គណបក្ស​លោកស្រី ស៊ូ​ជី ហាម​សមាជិកសភា​ខ្លួន​ចាក​ចេញពី​រដ្ឋធានី​

គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) បាន​ហាម​សមាជិកសភា​របស់ខ្លួន​ចាក​ចេញពី​រដ្ឋធានី​ណៃ​ពិដោ ខណៈ​មានការ​លើកឡើងថា​នឹងមាន​ការស្នើ​ឲ្យ​ព្យួរ​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​ដែល​ហាម​លោកស្រី អ៊ុង​សាន ស៊ូ​ជី ធ្វើជា​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​។ ក្រោយ​ការ​ឈ្នះឆ្នោត លោកស្រី ស៊ូ​ជី បាន​ជួប​ជាមួយ​បុគ្គល​សំខាន់ៗ​ដែល​រួមទាំង​ក្រុម​យោធា​មានអំណាច ដើម្បី​ស្វែងរក​ការគាំទ្រ​ក្នុងការ​បើកផ្លូវ​ដល់​ការ​កាន់តំណែង​កំពូល​នេះដែរ​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​សមាជិកសភា​ថ្មី​របស់​សភា​មី​យ៉ាន់​ម៉ា​មកពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ត្រូវបាន​ណែនាំ​មិន​ឲ្យ​ធ្វើដំណើរ​ចាក​ចេញពី​រដ្ឋធានី​ថ្មី​ណៃ​ពិដោ​ឡើយ ក្រោយពេល​ចូលកាន់​តំណែង​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ​ដើម​សប្ដាហ៍​នេះ​។ ការណែនាំ​នេះ​បានធ្វើ​ឲ្យ​មានការ​លើកឡើងថា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​អាច​នឹង​ដាក់សំណើ​ច្បាប់​ដើម្បី​ព្យួរ​មាត្រា​៥៩ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ហាម​លោកស្រី ស៊ូ​ជី ធ្វើជា​ប្រធានាធិបតី​។

​បើតាម Channel NewsAsia គណៈកម្មាធិការ​ប្រតិបត្តិ​បក្ស​NLD បាន​ប្រាប់​សមាជិកសភា​ថ្មី​៨​នាក់​មិន​ឲ្យ​ចាក​ចេញពី​រដ្ឋធានី​ទេ​។ ពួកគេ​និយាយថា យើង​មិនត្រូវ​អនុញ្ញាត​ឲ្យ​ចាកចេញ​ទេ ពីព្រោះ​អាច​នឹងមាន​បញ្ហាសំខាន់ៗ​ឬ​សេចក្ដីព្រាងច្បាប់​បន្ទាន់​ណាមួយ ត្រូវ​លើក​មក​ពិភាក្សា​ក្នុង​សប្ដាហ៍​ខាងមុខ​។​

​ការហាម​ប្រាម​នេះ ធ្វើ​ឲ្យ​មានការ​សង្ស័យ​ពី​ការប៉ុនប៉ង​របស់​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ដែល​ចង់​ដាក់​ពង្រាងច្បាប់​មួយ​ក្នុង​ការព្យួរ​មាត្រា​៥៩​នៃ​រដ្ឋធម្មនុញ្ញ​ដែល​បាន​រារាំង​លោកស្រី ស៊ូ​ជី ធ្វើជា​ប្រធានាធិបតី ទោះ​បក្ស​លោកស្រី​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​ក៏ដោយ​។ យ៉ាងណាក្ដី មន្ត្រីជាន់ខ្ពស់​គណបក្ស មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​រឿងនេះ​ទេ ដោយសារ​វា​ជា​រឿង​សំខាន់​ក្នុង​យុទ្ធសាស្ត្រ​របស់​បក្ស ហើយ​វា​ក៏​អាច​ប៉ះពាល់​ដល់​យោធា​ដែល​នៅតែ​មានអំណាច​ខ្លាំង​។

​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨​ដែល​សរសេរ​ដោយ​យោធា បាន​ហាម​លោកស្រី ស៊ូ​ជី ធ្វើជា​ប្រធានាធិបតី ព្រោះ​ផ្នែក​មួយ​នៃ​មាត្រា​៥៩​របស់​រដ្ឋធម្មនុញ្ញ​នេះ​ចែងថា អ្នកណា​ដែលមាន​ប្ដី​ប្រ​ព្ធ​ឬ​កូន​មាន​សញ្ជាតិ​បរទេស មិនអាច​ធ្វើជា​ប្រធានាធិបតី​បានទេ​។ លោកស្រី ស៊ូ​ជី មាន​ប្ដី​និង​កូនប្រុស​ពីរ​នាក់​ជា​ជនជាតិ​អង់គ្លេស​។​

​យ៉ាងណាមិញ គេ​សង្កេតឃើញ​មាន​វិធី​មួយ​ដែល​អាច​បើកផ្លូវ​ដល់​ការ​កាន់អំណាច​របស់លោក​ស្រី ស៊ូ​ជី​។ នោះ​គឺ​ព្យួរ​មាត្រា​៥៩​ជា​បណ្ដោះអាសន្ន ដោយ​មិនចាំបាច់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នោះទេ ដ្បិត​វិសោធនកម្ម​ត្រូវការ​ការគាំទ្រ​ពី​ក្រុម​យោធា​។ ហើយ​ច្បាប់​ថ្មី​មួយ​នឹង​ក៏​អាច​ត្រូវបង្កើត​សម្រាប់​ព្យួរ​មាត្រា​៥៩​នេះ​។​

​ប៉ុន្តែ​បើតាម​លោក Ye Htut រដ្ឋមន្ត្រី​ព័ត៌មាន​និង​ជា​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី ការព្យួរ​រដ្ឋធម្មនុញ្ញ​ធ្វើ​អាច​បានតែ​ក្នុងករណី​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​តែប៉ុណ្ណោះ ហើយ​ក្នុងករណីនេះ អំណាច​ប្រតិបត្តិ (​អំណាចរដ្ឋាភិបាល​) នឹង​ផ្ទេរ​ទៅ​ឲ្យ​ប្រមុខ​កងទ័ព​ជំនួស​វិញ​។ លោក Ye Htut បន្តថា ការធ្វើ​បែបនេះ​នឹងមិន​ផ្ដល់​ផល​ល្អ​ដល់​ប្រជាធិបតេយ្យ​ក្មេងខ្ចី​នៅ​មី​យ៉ាន់​ម៉ា​នោះទេ​៕      

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​