ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តសៀមរាប ៖ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​ខេត្ត​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន OPEN NET ម្នាក់​ក្នុង​ចំណោម​៤​នាក់ ដែល​បាន​លួច​កាច់ក​ម៉ូតូ រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​មណ្ឌល​១ សង្កាត់​សា្វ​យ​ដង្គំ ក្រុង​សៀមរាប ខណៈ​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​នៅ​តាម​មាត់​ស្ទឹង ដឹកនាំ​លោក​វរសេនីយ៍ឯក ភឹង ចិន្តា​រ៉េ​ត នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តសៀមរាប បានឱ្យ​កម្លាំង​ក្រោម​ឱវាទ​ចុះ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង និង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្វាយ​ដង្គំ ដោយ​មានការ​សហការ​ល្អជា​មួយ​ពលរដ្ឋ ទើប​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៤​នាក់​ភា្ល​ម​ៗ​ផង​ដែរ ។

លោក​វរសេនីយឯក ភឹង ចិន្តា​រ៉េ​ត នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តសៀមរាប បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៣​កុម្ភៈ​នេះ​ថា ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៤​នាក់​ដែល​ចាប់ខ្លួន​បាន​មានឈ្មោះ យោន វី​ណា អាយុ​២៩​ឆ្នាំ មុខរបរ​បុគ្គលិក​របស់​ក្រុមហ៊ុន OPEN NET មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប មានស្រុក​កំណើត​នៅ​ភូមិ​រំចេក​៤ សង្កាត់​រតន ក្រុង​/​ខេត្តបាត់ដំបង បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។

លោក​បន្ត​ថា ខណៈ​ពេល​ដែល​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ​រួច​នាំ​យក​មក​សួរ​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​ខេត្តសៀមរាប មូលហេតុ​ដោយសារ​តែ​ជន​នេះ​បាន​ជាប់​ពាក់ព័ន្ធ ករណី​ល្មើស​ជា​ច្រើន​ដូច​ជា​លួច​កាច់​សោ​.​ក​ម៉ូតូ ក្លែងបន្លំ​ឯកសារ​ម៉ូតូ ដូច​ជា ធ្វើ​ស្លាក​លេខ និង​កាត​គ្រី​ក្លែងក្លាយ​ជាដើម ។

លោកនាយ​កា​រិ​យាយ​ល័យ​បន្ត​ថា ក្រោយ​ពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ យោន វី​ណា បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​និង​បក្ខពួក​ផ្សេង​ទៀត​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​តាម​រូបភាព​ផ្សេង​ៗ​ដូច​ជា ធ្វើ​ជា​អ្នកទិញ​ដី​/​លក់​ដី រួច​ខ្ចី​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​ធ្វើ​ជា​ជ្រុះ​លុយ ពេល​ជន​រង​គ្រោះ​ចុះ​រើស គ្នីគ្នា​ផ្សេង​ទៀត​មក​លួច​យក​ម៉ូតូ​តែ​ម្តង ។ បន្ទាប់​ពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ​រួច​មក កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ម៉ូតូ​ជន​រង​គ្រោះ​២​គ្រឿង និង​ម៉ូតូ​របស់​ជនសង្ស័យ​សម្រាប់​ជិះ​ធ្វើ​សកម្មភាព​១​គ្រឿង​, ស្លាក​លេខ​ដោះ​ទុក​សម្រាប់​ដូរ​ចំនួន​៣​មាន (​សៀមរាប 1L-5371, សៀមរាប 1T-5702 និង កំពង់ធំ 1F-8349), មួក​សុវត្ថិភាព​២ ,​ម៉ាស៊ីន​ឆាប​ថ្ម​១, ម៉ែត្រ​១, កញ្ចក់​ម៉ូតូ​៤​គូ និង​ឧបករណ៍​មួយ​ចំនួន​ធំ​ផង​ដែរ ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​មួយ​ចំនួន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

លោក​វរសេនីយឯក ភឹង ចិន្តា​រ៉េ​ត នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​កម្ពុជា ជា​ពិសេស​ខេត្តសៀមរាប បើ​បងប្អូន​បាន​បាត់​ម៉ូតូ សូម​មក​ទាក់ទង​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្តសៀមរាប ៕