សមត្ថកិច្ច​ថៃ​តាម​ចាប់​អាជីវករ​ខ្មែរ​តវ៉ា​នៅ​​ផ្សារ​រុងក្លឿ

សមត្ថកិច្ច​ថៃ កំពុង​តាម​ចាប់​ខ្លួន​ក្រុម​អាជីវករ​ខ្មែរ ដែល​តវ៉ា​វាយ​រថយន្ត​​ថៃ ខណៈ​សមត្ថកិច្ច​ចុះ​ចាប់​ទំនិញ​​នៅ​ផ្សារ​រុងក្លឿ ក្នុង​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ។

ប្រធាន​ក្រុម​ការងារ​ទំនាក់​ទំនង​កម្ពុជា-​ថៃ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក សៅ វាសនា មាន​ប្រសាសន៍​ថា​ សមត្ថកិច្ច​ថៃ ផ្នែក​កម្មសិទ្ធិ​បញ្ញា​មក​ពី​ទី​ក្រុង​បាងកក ចុះ​ចាប់​ទំនិញ​ក្លែងក្លាយ​របស់​អាជីវករ​ខ្មែរ ដែល​ដាក់​លក់​នៅ​ផ្សារ​រុងក្លឿ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ និង​បាន​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​​ជាមួយ​ពលរដ្ឋ​ខ្មែរ។

លោក​អះអាង​ថា ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​នោះ​ ពលរដ្ឋ​ខ្មែរ​បាន​ទៅ​វាយ​រថយន្ត​របស់​សមត្ថកិច្ច​ថៃ ដោយសារ​​ពួកគេ​ខឹងសម្បា​នឹង​ការ​ចុះ​ចាប់​ទំនិញ​របស់​ពួកគាត់៖ «បាទ! ទំនិញ​ដែល​ពលរដ្ឋ​ខ្មែរ​នាំ​ចូល គឺ​ដោយ​​ការ​លួច​លាក់​តាម​ច្រក​ព្រំដែន​កម្ពុជា-​ថៃ ក្នុង​រូបភាព​ដោយ​ការ​ត្រូវ​រ៉ូវ​​គ្នា​រវាង​សមត្ថកិច្ច​ថៃ និង​អាជីវករ​ខ្មែរ។ ប៉ុន្តែ​​យើង​ពុំ​ដឹង​ថា ពួកគាត់​នាំ​ទំនិញ​ចូល​នៅ​ពេល​ណា​នោះ​ទេ»

លោក​ សៅ វាសនា បន្ថែម​ថា​ ក្រោយ​ពី​ការ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​ភ្លាមៗ​នោះ​ សមត្ថកិច្ច​ថៃ បាន​ចាប់​ក្រុម​អ្នក​វាយ​រថយន្ត​របស់​សមត្ថកិច្ច​ថៃ តែ​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​បាន​​រត់​គេច​ខ្លួន​នៅ​ផ្សារ​រុងក្លឿ។ រហូត​ដល់​ពេល​នេះ​ សមត្ថកិច្ច​ថៃ​ ពុំ​ទាន់​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​បាន​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។