការងារ​ខេត្ត បាន​និយាយ​ថា ការ​ចរចា​នឹង​បន្ត​នៅ​ថ្ងៃ​នេះ​ទៀត។

លោក​បាន​និយាយ​ថា “យើង​នឹង​ព្យាយាម​ចរចា និង​ស្នើ​ក្រុមហ៊ុន​ឲ្យ​សមាជិក​សហជីព​ប្រាំបី​នាក់​នោះ​ត្រឡប់​ទៅ​ធ្វើការ​វិញ”។ តំណាង​រោងចក្រ និង តំបន់​សេដ្ឋកិច្ច​ពិសេស មិន​អាច​ទាក់ទង​បាន​ទេ៕ និត

 

The post កម្មករ​បន្ត​តវ៉ា​នៅ​រោងចក្រ​បន្ទាប់ពី​មាន​ការ​វាយ​ប្រហារ appeared first on ខេមបូឌា ដេលី.