ព័ត៌មាន​ជាតិ &raquo បរិស្ថាន

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ផ្សារ​អ្នក​លឿងចាស់ បាន​នាំ​គ្នា​រអ៊ូរទាំ​រឿង​គំនរ​សំរាម​ដែល​គរ​ឡើង​ស្ទើ​ដូច​ភ្នំ នៅ​ក្នុង​ផ្សារ​អ្នក​លឿងចាស់ ឬ​ផ្សារ​ក្រោម​រយៈពេល​៦-៧​ឆ្នាំ​មក​ហើយ ពុំដែល​ឃើញ​មាន​អ្នក​កើប​ចេញ​ទេ ហើយ​បច្ចុប្បន្ន​នេះ​ក្លិនស្អុយ​អសោច​នៃ​គំនរ​សំរាម​នេះ​បាន​កំពុង​ធ្វើ​អោយ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ផ្សារ​នេះ​។

ប្រជាពលរដ្ឋ​ទាំងនោះ​បានអោយ​ដឹង​ថា រឿង​សំរាម​នេះ​ក្រុម​អាជីវករ​ក្នុង​ផ្សារ ក៏​ដូច​ជា​ប្រជា ពលរដ្ឋ​ដែល​នៅ​ជុំវិញ​ផ្សារ បាន​បង់លុយ​អោយ​ក្រុម​អ្នកម៉ៅការ​ភាស៊ី​ផ្សារ ជា​រឿង​រាល់​ខែ មិន​ដែល​អាក់ខាន​ម្តងណា​ទេ ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច ទើប​ក្រុម​អ្នកម៉ៅការ​ភាស៊ី​ផ្សារ​នេះ មិន ព្រម​កើប​សំរាម​ទាំងនេះ​ចេញ​សោះ​ទុក​ឲ្យ​នៅ​គរ​ដូច​ភ្នំ ជះក្លិន​ស្អុយ​យ៉ាង​អសោច និង​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជា​ខ្លាំង​។ ដោយឡែក​ខាង​មន្ត្រី​បរិស្ថាន​ស្រុក ក៏​ដូច​ជា​អាជ្ញាធរ​ស្រុក មិន​ដែល​ឃើញ​ចុះ​មក​ពិនិត្យ​មើល​គំនរ​សំរាម​ទាំងនេះ​ទេ ទំនងជា​ត្រូវរ៉ូវ​គ្នា​ជាមួយ​ក្រុម​អ្នកម៉ៅការ​ភាស៊ី​ផ្សារ​អស់ហើយ​មើលទៅ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​រឿង​គំនរ​សំរាម​នេះ​កាលពី​ចុងខែ​កញ្ញា​២០១៥ អ្នក​យក​ព័ត៌មាន កោះសន្តិភាព ធ្លាប់​បាន​សាកសួរ​ទៅ​លោក សោម សុខុម តំណាង​ក្រុមហ៊ុន​ម៉ៅ​ការ​ភាស៊ី​និង​ប្រមូល​សំរាម​ក្នុង​ផ្សារ​អ្នក​លឿង​នេះ​ម្តង​រួច​មក​ហើយ ហើយ​លោក​បាន​អះអាង​ថា ក្រោយ​ពេល​ឆ្លងបុណ្យ​ភ្ជំ​ហើយ និង​ប្រមូល​កើប​ចេញ​អោយ​អស់ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ត្រឹមតែ​ឆ្លងបុណ្យ​ភ្ជំ​ទេ គឺ​ថែម​ទាំង​ឆ្លង​ឆ្នាំ​ទៀត​តែ​មិនឃើញ​មាន​អ្នក​មក​កើប​សំរាម​នេះ​ចេញ​ទេ​។

ពាក់​ព​ន្ធ័​នឹង​បញ្ហា​នេះ​ដែរ លោក ភុ​ន សម្ផស្ស អភិបាលស្រុក​ស្តីទី​ស្រុក​ពាម​រក៍ បានអោយ កោះសន្តិភាព​ដឹង​តាម​ទូរ​សព្ទ័​កាលពី​ព្រឹក​ថ្ងៃ​ទី​៣​កុម្ភៈ​ម្សិល​ម៉ិ​ញ​នេះ​ថា រឿង​នេះ​ពី​មុន​លោក​មិន​បានដឹង​ទេ ប៉ុន្តែ​ក្រោយ​ពី​លោក​ចាត់​អោយ​មន្ត្រី​បរិស្ថាន​ស្រុក ចុះ​ទៅ​ពិនិត្យ​មើល ឃើញ​ថា​គំនរ​សំរាម​នោះ​ពិតជា​គរ​ច្រើន និង​ជះក្លិន​ប៉ះពាល់​ដល់​អ្នកស្រុក​ជុំវិញ​នោះ​ពិតមែន ហើយ​លោក​បាន​ចាត់វិធានការ ជាមួយ​អ្នកម៉ៅការ​ភាស៊ី​ផ្សារ​អ្នក​លឿង​នេះ​រួច​ហើយ គឺ​នៅ​ថ្ងៃ​ទី​៤​កុម្ភៈ​នេះ នឹង​ចុះ​ទៅ​ប្រមូល​សំរាម​ទាំ​នោះ​ចោល​អោយ​អស់ មិន​ទុក​នៅ​នាំ​អោយ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​អ្នកស្រុក​ទៀត​នោះ​ទេ​៕