ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​នគរបាល​ស្រុក​/ក្រុង​​ និង​ខេត្ត​សហ​ការ​គ្នា ​​​​​ចាប់​ជនសង្ស័យ​៤​នាក់​ជា​បន្តបន្ទាប់ ក្នុង​បទ​រក្សា​ទុក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន ​កាលពី​រសៀល​ថ្ងៃ​ទី​២ ខែកុម្ភៈ នៅ​ស្រុក​បរិបូរ​ណ៏ និង​ព្រឹក​ថ្ងៃ​ទី​៣ ខែកុម្ភៈ នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​សរុប១៦​កញ្ជប់ ។

​មន្ត្រី​​​​នគរបាល​ការិយាល័យ​បង្ក្រាប​គ្រឿងញៀនបានឱ្យ​​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២ ​ខែកុម្ភៈ ​​នគរបាល​​​ចាប់​ជនសង្ស័យ​បាន​​​២​នាក់ ម្នាក់​ ឈ្មោះ ង្វៀ​ង យ៉ាំ​ង​លី អាយុ​២២​ឆ្នាំ និងម្នាក់​ទៀត​ឈ្មោះ យ៉ យ៉ាំ​ង​ថាវ អាយុ​១៤​ឆ្នាំ ទាំង​២​នាក់​ជា​ជនជាតិ​វៀតណាម ស្នាក់​នៅ​នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៏ ។ ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ​ខែ​កុម្ភៈ ​នគរបាល​​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យចំនួន​២​នាក់​ទៀត​ នៅ​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ​។ ​ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ហាក់ សុ​ផា​ណែ​ត អាយុ​៣២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ រាជ ម៉ា​រ៉ា​ឌី ហៅ​ប៉ង់ អាយុ​២១​ឆ្នាំ ទាំង​២​នាក់​មានទីលំនៅ​ភូមិ សង្កាត់ខាងលើ ។ ​ចំណែក​វត្ថុ​តាងដែល​ដក​ហូប​បាន​ មាន​ថ្នាំ​ញៀន ម៉ា​ទឹកកក​ចំនួន​១៦​កញ្ចប់​​ដាវ​សា​មូ​រ៉ៃ​​៣​​ ជញ្ជីង​​១ ម៉ូតូ​១​គ្រឿង និង​ឧ​បករ​ណ៏​សម្រាប់​ជក់និង​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត ។

​ជនសង្ស័យ​ទាំង​៤​នាក់ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​​នគរបាល​កសាង​សំណុំរឿង​បញ្ជូនទៅ​​សាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់​ការ​​តាម​នី​តិ​វិធី ៕