លោក សម រង្ស៊ី គ្រោង​ស្នើ​រដ្ឋសភា​ធ្វើ​ច្បាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​អាច​បោះ​ឆ្នោត​បាន

មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​សន្យា​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ខ្លួន​នៅ​ប្រទេស​កាណាដា (Canada) ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ផ្ញើ​ទៅ​សភា ដើម្បី​ឲ្យ​ជនជាតិ​ខ្មែរ​រស់នៅ​ឯ​នាយ​សមុទ្រ មាន​សិទ្ធិ​បោះ​ឆ្នោត​បាន​ដូច​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​មួយ​ចំនួន​ទៀត។

ឆ្លើយ​តប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី នេះ ថា​គ្រាន់​តែ​ជា​ការ​ឃោសនា​នយោបាយ​បែប​ប្រជាភិថុតិ​តែ​ប៉ុណ្ណោះ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ មាន​សិទ្ធិ​បោះ​ឆ្នោត​ដូច​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ដែរ។ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ប្រទេស​កាណាដា កាល​ពី​ថ្ងៃ​ទី​២ កុម្ភៈ ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​រក្សា​វប្បធម៌​សន្ទនា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រើប្រាស់​វប្បធម៌​សន្ទនា​ជជែក​គ្នា ដើម្បី​ធ្វើ​ច្បាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទិសទី អាច​មាន​សិទ្ធិ​បោះ​ឆ្នោត​បាន​នៅ​អាណត្តិ​ទី​៦ ខាង​មុខ«បើ​មាន​តំណាង​រដ្ឋាភិបាល លោក ហ៊ុន សែន មក​កាណាដា មក​ចង់​ទំនាក់ទំនង បង​ប្អូន​សួរ​ទៅ ថា​ឥឡូវ​រៀបចំ​ឲ្យ​ខ្មែរ​មាន​សិទ្ធិ​បោះ​ឆ្នោត អា​ហ្នឹង​ចាំ​យើង​និយាយ​គ្នា ទទួល​ស្គាល់​តម្លៃ​ជា​ខ្មែរ​សិន តែ​បើ​មើលងាយ​យើង ចាត់​យើង​នៅ​ក្រៅ​ប្រទេស​គ្មាន​សិទ្ធិ​បោះ​ឆ្នោត ចឹង​ប្អូន​គាំទ្រ​ធ្វើ​អី? ចាំ​គេ​ឲ្យ​តម្លៃ​សិន ចាំ​និយាយ​គ្នា​ត​ទៅ​ទៀត»

ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី ជា​ថ្មី​ទៀត​នៅ​ពេល​នេះ គឺ​នៅ​ក្រោយ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បរាជ័យ​ក្នុង​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ឆ្នាំ​២០១៤ នៅ​ខណៈ​គណបក្ស​ទាំង​ពីរ​ពិភាក្សា​គ្នា​អំពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត បន្ទាប់​ពី​គណបក្ស​ទាំង​ពីរ​បាន​បញ្ចប់​ជម្លោះ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ នោះ។

ការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​នោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ជិត​ខាង មាន​សិទ្ធិ​បោះ​ឆ្នោត​ដែរ ដូចជា​នៅ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី ជាដើម ក៏ប៉ុន្តែ​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រម​នោះ​ឡើយ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ចាត់​ទុក​ការ​រំឭក​ឡើង​វិញ​របស់ លោក សម រង្ស៊ី ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​មាន​សិទ្ធិ​បោះ​ឆ្នោត​បាន​នេះ ជា​ឧបាយកល​ឃោសនា​របស់ លោក សម រង្ស៊ី តែ​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក សុខ ឥសាន អះអាង​ថា ជា​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ចង់​ឲ្យ​មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ មាន​សិទ្ធិ​បោះ​ឆ្នោត​ដែរ តែ​មិន​មែន​ពេល​នេះ​ទេ ពីព្រោះ​ថា ការ​បង្កើត​ច្បាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​មាន​សិទ្ធិ​បោះ​ឆ្នោត​បាន​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ​នោះ គឺ​មាន​នីតិវិធី​ស្មុគស្មាញ​ច្រើន«មិន​មែន​ថា​គណបក្ស​ប្រជាជន​កម្ពុជា មិន​ចង់​នោះ​ទេ ក៏ប៉ុន្តែ​ឧទាហរណ៍​គ្រាន់​តែ​បង​ប្អូន​ចំណាក​ស្រុក​នោះ ក៏​មិន​ដឹង​ដោះស្រាយ​យ៉ាង​ណា​ដែរ? ធ្វើ​ការិយាល័យ​បោះ​ឆ្នោត​កន្លែង​ណា? ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​កន្លែង​ណា? តើ​អ្នក​ណា​ទទួល​ខុស​ត្រូវ? អា​ហ្នឹង​មាន​នីតិវិធី​ស្មុគស្មាញ​ច្រើន​ទៀត មិន​មែន​ធ្វើ​លេងៗ​បាន​ទេ»

