អាជ្ញាធរ​ខេត្ត​កំពង់ធំ​ប្ដេជ្ញា​ដោះស្រាយ​បញ្ហា​នៅ​សេសសល់​ឲ្យ​បាន​នៅ​ឆ្នាំ​២០១៦

អាជ្ញាធរ​ខេត្ត​កំពង់ធំ លើក​ឡើង​ថា នៅ​ឆ្នាំ​២០១៦ នេះ ពួក​គេ​នឹង​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ដីធ្លី​ពលរដ្ឋ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ទៀត​ឲ្យ​ទទួល​បាន​ជោគជ័យ។ ការ​លើក​ឡើង​បែប​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កង្វល់ ឬ​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។ ការ​ប្ដេជ្ញា​ចិត្ត​របស់​អាជ្ញាធរ​ខេត្ត គឺ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​មន្ត្រី​សង្គម​ស៊ីវិល។

បញ្ហា​មួយ​ចំនួន​ដែល​អាជ្ញាធរ​ខេត្ត​គ្រោង​នឹង​ខិតខំ​ដោះស្រាយ​ឲ្យ​បាន​សម្រេច​នៅ​ឆ្នាំ​២០១៦ រួម​មាន បញ្ហា​ដីធ្លី បញ្ហា​បទល្មើស​ព្រៃ​ឈើ បទល្មើស​នេសាទ និង​ការ​ពង្រឹង​សន្តិសុខ​ភូមិ-ឃុំ​មាន​សុវត្ថិភាព ជាដើម។ អាជ្ញាធរ​ខេត្ត​សង្ឃឹម​ថា បញ្ហា​នៅ​សេសសល់​ទាំងឡាយ នឹង​អាច​ដោះស្រាយ​បាន​ក្រោយ​ពេល​មាន​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់​ជាតិ។

អភិបាល​ខេត្ត​កំពង់ធំ លោក អ៊ុត សំអន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ កុម្ភៈ ថា ក្រោយ​ពេល​មាន​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​ក្រុម​ការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​២ កុម្ភៈ អាជ្ញាធរ​ខេត្ត​នេះ​តាំង​ចិត្ត​ថា នឹង​ដោះស្រាយ​បញ្ហា​សេសសល់​ទាំង​នោះ​ឲ្យ​បាន​លទ្ធផល​ជា​ផ្លែ​ផ្កា។ អាជ្ញាធរ​ក៏​បាន​ដាក់​ចេញ​ជា​យុទ្ធសាស្ត្រ​មួយ​ចំនួន សម្រាប់​ដឹក​នាំ​ក្នុង​ឆ្នាំ​២០១៦ ដូចជា បង្កើន​សកម្មភាព​ចុះ​ធ្វើ​វេទិកា​សាធារណៈ ចុះ​ពិនិត្យ និង​ផ្ទៀងផ្ទាត់ ព្រម​ទាំង​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​តំបន់​បី នៅ​ស្រុក​ចំនួន​ប្រាំ ក្នុង​ខេត្ត​កំពង់ធំ ដើម្បី​បញ្ចៀស​បញ្ហា​បន្ត​ទៀត៖ «ហើយ​នៅ​សេសសល់ យើង​នឹង​បន្ត​ធ្វើ​ការងារ​ដើម្បី​សម្រេច​លើ​កង្វល់ ឬ​បញ្ហា​របស់​ប្រជាពលរដ្ឋ»

ការ​ប្រកាស​ប្ដេជ្ញា​ចិត្ត​របស់​អាជ្ញាធរ​ខេត្ត​ពេល​នេះ ត្រូវ​បាន​មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​កំពង់ធំ លោក ប្រាក់ សារ៉ាន់ សម្ដែង​ការ​គាំទ្រ និង​ជំរុញ​ឲ្យ​អាជ្ញាធរ​បន្ត​ការងារ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​បន្ត​ទៀត។ លោក​ថា ប្រសិន​បើ​ការ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​មាន​ប្រសិទ្ធភាព អាជ្ញាធរ​ខេត្ត​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាជន៖ «ព្រោះ​កាលណា​បញ្ហា ក៏ដូចជា​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ដាក់​មក​យូរ​មិន​អាច​ដោះស្រាយ គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់​ជំនឿ​លើ​ច្បាប់ និង​អាជ្ញាធរ​ស្រុក-ខេត្ត»

ជាមួយ​គ្នា​នេះ សកម្មជន​ការពារ​ព្រៃ​ឡង់​ស្រុក​សណ្ដាន់ លោក ជុំ យីន រីករាយ​ចំពោះ​ការ​តាំង​ចិត្ត​របស់​អាជ្ញាធរ​ខេត្ត​ពេល​នេះ។ ជាង​នេះ​ទៀត​លោក​ថា អាជ្ញាធរ​ខេត្ត​គប្បី​សហការ​ជាមួយ​ប្រជា​សហគមន៍​តាម​មូលដ្ឋាន ដើម្បី​ចូលរួម​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព ពីព្រោះ​កិច្ច​សហការ​រវាង​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ជាមួយ​ប្រជា​សហគមន៍​កន្លង​មក នៅ​មិន​ទាន់​ល្អ​ប្រសើរ​ទេ៖ «នៅ​ពេល​យើង​ចាប់​គំនរ​ឈើ​បាន​ហើយ យើង​ទាក់ទង​ទៅ​មន្ត្រី​ជំនាញ ពិសេស​ខាង​រដ្ឋបាល​ព្រៃ​ឈើ គាត់​តែង​ជាប់​រវល់»

សកម្មជន​ព្រៃ​ឡង់​ដដែល​មាន​ជំនឿ​ថា បញ្ហា​នានា​ដែល​កើត​ឡើង​នៅ​តំបន់​ព្រៃ​ឡង់ ពិសេស​បទល្មើស​ព្រៃ​ឈើ នឹង​អាច​កាត់​បន្ថយ នៅ​ពេល​អាជ្ញាធរ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ហើយ​ពួក​គេ​ចូលរួម​សកម្មភាព​ជាមួយ​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ឈើ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។