ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​នៅ​ប៉ោយប៉ែត​តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ

ប្រជាពលរដ្ឋ​ប្រមាណ ៣០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជាង ៥០​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​៣ កុម្ភៈ នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ក្រុង ដើម្បី​ដាក់​សម្ពាធ​ឲ្យ​អាជ្ញាធរ ដោះស្រាយ​ផ្ដល់​សំណង​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស។

ការ​តវ៉ា​នេះ កើត​មាន​បន្ទាប់​ពី​ប្រជាពលរដ្ឋ ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ចំនួន ១៣​លើក​មក​ហើយ តែ​ពុំ​ទទួល​បាន​លទ្ធផល។

បន្ទាប់​ពី​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ប្រមាណ ១​ម៉ោង អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​តវ៉ា ចូល​ជួប​ពិភាក្សា​នៅ​សាល​ប្រជុំ​សាលា​ក្រុង ដើម្បី​ដោះស្រាយ​បញ្ហា​នេះ តែ​ពុំ​មាន​ច្រក​ចេញ​នៅ​ឡើយ។

តំណាង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប៉ោយប៉ែត គឺ​លោកស្រី វ៉ាន់ហឿត លីណា ថ្លែង​ថា ពួក​គេ​តវ៉ា​នេះ​ជា​លើក​ទី​១៤ ហើយ បន្ទាប់​ពី​អាជ្ញាធរ​ពុំ​បាន​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ផ្លូវ​រថភ្លើង​សមរម្យ ដែល​ពួក​គាត់​អាច​យក​ទៅ​សង់​ទីលំនៅ​ថ្មី​បាន។ លោកស្រី​បន្ថែម​ថា កន្លង​មក អាជ្ញាធរ​ពាក់ព័ន្ធ​បាន​សន្យា​ថា នឹង​ដោះស្រាយ​សំណង​ជូន​ពួក​គាត់​តាម​ការ​ជាក់ស្ដែង។ ផ្ទុយ​ទៅ​វិញ គឺ​អាជ្ញាធរ​ពុំ​បាន​ផ្ដល់​សំណង​អ្វី​ជូន​ពួក​គាត់​នោះ​ឡើយ៖ «អាជ្ញាធរ​គាត់​និយាយ​ថា អ្នក​តវ៉ា​ពុំ​មែន​ជា​អ្នក​ប៉ះពាល់​ផ្លូវ​រថភ្លើង ជា​រឿង​មិន​ត្រូវ​នោះ​ឡើយ ព្រោះ​ពួក​ខ្ញុំ​សុទ្ធតែ​ជា​អ្នក​នៅ​ចាស់ ខ្លះ​រស់នៅ​តាំង​ពី ១៩៩៦ និង​ខ្លះ​ទៀត​តាំង​ពី ២០០២ រហូត​មក»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា អាជ្ញាធរ​ក្រុង​ពុំ​មាន​ចេតនា​មិន​ដោះស្រាយ​សំណង​ប៉ះពាល់​ជូន​ពលរដ្ឋ​នោះ​ទេ។ លោក​ថា បញ្ហា​នេះ​ដោយសារ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អន្តរ​ក្រសួង៖ «បាទ! យើង​បាន​ប្រជុំ​លើក​ហេតុផល​ប្រាប់​ពួក​គាត់​ហើយ ថា​អន្តរ​ក្រសួង​គាត់​ចុះ​មក​ដោះស្រាយ​នៅ​សប្ដាហ៍​ក្រោយ ព្រោះ​រឿង​នេះ អាជ្ញាធរ​ក្រុង​យើង​អត់​មាន​សិទ្ធិ​ដោះស្រាយ​ជូន​ពួក​គាត់ គឺ​យើង​បាន​សម្រប​សម្រួល​ឲ្យ​ពួក​គាត់​ប៉ុណ្ណោះ»

យ៉ាង​ណា មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ធ្វើ​ការ​តវ៉ា​នេះ ដោយសារ​ពួក​គាត់​ជួប​ការ​លំបាក បន្ទាប់​ពី​អាជ្ញាធរ​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ដី​ទាំង​បង្ខំ ដោយ​ពុំ​មាន​ផ្ដល់​សំណង​ជូន​ពួក​គាត់​នោះ​ទេ។ លោក​អះអាង​ថា បញ្ហា​នេះ អាជ្ញាធរ​ក្រុង និង​មន្ត្រី​ពាក់ព័ន្ធ អាច​ដោះស្រាយ​សម្រួល​ពួក​គាត់​បាន ប្រសិន​បើ​អាជ្ញាធរ​មាន​ចេតនា​ពិត​ប្រាកដ​ក្នុង​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នោះ៖ «មន្ត្រី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត គិត​តែ​ឆ្លើយ​យក​រួច​ខ្លួន ពុំ​បាន​ដោះស្រាយ​ជូន​ពលរដ្ឋ ធ្វើ​ប៉ះពាល់​ជា​ខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គាត់។ ការ​ដោះស្រាយ​កន្លង​មក អាជ្ញាធរ​ច្រើន​លួងលោម​ប្រជាពលរដ្ឋ​ដោយ​ការ​សន្យា​ខ្យល់»

គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នៅ​កម្ពុជា ឧបត្ថម្ភ​ថវិកា​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី អេ.ឌី.ប៊ី (ADB) សាងសង់​ផ្លូវ​ដែក​ចំនួន​ពីរ​ខ្សែ គឺ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ និង​ពី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ កន្លង​មក ប្រជាពលរដ្ឋ​នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​នេះ​ប្រមាណ ៥០​គ្រួសារ ធ្លាប់​តវ៉ា​ឲ្យ​អាជ្ញាធរ​ក្រុង និង​មន្ត្រី​ពាក់ព័ន្ធ ដោះស្រាយ​ជា​បន្តបន្ទាប់។ កន្លង​ទៅ តំណាង​អ្នក​តវ៉ា​មួយ​ចំនួន ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន ដោយ​ចោទ​ប្រកាន់​ថា ពួក​គាត់​តវ៉ា​អូស​រូប​ទីងមោង​បង្ក​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។