ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​ព្រៃវែង ៖ មន្ត្រី​បសុពេទ្យ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ និង​មន្ត្រី​មក​ពី​នាយកដ្ឋាន​បាន​រួម​គ្នា ​ចុះ​ពិនិត្យ​និង​ព្យាបាល​​ជំងឺ​សត្វ​គោ ក្របី និង​ជ្រូក​ រាប់រយ​ក្បាលរបស់​ប្រជា​កសិករ​នៅ​ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ​កាលពី​ព្រឹក​ថ្ងៃ​ទី​២ ​កុម្ភៈ​ ​ដើម្បី​បង្ការ ​និង​ការពារ​កុំឱ្យ​សត្វ​ទាំងនោះ ឆ្លង ឬ​កើត​ជំងឺ​ផ្សេង​ៗ ជា​ពិសេសជំងឺ​អុតក្តាម ​។

លោក ពេជ្រ ប៉េ​ដា មន្ត្រី​មក​ពី​នាយកដ្ឋាន​ផលិតកម្ម​ និង​បសុព្យាបាល និង​ជា​តំណាងគម្រោងSPSរបស់​ធនាគារអភិវឌ្ឍអាស៊ី បាន​មាន​ប្រសាសន៍​ថា ការ​បើក​យុទ្ធនាការ​ចុះពិនិត្យ​ព្យាបាល​ជំងឺ​សត្វ​គោ ក្របី ជ្រូក និង​បាញ់ថ្នាំ​ជីវចម្រុះ​តាម​លំនៅ​ឋាន​​របស់​​ប្រជា​កសិករ​​នេះ ​ដើម្បី​ជួយ​ព្យាបាលសត្វ​របស់​ពួក​គាត់ឱ្យ​ជា​សះស្បើយ​ពី​ជំងឺ​អុ​ដ​ក្តាម និង​ការពារ​កុំឱ្យ​ជំងឺ​នេះ ឆ្លង​រាលដាល​ទៅ​ដល់​សត្វ​ដទៃ​ទៀត​ទាំង​ក្នុង​តំបន់និង​ក្រៅ​តំបន់​ ។

លោក ពេជ្រ ប៉េ​ដា បាន​បញ្ជាក់​ថា សត្វ​គោ ក្របី និង​ជ្រូក​ទាំង​អស់នេះ មាន​តួនាទី​សំខាន់​ណាស់ ពីព្រោះ​ក្រៅពី​មុខងារ​ជា​យាន​អូស​ទាញនៅ​ក្នុង​ការងារ​កសិកម្ម​នោះ ប្រជា​កសិករ​ក៏​អាច​លក់​យក​ប្រាក់ដោះ​ស្រាវ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​​​ផង​ដែរ ដូច្នេះ​ហើយ​ទើប​ពួក​គាត់​នាំ​គ្នា​ចិញ្ចឹមក្នុង​១​ផ្ទះ​ៗ​ចាប់ពី​៤​ក្បាល​​ទៅ​២០​ក្បាល​ឯណោះ​ ។

មន្ត្រី​បសុពេទ្យ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បានឱ្យ​​ដឹង​ថា នៅ​ទូ​ទាំង​ខេត្ត ​​មាន​តែ​ឃុំ​កំពង់​សឹ​ង្ហ ស្រុក​ព្រះស្តេច​នេះ​១​ទេ ដែល​មាន​សត្វ​គោ ក្របី កើត​ជំងឺ​អុ​ដ​ក្តាមច្រើន​ជាងគេ គឺ​នៅ​ភូមិ​ភ្នៀ​ត ភូមិ​តា​ម៉ៅ ភូមិ​ស្កូវ ភូមិ​កណ្តាល និង​ភូមិ​ជម្រៅ ​ដោយឡែក​ ស្រុក​ផ្សេង​ៗ​ទៀត មាន​កើត​តិចតួច​ប៉ុណ្ណោះ ​​​ត្រូវ​បាន​ព្យាបាលទប់ស្កាត់​ទាន់​ពេលវេលា​ហើយ​ដែរ​ ។ ក្រៅពី​ពី​ការ​ពិនិត្យ​ព្យាបាល​ជំងឺ​អុ​ដ​ក្តាម លើ​សត្វ​គោ ក្របី ជ្រូក មន្ត្រី​ពេទ្យសត្វ​ក៏​បានបាញ់ថ្នាំ​វ៉ាក់សាំង ការពារ​ជំងឺឆ្លង​ផ្សេង​ៗ នៅ​តាម​រោង​គោ ក្របី និង​ទ្រុងមាន់ ទា ជ្រូក និង​ជុំវិញ​បរិវេណ​ផ្ទះ​របស់​ប្រជា​កសិករ​ផង​ដែរ ​៕