អង្គការ​តម្លាភាព​កម្ពុជា​ស្នើ​លុប​ចោល​មាត្រា​៤១​នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ

អង្គការ​តម្លាភាព​កម្ពុជា ស្នើ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឬ​ស្ថាប័ន​ពាក់ព័ន្ធ លុប​មាត្រា​៤១ នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ចោល ដើម្បី​ការពារ​សាក្សី​ និង​អ្នករាយការណ៍ ដែល​នេះ​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ចូលរួម​ប្រឆាំង​អំពើ​ពុករលួយ។ សំណើ​នេះ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ឡើយ​ទេ ខណៈ​ដែល​អ្នកច្បាប់​យល់​ថា គួរ​ទុក​មាត្រា​នេះ​សិន។

នាយក​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល លើក​ឡើង​ថា ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ដំណើរការ​ប្រឆាំង​អំពើ​ពុករលួយ គឺ​ត្រូវ​លុប​មាត្រា​៤១ នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ ព្រោះ​ជា​ឧបសគ្គ​ដល់​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​ទប់ស្កាត់​អំពើ​ពុករលួយ។ លោក​បន្ត​ថា មាត្រា​នេះ បង្ក​ការ​ព្រួយ​បារម្ភ​ដល់​ពលរដ្ឋ​ដែល​អ្នក​រាយការណ៍​អាច​ប្រឈម​នឹង​ការ​ពិន័យ​ជា​ប្រាក់ និង​ដាក់​ពន្ធនាគារ៖ «»។

មាត្រា​៤១ នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ចែង​ថា បទ​ប្ដឹង​បណ្ដឹង​បរិហារ​ដោយ​ភូត​កុហក អំពើ​ប្ដឹង​បរិហារ​ដោយ​ភូត​កុហក​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ឬ​តុលាការ​នូវ​អង្គហេតុ​បទល្មើស​ពុករលួយ កាល​បើ​អំពើ​នេះ​នាំ​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​ដោយ​អត់​ប្រយោជន៍​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ ទៅ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល ទៅ ១​លាន​រៀល។

ក្រៅ​ពី​ស្នើ​ឲ្យ​លុប​មាត្រា​៤១ ចោល លោក ព្រាប កុល យល់​ថា ប្រទេស​កម្ពុជា ត្រូវ​ដល់​ពេល​មាន​ច្បាប់​ស្ដីពី​ការ​ការពារ​សាក្សី និង​អ្នក​រាយការណ៍ ខណៈ​ដែល​បណ្ដា​ប្រទេស​ជឿនលឿន​មាន​ច្បាប់​នេះ ហើយ​ប្រទេស​ទាំង​នោះ​ចំណេញ​លុយ​រាប់​លាន​ដុល្លារ​ពី​ការ​លុប​បំបាត់​អំពើ​ពុករលួយ។ លោក​ថា នៅ​ពេល​នេះ អ្នក​រាយការណ៍ ឬ​សាក្សី ត្រូវ​បាន​ការពារ​ដោយ​ច្បាប់ គឺ​ជំរុញ​ឲ្យ​ពលរដ្ឋ​ទូទៅ​ក្លាហាន ហ៊ាន​រាយការណ៍​ពី​ករណី​ពុករលួយ។

​ក្នុង​ចំណោម​អ្នក​រាយការណ៍​ទាក់ទង​អំពើ​ពុករលួយ​កន្លង​មក អង្គការ​តម្លាភាព​កម្ពុជា ​រក​ឃើញ​ថា មាន​អ្នក​រាយការណ៍​ខ្លះ​បាន​ប្រឈម​ផ្លូវ​ច្បាប់។

​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ឬ​អ្នក​នាំ​ពាក្យ​អង្គភាព​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ។ ចំណែក​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ក៏​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​រឿង​នេះ​ដែរ។

​និស្សិត​ផ្នែក​ច្បាប់​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច កញ្ញា ស៊ាង ទិត្យដារីយ៉ា ដែល​ធ្លាប់​រាយការណ៍​ករណី​ពុករលួយ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ យល់​ថា មាត្រា​៤១ នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ព្រួយ​បារម្ភ​ពេល​ដែល​រាយការណ៍​ករណី​ពុករលួយ។ កញ្ញា​យល់​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​លុបចោល​គួរ​តែ​ធ្វើ​វិសោធនកម្ម និង​សរសេរ​ច្បាប់​នេះ​ឡើង​វិញ​ឲ្យ​បាន​ច្បាស់៖ «»។

​ប្រធាន​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន គាំទ្រ​ការ​យល់​ឃើញ​របស់​អង្គការ​តម្លាភាព។ ប៉ុន្តែ​លោក​យល់​ថា ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​កន្លង​ទៅ មាត្រា​នេះ​មិន​មែន​ជា​ឧបសគ្គ​ដល់​អ្នករាយការណ៍​ទេ ដូច្នេះ​លោក​ថា គួរតែ​ទុក​ឲ្យ​អនុវត្ត​ច្បាប់​ទាំង​អស់​នេះ​សិន ហើយ​នៅ​ពេល​រក​ឃើញ​ចំណុច​ផ្សេងៗ​ច្រើន​ទៀត ដែល​ជា​ឧបសគ្គ​នោះ គឺ​ស្នើ​ឲ្យ​លុប ឬ​កែប្រែ​នូវ​មាត្រា​ទាំង​នោះ​តែម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។