សហគមន៍​ព្រៃឡង់​នៅ​ខេត្ត​កំពង់ធំ​ថា​បទល្មើស​ព្រៃ​ឈើ​នៅ​តែ​កើត​ឡើង​ដដែល

ប្រជា​សហគមន៍​នៅ​តំបន់​ព្រៃឡង់ ខេត្ត​កំពង់ធំ លើក​ឡើង​ថា ចំណាត់​ការ​របស់​រាជ​រដ្ឋាភិបាល​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​តំបន់​ព្រៃ​នៅ​ឡើយ។ ការ​លើក​ឡើង​បែប​នេះ ក្រោយ​ពេល​ពួកគេ​តាម​ដាន​ពី​សកម្មភាព​បទល្មើស​នៅ​តំបន់​ព្រៃឡង់ គឺ​ឃើញ​មាន​សកម្មភាព​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​នៅ​តែ​បន្ត​កើត​មាន​ឡើង​ដដែល។

បើ​ទោះ​បី​ជា​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បង្កើត​ឡើង​បាន​មួយ​រយៈពេល​ហើយ​ក៏ដោយ ប៉ុន្តែ​ប្រជា​សហគមន៍​ព្រៃឡង់ នៅ​ខេត្ត​កំពង់ធំ នៅ​តែ​បារម្ភ​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​មួយ​នេះ។ ក្តី​បារម្ភ​របស់​ពួកគាត់ ពីព្រោះ​ប្រសិទ្ធភាព​របស់​គណៈកម្មការ​ជាតិ គឺ​នៅ​មិន​ទាន់​អាច​ទប់ស្កាត់​សកម្មភាព​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​បាន។

បណ្ដាញ​ស្នូល​ព្រៃឡង់ ខេត្ត​កំពង់ធំ លោក ជុំ យីន មាន​ប្រសាសន៍​ថា ត្បិត​តែ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​រាជរដ្ឋាភិបាល​កំពុង​បំពេញ​សកម្មភាព​របស់​ខ្លួន​ក៏ដោយ ប៉ុន្តែ​លោក​មើល​ឃើញ​ថា បទល្មើស​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃឡង់​នៅ​តែ​កើត​មាន​ឡើង។

លោក​បន្ត​ថា គណៈកម្មាធិការ​ជាតិ​មួយ​នេះ ត្រូវ​ចេញ​សកម្មភាព​របស់​ខ្លួន​ឆ្ពោះ​មក​តំបន់​ព្រៃឡង់ ដែល​ជា​ជម្រក​ព្រៃឈើ​យ៉ាង​ធំ ទើប​អាច​ធានា​ថា ព្រៃឈើ​នឹង​មិន​អាច​បាត់បង់​បន្ថែម​ទៀត៖ «ឈ្មួញ​និង​បុគ្គល​មាន​អំណាច​មួយ​ចំនួន គាត់​ផ្ដល់​ជា​ថវិកា ឬ​ជា​ម៉ាស៊ីន​អារ​ឈើ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃឈើ»

​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា រាជរដ្ឋាភិបាល​សម្រេច​បង្កើត​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ឡើង។ គណៈកម្មាធិការ​នេះ មាន​ភារកិច្ច​សំខាន់ៗ​មួយ​ចំនួន ដូចជា​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​កាប់​ឈើ ការ​នាំ​ចេញ​ឈើ​ខុសច្បាប់ និង​បទល្មើស​ព្រៃឈើ​ផ្សេងៗ នៅ​ភាគ​ឦសាន​នៃ​ប្រទេស ព្រមទាំង​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​កាប់ និង​នាំ​ឈើ​ល្មើស​ច្បាប់។ បន្ថែម​ពី​នេះ ត្រូវ​ចាប់​ជនល្មើស និង​វត្ថុ​តាង ដើម្បី​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ និង​សហការ​ជាមួយ​ភាគី​វៀតណាម និង​ឡាវ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព។

