ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ក្នុង​អំ​ទ្បុ​ង​ពេល​ជាង​៣​ខែ​ចុង​ក្រោយ​នេះ គឺ​ចន្លោះ​ចុងឆ្នាំ​២០១៥ និង​ដើមឆ្នាំ​២០១៦ ក្នុង​ខណៈ​ពេល​ដែល​លោក សំ កុសល ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្តកោះកុង ចូល​កាន់​តំណែង​ជំនួស​លោក ប៉ា​ង វ​ណ្ច​ថន មក​មានរឿង​អាស្រូវ ត្រូវ​បាន​ផ្ទុះ​ចេញ​មក​ខាងក្រៅ ដោយសារ​តែ​លោក​ប្រធាន​សាខា​ថ្មី​រូប​នេះ គាត់​អនុម័ត​នីតិវិធី​ប្រមូលប្រាក់​ពន្ធ ផ្ទុយ​ពី​សេចក្តីណែនាំ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ជា​ពិសេស​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឱ្យ​រឹត​បន្តឹង​ការ​ប្រមូលប្រាក់​ពន្ធ​ឱ្យ​បាន​១០០​ភាគរយ ។

ប្រភព​ដែល​សិ្ន​ទ្ធិ​នឹង​សាខា​គយ​កោះកុង បាន​ទម្លាយ​រឿងអាស្រូវ​ដែល​ជា​នីតិវិធី​ប្រមូលប្រាក់​ពន្ធ​របស់​មេ​គយ​ថ្មី​ឈ្មោះ សំ កុសល ឱ្យ​ដឹង​ថា សេចក្តីណែនាំ​របស់​អគ្គនាយក​ដ្ឋាន​គយ គឺ​ការ​បង់ពន្ធ​រាល់​មុខទំនិញ គឺ​ត្រូវ​ដឹង​អំពី​បរិមាណ​ទំនិញ និង​ឈ្មោះ​មុខទំនិញ ទើប​យើង​រក​ឃើញ​ប្រាក់​ពន្ធ​សរុប ព្រោះ​មុខទំនិញ​នីមួយ​ៗ​គឺ​មាន​អា​ត្រា​បង់ពន្ធ​ខុស​​គ្នា ។ ប៉ុន្តែ​សម្រាប់​នីតិវិធី​រក​ចំណូល​ប្រាក់​ពន្ធ​របស់​លោក​មេ​គយ​សំ កុសល គឺ​គាត់​បញ្ជា​ផ្ទាល់មាត់​ឱ្យ​កូនចៅ​ក្រោម​ឱវាទ​ម៉ៅ​ការ​បង់ពន្ធ​ទៅ​វិញ ។

