សាក្សី​បដិសេធ​ថា​មិន​ដែល​ទទួល​បញ្ជា​សម្លាប់​ជនជាតិ​វៀតណាម​ក្នុង​របប​ខ្មែរ​ក្រហម

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​៣ កុម្ភៈ បញ្ចប់​សវនាការ​សួរ​ដេញដោល​សាក្សី មាស វឿន ទាក់ទង​នឹង​ការ​សម្លាប់​ជនជាតិ​វៀតណាម នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ សាក្សី​រូប​នេះ បដិសេធ​ការ​ពាក់ព័ន្ធ​ក្នុង​ការ​សម្លាប់​ជនជាតិ​វៀតណាម។

សាក្សី មាស វឿន អតីត​ជា​អនុ​មេ​បញ្ជាការ​កងពល​លេខ​១ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ រក្សា​ការ​អះអាង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៣ កុម្ភៈ ថា លោក​មិន​ដែល​បាន​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​ឲ្យ​សម្លាប់​ជន​ស៊ីវិល​ជនជាតិ​វៀតណាម ទេ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

លោក​បញ្ជាក់​ថា ពេល​ដែល​កងពល​របស់​លោក​ចាប់​បាន​ជនជាតិ​វៀតណាម ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ កាត់​តាម​ដែន​សមុទ្រ​ខ្មែរ​ខេត្ត​កោះកុង នោះ លោក​មិន​ដែល​សម្លាប់​ទេ ថ្វី​បើ​គោល​នយោបាយ​របប​កម្ពុជា​ប្រជាធិបតេយ្យ មិន​ឲ្យ​ជនជាតិ​វៀតណាម រស់នៅ​លើ​ទឹក​ដី​ខ្មែរ​ក៏ដោយ៖ «សំខាន់ គឺ​យួន ដែល​ថា​មិន​ឲ្យ​លើ​ទឹក​ដី​ខ្មែរ​នោះ មិន​មាន​ផែនការ​កម្ទេច​ទេ ព្រោះ​ថា​ឲ្យ​ប្រមូល​បញ្ជូន​មក​ឲ្យ​ថ្នាក់​លើ។ អា​ហ្នឹង​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ហើយ​នោះ។ អា​ហ្នឹង​ដែល​ខ្ញុំ​នៅ​ព្រំដែន។ នៅ​ខាង​ក្រោយ ខ្ញុំ​មិន​បាន​ទទួល​ទេ ព្រោះ​អី​ខ្ញុំ​បាន​ធ្វើ ដូច​ថា យួន ដែល​ខ្ញុំ​ចាប់​បាន​អ៊ីចឹង ខ្ញុំ​បញ្ជូន​មក​ខាង​លើ។ តែ​ផែនការ​ឲ្យ​កម្ទេច ខ្ញុំ​អត់​បាន​កម្ទេច​ទេ ខ្ញុំ​បញ្ជូន​មក​ថ្នាក់​ដឹក​នាំ​ខាង​លើ​របស់​ខ្ញុំ»

សាក្សី មាស វឿន ឲ្យ​ដឹង​ដែរ​ថា ជន​ភៀស​ខ្លួន​វៀតណាម ដែល​ចាប់​បាន​នៅ​ពេល​នោះ គឺ​ធ្វើ​ដំណើរ​តាម​ទូក​តូចៗ​ដែល​មាន​ចំនួន​ត្រឹម ១០​នាក់។ ការ​បញ្ជូន​ពួក​គេ​ទៅ​ថ្នាក់​លើ​នៅ​ក្រុង​កំពង់សោម គឺ​ជា​បញ្ជា​របស់​មេ​បញ្ជាការ​កងពល​របស់​លោក ឈ្មោះ សឿង៖ «គាត់​អត់​បាន​ឲ្យ​សម្លាប់​ទេ។ គាត់​ថា​បើ​ចាប់​ជនជាតិ​វៀតណាម ឬ​ក៏​ជនជាតិ​ណា​ក៏ដោយ ត្រូវ​រាយការណ៍​ឲ្យ​គាត់​ដឹង គាត់​នឹង​មាន​វិធានការ​បញ្ជូន​ទៅ​តាម​ថ្នាក់។ គាត់​ប្រាប់​អ៊ីចឹង​រួច​ស្រេច​ហ្នឹង បាន​ខ្ញុំ​ចាប់​បាន​ហើយ​បញ្ជូន​តាម​គាត់​ប្រាប់។ ខ្ញុំ​បញ្ជូន​ទៅ​កន្លែង​កង​អគ្គសេនាធិការ​គេ​នៅ​កំពង់សោម។ ខ្ញុំ​បញ្ជូន​ហើយ គេ​ដោះស្រាយ​យ៉ាង​ណា អា​ហ្នឹង​ខ្ញុំ​អត់​បាន​ដឹង​ទេ។ នោះ​ជា​រឿង​ផ្សេង​របស់​គេ​ខាង​នោះ»

សក្ខីកម្ម​របស់​សាក្សី មាស វឿន នេះ គឺ​ផ្ទុយ​គ្នា​នឹង​សក្ខីកម្ម​របស់​សាក្សី​អតីត​កងទ័ព​ជើង​ទឹក​នៃ​កងពល​លេខ​១៦៤ មួយ​រូប ដែល​បាន​ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា ថ្នាក់​លើ​បាន​បញ្ជា​ឲ្យ​សម្លាប់​ជនជាតិ​វៀតណាម នៅ​តាម​កោះ ឬ​លើ​ទូក ប្រសិន​បើ​ការ​ចាប់​បាន​នោះ​មាន​ចំនួន​តិច​ជាង ២០​នាក់។

សវនាការ​ស្ដាប់​ភស្តុតាង​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ រហូត​មក​ដល់​ពេល​នេះ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង នៅ​តែ​បន្ត​ផ្ដោត​លើ​ភស្តុតាង​ស្ដីពី​ការ​ប្រព្រឹត្ត​របស់​អាជ្ញាធរ​របប​កម្ពុជា​ប្រជាធិបតេយ្យ លើ​ក្រុម​គោលដៅ​ជាក់លាក់ គឺ​ជនជាតិ​វៀតណាម និង​អតីត​ទាហាន​នៃ​របប​សាធារណរដ្ឋ​ខ្មែរ។

សាក្សី មាស វឿន ថ្លែង​ថា លោក​បាន​ឮ​អំពី​មន្ទីរ​សន្តិសុខ​នៅ​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ការដ្ឋាន​សង់​វាល​យន្តហោះ​នៅ​ខេត្ត​កំពង់ឆ្នាំង ប៉ុន្តែ​លោក​មិន​បាន​ស្គាល់​ទីតាំង​ទាំង​នោះ​ទេ។

សវនាការ​នៅ​ថ្ងៃ​ទី​៣ កុម្ភៈ គឺ​ជា​សវនាការ​ចុង​ក្រោយ​សម្រាប់​សប្ដាហ៍​នេះ ហើយ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លើក​ទៅ​ធ្វើ​បន្ត​ទៀត​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៨ កុម្ភៈ សប្ដាហ៍​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។