ក្រោយ​ពេល​បង្កើត​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ រួច​កម្លាំង​កងរាជអាវុធហត្ថ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត បាន​ចុះ​ពិនិត្យ​កន្លែង​ស្តុក​ឈើ​ប្រណីត​នៅ​តំបន់​មួយ​ចំនួន រួម​មាន​នៅ​ស្រុក​មេមត់ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ដោយ​រក​ឃើញ​កំណាត់​ឈើ​រាប់ពាន់​ដុំ និង​រាប់​រយ​ដើម។ មិន​តែ​ប៉ុណ្ណោះ កម្លាំង​របស់​គណៈកម្មការ​ជាតិ​មួយ​នេះ ក៏​បាន​រក​ឃើញ​កន្លែង​ស្តុក​ឈើ​របស់​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី ជាដើម។

ទាក់ទង​បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី មាន​ប្រសាសន៍​ថា នៅ​ពេល​បង្កើត​គណៈកម្មការ​ជាតិ​ឡើង ប្រធាន ព្រមទាំង​សមាជិក​ទាំង​អស់​បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ធ្វើ​យ៉ាង​ណា​អនុវត្ត​ការងារ​ឱ្យ​បាន​ជោគជ័យ។ លោក​បន្ត​ថា ក្រោយ​ពេល​បង្កើត​គណៈកម្មការ​នេះ​រួច ភាព​ជោគជ័យ​គឺ​មាន​មួយ​ចំនួន ដូចជា រាល់​បទល្មើស​ឆ្លងដែន​ចេញ​ទៅ​ក្រៅ​ប្រទេស​ទាំង​អស់ គឺ​លែង​មាន ហើយ​ជនល្មើស​នៅ​ក្នុង​ព្រៃ ក៏​ត្រូវ​បាន​កាត់​បន្ថយ​ដែរ៖ «អ៊ីចឹង​យើង​ឃើញ​ថា ជោគជ័យ​របស់​យើង គឺ​មិន​មាន​ការ​នាំ​ឈើ​ចេញ​នៅ​តាម​ព្រំដែន​ទេ ដោយសារ​តែ​យើង​បិទ​មួយ​រយៈ ទាំង​ស្រប​ច្បាប់ ទាំង​មិន​ស្រប​ច្បាប់ គឺ​យើង​បិទ​ដើម្បី​ត្រួតពិនិត្យ»

​បើ​ទោះ​បី​ជា​មាន​ការ​លើក​ឡើង​បែប​នេះ​ក្តី វិធានការ​របស់​រាជ​រដ្ឋាភិបាល គឺ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន រួម​ទាំង​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​រឿង​ព្រៃឈើ នៅ​មិន​ទាន់​មាន​ទំនុក​ចិត្ត​នៅ​ឡើយ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​ខ្លះ​លើក​ឡើង​ថា ចំណាត់​ការ​របស់​រាជ​រដ្ឋាភិបាល​ពេល​នេះ ធ្វើ​ឡើង​អាច​គ្រាន់តែ​ល្អ​មើល ឬ​គ្រាន់តែ​លួង​ចិត្ត​រាស្ត្រ ដើម្បី​ប្រមូល​ប្រជាប្រិយភាព​មក​វិញ​ប៉ុណ្ណោះ។

ក្រោយ​ពេល​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ រក​ឃើញ​កន្លែង​ស្តុក​ឈើ​ជា​ច្រើន​កន្លែង រួម​នឹង​កន្លែង​លាក់​ឈើ​ប្រណីត​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​ក៏ដោយ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ គ្មាន​វិធានការ​ផ្លូវ​ច្បាប់​ណា​មួយ​ចំពោះ​ក្រុមហ៊ុន និង​បុគ្គល​មាន​អំណាច​ទាំង​នោះ​ឡើយ ក្រោម​ហេតុផល​ថា មន្ត្រី​សមត្ថកិច្ច​កំពុង​ស៊ើប​អង្កេត​លើ​ករណី​ទាំង​នោះ។ ផ្ទុយ​ទៅ​វិញ គំនរ​ឈើ​របស់​ក្រុមហ៊ុន​មួយ​ចំនួន​ដូចជា​ក្រុមហ៊ុន ប៊ិញភឿក រ៉ាប់ប៊ើរ ១ (Binh Phouc Rubber 1) នៅ​ខេត្ត​មណ្ឌលគិរី ត្រូវ​បាន​ដុត​ចោល​ដើម្បី​បំបាត់ដាន ហើយ​ឈើ​ប្រណីត​ជា​ច្រើន​នៅ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​ឈ្មួញ​យក​ទៅ​ចាក់ចោល ឬ​កប់​ដី​ជាដើម។