ជាក់ស្តែង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ កុម្ភៈ មាន​ទូក​ដឹក​ទំនិញ​គ្រប់មុខ​មួយ​គ្រឿង ក្នុង​នោះ​មាន​បង្កប់​ទំនិញ​ដែល​មាន​អត្រាពន្ធ​ខ្ពស់ ដូច​ជា​ភេសជ្ជៈ​គ្រប់មុខ និង​ស្រា​បៀរ ដែល​ជា​ផលិតផល​របស់​ប្រទេស​ថៃ ដូច​ជា លី​អូ​បៀរ ឆាង​បៀរ និង​ប្រេងម៉ាស៊ីន ទូរទស្សន៍ ដែល​គេ​ដាក់​កប់​ពីក្រោម​ទំនិញ​ក្រុមហ៊ុន​ដែល​មាន​ចំណុះ​ប្រមាណ​៤០​តោន នាំ​ចូល​ពី​ប្រទេស​ថៃ មក​ចូល​ចត​នៅ​កំពង់​ផែ​របស់​ក្រុមហ៊ុន ហើយ​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា ជា​ទំនិញ​របស់​ក្រុមហ៊ុន​រស្មី​រតនៈ ។ យ៉ាង​ហោច​ណាស់ ទំនិញ​ទាំងនេះ​ត្រូវ​បាន​គេ​នាំ​ចូល​យ៉ាងតិច​ក៏​ចំនួន​២​ទូក​ធំ​ៗ​ដែរ ក្នុង​មួ​យស​ប្តា​ហ៍ ហើយ​មិន​ដែល​មាន​មន្ត្រី​គយ​ណា​ម្នាក់​ទៅ​ពិនិត្យ​មើល​ការ​លើកដាក់​ទំនិញ​ចេញពី​ទូក​ចូល​ឃ្លាំង រួច​ចេញពី​ឃ្លាំង​លើកដាក់​រថយន្ត​បន្ត​ដឹក​ទៅ​រាជធានី​ភ្នំពេញ​ទៀតដែរ ។ មន្ត្រី​គយ​មួយ​ក្រុម​ប្រាប់​ថា មេ​សាខា​គយ​បាន​អនុវត្ត​នីតិវិធី​ម៉ៅ​ការ​បង់ពន្ធ​តែ​ម្តង ដោយ​មិនបាច់​ពិនិត្យ​ទំនិញ ។ ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ទូក​ដឹក​ទំនិញ​របស់​ក្រុមហ៊ុន​រស្មី​រតនៈ​នេះ ត្រូវ​បាន​មេ​គយ​ខាងលើ​បញ្ជា​ដោយ​ផ្ទាល់មាត់​សរសេ​រវិ​ក័យ​ប​ត្រ​ទទួល​ប្រាក់​ពន្ធ តែ​១០​លាន​៥​សែន​រៀល​ប៉ុណ្ណោះ និង​ប្រាក់​ថ្លៃ​ម្ហូប​សម្រាប់​សាខា​គយ​ទាំងមូល​ចំនួន​៤​លាន​រៀល​ទៀត​ប៉ុណ្ណោះ លើ​មាត់​លោក​សំ កុសល ។ ប្រភព​ដដែល​បន្ត​ទៀត​ថា បើ​តាម​ការ​អនុវត្តន៍​នីតិវិធី​បង់ពន្ធ មុន​ពេល​ដែល​លោក សំ កុសល មក​កាន់​តំណែង​ជា​មេ​គយ​នៅ​ពេល​នេះ ទំនិញ​ខាងលើ​ក្នុង​មួយ​ទូក ត្រូវ​ដឹក​បន្ត​ទៅ​ភ្នំពេញ ប្រហែលជា​៤​រថយន្ត​យី​ឌុ​ប ។ ហេតុនេះ​ការ​អនុវត្ត​វិធី​ម៉ៅ​ការ​បង់ពន្ធ​របស់​មេ​គយ​ថ្មី ធ្វើ​ឱ្យ​បាត់ប្រាក់​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ផ្ទុយ​ពី​អនុសាសន៍​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ឱ្យ​រឹត​បន្តឹង​ការ​ប្រមូលប្រាក់​ពន្ធ​ឱ្យ​បាន​១០០​ភាគរយ​នេះ ។ ប្រភព​ដែល​ស្និទ្ធ​នឹង​សាខា​គយ​ដដែល​បង្ហើប​ទៀត​ថា សព្វថ្ងៃ​ក្រុមហ៊ុន​ដែល​នាំ​ទំនិញ​ចូល​ពី​ប្រទេស​ថៃ​ចូល​មក​ស្រុក​ខ្មែរ​តាម​ច្រក​កោះកុង​មាន​ច្រើន​ទៀត មិនមែន​មាន​តែ​ក្រុមហ៊ុន​រស្មី​រតនៈ​នេះ​មួយ​ទេ ប៉ុន្តែ​លោក​ប្រធាន​សាខា​បាន​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​អនុវត្ត​នីតិវិធី​ម៉ៅ​ការ​បង់ពន្ធ ដោយ​មិនបាច់​ពិនិត្យ​និង​មិនបាច់​រាប់មុខ​ទំនិញ​ដូច​ៗ​គ្នា​អី​ុ​ចឹ​ង​ដែរ ។

ប្រភព​លេចឮ​ក្រៅផ្លូវការ​ពី​មន្ត្រី​គយ​ថ្នាក់ទាប​បាន​ប្រាប់​ថា បង់​ចំណូល​រដ្ឋ​ធូ​រលូង​បែប​នេះ មាន​កម្រិត​ទាប​មែន ប៉ុន្តែ​គេ​មិន​ភ្លេច​បង់​ជូន​លោក​ប្រធាន​សាខា​ទេ ដែល​គេ​សង្ស័យ​បាន​និយាយ​គ្នា​រួច​ហើយ ជា​រឿង​បង់​ដាច់​ទៅ​លើ​លោក​ប្រធាន​តែ​ម្នាក់ ។ រឿង​ច​ចេ​េ​ច​ច​ចូ​ចបែប​នេះ វា​ធ្លាយ​ចេញ​តាំង​តែ​ពី​លោក​ប្រធាន​សាខា​មក​កាន់​តំណែង​បាន​មួយ​ខែ​ម្ល៉េះ ដែល​គេ​ខ្សិ​ប​ថា មិនធម្មតា​ទេ ។

កោះសន្តិភាព​បាន​ទាក់ទង​ទូរស័ព្ទ​ទៅ​លោក​ប្រធាន​សាខា​គយ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​រឿងអាស្រូវ​ខាងលើ​នេះ​ដែរ ប៉ុន្តែ​ទូរស័ព្ទ​ចូល​ហើយ គ្មាន​អ្នក​ទទួល ។

ព័ត៌មាន​ពិស្តារ​នឹង​ផ្សាយ​ជូន​នៅ​លើ​សារព័ត៌មាន​កោះសន្តិភាព​បន្ត​ទៀត ៕