ឆ្លើយ​តប​បញ្ហា​នេះ អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​កិច្ចការ​បោះ​ឆ្នោត បាន​ពន្យល់​ថា ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ មាន​សិទ្ធិ​បោះ​ឆ្នោត​បាន មិន​មែន​ជា​ការ​លំបាក​នោះ​ទេ ប៉ុន្តែ​បញ្ហា​សំខាន់​នៅ​ត្រង់​ថា តើ​គណបក្ស​កាន់​អំណាច​មាន​ឆន្ទៈ​ពិត​ប្រាកដ​ចង់​ធ្វើ​ច្បាប់​នេះ​ដែរ​ឬ​អត់?

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វែ្រល (COMFREL) លោក គល់ បញ្ញា បាន​លើក​ជា​ឧទាហរណ៍​នៅ​ប្រទេស​ភូមា ដែល​ជា​ប្រទេស​ទើប​កាន់​របប​ប្រជាធិបតេយ្យ​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ​នោះ គឺ​បាន​រៀបចំ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស មាន​សិទ្ធិ​បោះ​ឆ្នោត​បាន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ពេល​ថ្មីៗ​នេះ«នៅ​ភូមា ក្រៅ​ពី​ហ្នឹង​មនុស្ស​ឈឺ​នៅ​ក្នុង​មន្ទីរពេទ្យ គេ​រៀបចំ​ចុះ​ឈ្មោះ និង​បោះ​ឆ្នោត​បាន​គេ​មាន​ក្រុម​គេ​រៀបចំ។ ឥឡូវ​ប្រព័ន្ធ​ចុះ​ឈ្មោះ​យើង​ធ្វើ​តាម​ប្រព័ន្ធ​កុំព្យូទ័រ (Computer) យើង​កាន់​តែ​ងាយ​ស្រួល​ទៀត អាច​រៀបចំ​ចុះ​ឈ្មោះ​ឲ្យ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ទៅ​បោះ​ឆ្នោត​បាន​នៅ​ស្ថានទូត តែ​សំខាន់​អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ​ទេ វា​មិន​ងាយ​ស្រួល​ទេ តែ​សំខាន់​គេ​ធ្វើ​បាន ដូចជា​នៅ​ភូមា អ៊ីចឹង គេ​ធ្វើ​បាន»

កាល​ពី​ចុង​ខែ​មករា ប្រធាន​គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ លោក ហ៊ាង ឬទ្ធី បាន​ដាក់​លិខិត​ទៅ​ប្រធាន​សហភាព​អឺរ៉ុប (EU) និង​ប្រធាន​អង្គការ​ចៃកា (JICA) ស្នើសុំ​សហភាព​អឺរ៉ុប និង​អង្គការ​ចៃកា មេត្តា​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត រៀបចំ​បង្កើត​ឲ្យ​មាន​ការិយាល័យ​ចុះ​ឈ្មោះ និង​ការ​បោះ​ឆ្នោត​នៅ​តាម​បណ្ដា​ប្រទេស​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ចុះ អិម.អូ.យូ (MOU) ជាមួយ ក្នុង​ការ​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ទាំង​នោះ រួម​មាន ប្រទេស​ថៃ ម៉ាឡេស៊ី និង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ការ​ស្នើសុំ​នេះ ដោយសារ លោក ហ៊ាង ឬទ្ធី យល់​ឃើញ​ថា សហភាព​អឺរ៉ុប និង​អង្គការ​ចៃកា ដែល​តំណាង​ឲ្យ​រដ្ឋាភិបាល​ជប៉ុន គឺ​ជា​អ្នក​ចូលរួម​ផ្នែក​បញ្ចូល​ទិន្នន័យ និង​ជា​អាជ្ញា​កណ្ដាល​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨។

អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត លើក​ឡើង​ថា ការ​មិន​រៀបចំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​មាន​សិទ្ធិ​បោះ​ឆ្នោត​បាន គឺ​ដោយសារ​តែ​គណបក្ស​ជាប់​ឆ្នោត មិន​សូវ​គិត​អំពី​សិទ្ធិ​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ថា គណបក្ស​នយោបាយ​គិត​តែ​ពី​ការ​យក​ឈ្នះ​ចាញ់​គ្នា​ក្នុង​ការ​បោះ​ឆ្នោត​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។