យ៉ាង​ណា​អ្នក​សម្របសម្រួល​បណ្ដាញ​ស្នូល​ព្រៃឡង់ ទាំង​បួន​ខេត្ត លោក សេង សុខហេង មាន​ប្រសាសន៍​ថា តាម​ការ​សង្កេត និង​ចុះ​ល្បាត​ព្រៃ​ថ្មីៗ​នេះ បង្ហាញ​ថា បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់ គ្មាន​ការ​ថយ​ចុះ​ទេ ព្រោះ​គោលដៅ​របស់​គណៈកម្មការ​ជាតិ ឆ្ពោះ​ទៅ​តំបន់​ភូមិភាគ​ឦសាន ច្រើន​ជាង​តំបន់​ព្រៃឡង់។

លោក​បន្ត​ថា ជា​យន្តការ​របស់​រាជ​រដ្ឋាភិបាល​កន្លង​មក គឺ​មិន​មាន​ប្រសិទ្ធភាព​ឡើយ ពោល​គឺ​បាន​តែ​មួយ​រយៈ​ពេល​ខ្លី ក្រោយ​មក​ក៏​ស្ងាត់​បាត់​ទៅ​វិញ ចំណែក​បទល្មើស​នៅ​តែ​កើត​មាន​ឡើង​ដដែល៖ «បើ​យើង​មើល​បណ្ដាញ ឬ​ក្រុម​អ្នក​រក​ស៊ី​ឈើ​តូចៗ នៅ​ក្នុង​ព្រៃ​នៅតែ​រកស៊ី​ដដែល»

អ្នក​សម្របសម្រួល​បណ្ដាញ​ស្នូល​ព្រៃឡង់ ដដែល​និយាយ​ទៀត​ថា ដើម្បី​ឱ្យ​ការងារ​របស់​រាជ​រដ្ឋាភិបាល​មាន​ប្រសិទ្ធភាព គឺ​ត្រូវ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍​តាម​មូលដ្ឋាន។ លើស​ពី​នេះ អាជ្ញាធរ​ត្រូវ​យក​ច្បាប់​មក​អនុវត្ត ដូចជា​ត្រូវ​ចាប់​ខ្លួន​មន្ត្រី​រាជរដ្ឋាភិបាល​ឯកឧត្ដម ឧកញ៉ា អ្នក​មាន​បុណ្យស័ក្ដិ​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​រក​ស៊ី​ឈើ​នៅ​ស្រុក​ខ្មែរ​យក​មក​ផ្ដន្ទាទោស ដើម្បី​ជា​ការ​ព្រមាន​ដល់​អ្នក​រក​ស៊ី​ឈើ​ផ្សេង​ទៀត។

​ព្រៃឡង់ ត្រូវ​បាន​គេ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​សកម្មភាព​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច និង​សង្គមកិច្ច ព្រមទាំង​សកម្មភាព​រុករក​រ៉ែ។ ការ​កាប់​ឈើ និង​ការ​ទន្ទ្រានព្រៃ​ដោយ​ខុស​ច្បាប់ ដោយ​មាន​ពាក់ព័ន្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន រហូត​ដល់​អាជ្ញាធរ​ខេត្ត​មួយ​ចំនួន ហើយ​ជា​រឿយៗ មាន​ទាហាន​ការពារ​នៅ​ពី​ក្រោយ​ខ្នង​ទៀត​ផង។ ដី​សម្បទាន​សេដ្ឋកិច្ច​ខ្លះ ត្រូវ​បាន​ផ្ដល់​ដោយ​មិន​ស្របច្បាប់ និង​ខ្លះ​ទៀត​មិន​បាន​គោរព​តាម​ច្បាប់ ព្រមទាំង​មិន​បាន​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន ឬ​ការ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជា​សហគមន៍​មូលដ្ឋាន​ឡើយ។ សហគមន៍​ទាំង​នោះ បាន​បាត់បង់​ដី​ព្រៃ​ប្រពៃណី និង​ធនធាន​ធម្មជាតិ​ដែល​ពួកគេ​ធ្លាប់​ពឹង​អាស្រ័យ​ដើម្បី​រស់​ប្រចាំថ្ងៃ​ជាដើម៕ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។