ក្រសួង​មហាផ្ទៃ​មិន​សប្បាយ​ចិត្ត​នឹង​លទ្ធផល​នៃ​ច្បាប់​ចរាចរណ៍​ថ្មី

ទើបតែ​ជាង​មួយ​ខែ​បន្ទាប់ពី​ការ​បង្ហាញ​កម្លាំង​ជា​សាធារណៈ​ដើម្បី​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ងឿង​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​កើន​ឡើង​ក្នុង​កម្រិត​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដដែល ក្នុង​អំឡុង​កិច្ច​ប្រជុំ​មួយ​កាលពី​ថ្ងៃ​ច័ន្ទ ជាមួយ​នគរបាល កង​រាជ​អាវុធហត្ថ និង​មន្ត្រី​រដ្ឋាភិបាល។

ទោះជា​មាន​ការ​ចាប់​ប្រើ​ច្បាប់​នេះ​នៅ​ថ្ងៃ​ទី​១​ខែ​មករា​ក៏ដោយ ក៏​លោក ស ខេង បាន​មាន​ប្រសាសន៍​ថា ក្រសួង​មហាផ្ទៃ និង​ក្រសួង​សាធារណការ​បាន​កត់ត្រា​ចំនួន​អ្នក​ស្លាប់​និង​របួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែ​មករា ដែល​មាន​មនុស្ស​១៨២​ស្លាប់​និង​៩៥១​នាក់​រង​របួស គឺ​ច្រើន​ជាង​ក្នុង​ខែ​ធ្នូ ដែល​មាន​១៤៨​នាក់​ស្លាប់​និង​៨៨១​នាក់​របួស។

លោក ស ខេង បាន​សួរ​អ្នក​ស្តាប់​លោក​ថា “យើង​ចាំបាច់​រក​មូលហេតុ​ឲ្យ​ឃើញ។ ហេតុអ្វី​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​កើន​ឡើង?”

បន្ទាប់មក​លោក​បាន​លើក​ជា​គំនិត​មួយ​ចំនួន​ដោយ​ដំឡើង​សំឡេង​កាន់តែ​ខ្លាំង​អំពី​របៀប​ព្យាយាម​ដោះស្រាយ​នូវ​អ្វី​ដែល​លោក​បាន​និយាយ​ថា ជា​មូលហេតុ​ចម្បង​នៃ​គ្រោះថ្នាក់ នោះ​គឺ​ការ​បើកបរ​លឿន​ជាង​ច្បាប់​កំណត់​និង​ការ​បើកបរ​ទាំង​ស្រវឹង។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា ជំហាន​ដំបូង​គឺ​ថា យើង​ចាំបាច់​ត្រូវ​ប្រើ​ឧបករណ៍​ទំនើប​ដើម្បី​ចាប់​អ្នក​ដែល​បើកបរ​លឿន​ជាង​ច្បាប់​កំណត់ និង​ថត​មុខ ហើយ​និង​ភិនភាគ​អ្នក​បើកបរ”។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​នគរបាល​ចរាចរ​ល្បាត​ពី​ម៉ោង​១១​យប់​ដល់​ម៉ោង​៣​យប់ ដើម្បី​ព្រមាន​អ្នក​បើកបរ​ស្រវឹង។

លោក ស ខេង បាន​មាន​ប្រសាសន៍​ថា “យើង​គួរ​ដឹង​ថា​មាន​ហាង​ស៊ី​ផឹក​ប៉ុន្មាន! យើង​ដាក់​រថយន្ត​[នគរបាល]​ប្រចាំការ​ក្បែរ​នោះ ហើយ​ម្ចាស់​ហាង​ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច និង​ប្រាប់​សមត្ថកិច្ច បើ​មាន​នរណា​ម្នាក់​ស្រវឹង​ត្រូវការ​ឲ្យ​យើង​ជួយ”។

លោក​បាន​បន្ថែម​ថា “បើ​នគរបាល​អាច​ចាប់​បាន​មនុស្ស​តែ​ពីរ​ឬ​បី​នាក់ ពួកគេ​នឹង​ចាប់​ផ្តើម​រាង​ចាល”។

ឆ្លើយតប​នឹង​លោក ស ខេង លោក អ៊ូ សំអន អភិបាល​ខេត្ត​កំពង់​ស្ពឺ បាន​មាន​ប្រសាសន៍​ថា លោក​ជឿ​ថា អ្នក​បើកបរ​ឡាន​ធំ​គ្មាន​ប័ណ្ណ​បើកបរ​ជា​កត្តា​រួម​ចំណែក​សំខាន់​ចំពោះ​ការ​ស្លាប់​និង​របួស​កម្មករ ដែល​ប្រើ​ឡាន​ទាំង​នោះ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​មក​ធ្វើការ។

លោក សំអន បាន​មាន​ប្រសាសន៍​ថា យោង​តាម​ការ​ស្ទង់​មតិ​ក្រៅ​ផ្លូវការ​ដែល​លោក​បាន​ធ្វើ​ក្នុង​ជំនួប​ពីរ​ដោយ​ឡែក​ពី​គ្នា ជាមួយ​អ្នក​បើក​ឡាន​ធំៗ​ក្នុង​ខេត្ត​របស់​លោក​កាលពី​ខែ​មុន ភាគច្រើន​មិន​មាន​ប័ណ្ណ​បើកបរ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “ក្នុង​ស្រុក​គងពិសី ក្នុង​ចំណោម​អ្នក​បើកបរ​៣៦៥​នាក់ មាន​តែ​មួយ​ភាគ​បី​ប៉ុណ្ណោះ​មាន​ប័ណ្ណ​បើកបរ។ ហើយ​នៅ​ស្រុក​ឧដុង្គ ក្នុង​ចំណោម​អ្នក​បើកបរ​៣០០​នាក់ មាន​តែ​ម្នាក់​ប៉ុណ្ណោះ​មាន​ប័ណ្ណ​បើកបរ”៕ និត

 

The post ក្រសួង​មហាផ្ទៃ​មិន​សប្បាយ​ចិត្ត​នឹង​លទ្ធផល​នៃ​ច្បាប់​ចរាចរណ៍​ថ្មី appeared first on ខេមបូឌា ដេលី.