មនុស្ស ៤នាក់រងរបួស ធ្ងន់ស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ

កំពង់ឆ្នាំង៖ យ៉ាងហោចណាស មនុស្សប្រុសស្រីចំនួន ៤នាក់ បានរងរបួសធ្ងន់និងស្រាល នៅក្នុងឧបទ្ទវហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយអ្នកជិះម៉ូតូ ម៉ាកវេវបានបើកយ៉ាងលឿន បុកម៉ូតូសង់កូរ៉េនៅចំណុច ផ្លូវបែកជា ៤ក្នុងដំណើរខ្វែងទិសគ្នា។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៦ ក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង-ខេត្តកំពង់ឆ្នាំង។

នគរបាលចរាចរណ៍ ក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា មុនពេលកើតហេតុឈ្មោះ ស្លា គីរី អាយុ ៣៥ឆ្នាំ ភេទប្រុស រស់នៅភូមិ-សង្កាត់កើតហេតុ បានបើកម៉ូតូម៉ាក សង់កូរ៉េ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1B–6106 ដឹកកូនប្រុសម្នាក់ អាយុ៤ឆ្នាំ ក្នុងទិសដៅពីកើតមក លិចក្នុងល្បឿនធម្យម ។ លុះមកដល់ចំណុច កើតហេតុជាផ្លូវបែកជា៤ ក៏មានម៉ូតូម៉ាកវេវ ពណ៌ខ្មៅ អត់ស្លាកលេខ ជិះគ្នា២នាក់ បើកបរលឿនទៅបុកម៉ូតូសង់កូរ៉េ បណ្តាលឲ្យបុរសឈ្មោះ ជា ប៊ុនធឿន អាយុ៤៤ឆ្នាំ ជាអ្នកបើកបរម៉ូតូវេវ មុខរបរជាសន្តិសុខ ក្លឹបអេសអេចផាលេស រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង រងរបួសធ្ងន់ និងនារីម្នាក់ជិះពីក្រោយឈ្មោះ ចាន់ ថុល រងបួសធ្ងន់ដូចគ្នា។ ដោយឡែកបុរសឈ្មោះ ស្លា គីរី និងកូនប្រុសអាយុ៤ឆ្នាំ ជិះម៉ូតូសង់កូរ៉េ បានរងរបួសស្រាល។

ក្រោយពេលកើតហេតុ អ្នករងរបួសទាំង ២នាក់ ត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យខេត្ត មកដឹកយកទៅសង្គ្រោះព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកម៉ូតូទាំង ២គ្រឿង ត្រូវបានសមត្ថកិច្ចដឹកយកទៅ រក្សាទុកនៅក្នុងអធិការដ្ឋាន នគរបាលក្រុងកំពង់ឆ្នាំង កសាងសំណុំរឿងតាមផ្លូវច្បាប់៕

មនុស្ស ៤នាក់រងរបួស ធ្ងន់ស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ

មនុស្ស ៤នាក់រងរបួស ធ្ងន់ស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