ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រាជ​ធានីភ្នំពេញ ៖ ជនជាតិ​ចិន​បើករថយន្ត​រវល់​តែ​ចុច​ទូរស័ព្ទ​ ត្រូវ​រថយន្ត​យី​ឌុ​ប​បត់​ស្តាំ​កៀរ​បណ្តាល​ឲ្យ​ធ្លាក់​កាង​ខាង​​មុខ ​​មិន​មាន​អ្នក​រង​របួស​ទេ​ ​ប៉ុន្តែ​បាន​​បង្ក​​ឱ្យ​មាន​ការ​​កកស្ទះ​ចរាចរណ៍​ជាង​២​ម៉ោង ​កាល​ពី​​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ថ្ងៃ​ទី​២ ខែកុម្ភៈ ​ទល់មុខ​ស្ថានីយប្រេងឥន្ធនៈ​សូ​គី​មិច ផ្លូវ​វ៉េ​ង​ស្រេង​ ស្ថិត​នៅភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព​ត៌​មានបាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​​ឃើញរថយន្ត​ប្រភេទ​យី​ឌុ​បម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​សលាយ​ខៀវ ​ពាក់​ស្លាក​លេខភ្នំពេញ 3B-7009 ធ្វើ​ដំណើរ​តាម​ផ្លួ​វ​វ៉េ​ង​ស្រេង ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​​កើតហេតុ​ បាន​ស៊ី​ញូ​​ស្តាំ​បម្រុង​​បត់​​ទៅ​ផ្លូវ​៣០​ម៉ែត្រ ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ឡិច​ស៊ី​សRX300 ពណ៌​ស  ពាក់​ស្លាក​លេខភ្នំពេញ​2AH-0515 ​​បើក​បរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ​អាយុ​៣០​ឆ្នាំ ​ក្នុង​ទិស​ដៅ​ស្របគ្នា​រវល់​តែ​ចុច​ទូរស័ព្ទ មិន​បាន​មើល​រថយន្ត​យី​ឌុ​បប​ត់ក៍​បើករថយន្ត​ទៅ​អែប​ជាប់​ចំហៀង​ខាងស្តាំ បណ្ដាល​ឲ្យ​រថយន្ត​យី​ឌុ​ប​​កៀរ​ជាប់​ក្បាល​រថយន្ត​​ខាង​មុខ និង​ធ្លាក់​កាង​ជ្រុះ​ដល់​ដី ភ្លាម​ៗ​នោះអ្នក​បើករថយន្ត​បង្ក​​ចុះ​​រត់គេច​ខ្លួន​បាត់​​​ បន្សល់​ទុក​រថយន្ត​នៅ​កណ្ដាលផ្លូវ ធ្វើឱ្យ​​កកស្ទះ​ចរាចរណ៍អស់​រយៈពេល​ជាង​២​ម៉ោង ទើប​សមត្ថកិច្ចទៅ​​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​វាស់វែង រួច​បើករថយន្ត​យក​ទៅអែប​កៀន ដើម្បី​បញ្ចៀស​​ការ​កក​ស្ទះ​ចរាចរណ៍​​ ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​ទាំង​​២​គ្រឿង​ ​ត្រូវ​សមត្ថកិច្ច​​​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