គោលនយោបាយ​ការបរទេស​កម្ពុជា មិនដែល​លម្អៀង​ទៅរក​ប្រទេស​ណា​ឡើយ​

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា  អះអាងថា កម្ពុជា​មិនមាន​គោលនយោបាយ​ការបរទេស​ទៅរក​ប្រទេស​ណាមួយ​នោះទេ​។ ការអះអាង​នេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​កា​រិះគន់​ដែល ថា​កម្ពុជា មាន​និ​ន្និ​ការ​ទៅរក​ចិន​ខ្លាំង ជាពិសេស​លើ​គោលជំហរ​ជម្លោះ​សមុទ្រ​ចិន ខាងត្បូង​។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រលានយន្តហោះ​ភ្នំពេញ មុនពេល​ចាកចេញ​ទៅកាន់​ក្រុង​ប៉េកាំង​នៃ ប្រទេស​ចិន​នៅ​ព្រឹក​ថ្ងៃ​ពុធ ខែកុម្ភៈ​នេះ លោក ហោ ណាំហុង បាន​បញ្ជាក់ថា បើទោះបីជា​កម្ពុជា​ជា ប្រទេស​ដែល​តូច និង​ក្រីក្រ កម្ពុជា មាន​ឯករាជ្យភាព និង​អធិបតេយ្យ​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Xinhua ដែល​បាន​ចុះផ្សាយ​ថា លោក ហោ ណាំហុង បន្ថែមថា ជា​ប្រជាជាតិ​ដែលមាន​សីលធម៌ វប្បធម៌ និង អរិយធម៌​ចំណាស់​រាប់ពាន់​ឆ្នាំ​ហើយ​នោះ កម្ពុជា​មិន​ប្រកាន់យក​ប្រទេស​ណាមួយ​នោះទេ​។​

​តាម​ភា្ន​ក់​ងារ​ព័ត៌មាន​ដដែល លោក ហោ ណាំហុង ក៏បាន​រម្លឹក​ពី​គោលនយោបាយ​ការបរទេស​របស់​កម្ពុ​ជា​ក្នុងជំនួប​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ច​ន ឃេ​រី កាលពីពេល​ថ្មី​នេះ​ផងដែរ ។ លោក ថា « ខ្ញុំ​បាន​ប្រាប់​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ច​ន ឃេ​រី ថា កម្ពុជា​គឺជា​មិត្តភក្តិ​របស់​ចិន ប៉ុន្តែ កម្ពុជា ក៏​ចង់​ក្លាយជា​មិត្តភក្តិ​ជិតស្និទ្ធ​របស់​អាមេរិក​ផងដែរ​។

​សូមបញ្ជាក់​ផងដែរ កន្លងមក មានការ​រិះគន់​ទាំង​ក្របខណ្ឌ​ជាតិ និង​អន្តរជាតិ ថា​កម្ពុ​ជាមាន​ជំហរ​ការបរទេស​ខ្លាំង​ទៅរក​ចិន​។ ជាក់ស្តែង​នោះ គេ​តែងតែ​លើកឡើង​ការបរាជ័យ​នៃ​ការចេញ​សេចក្តីថ្លែងការណ៍​រួម​ដែល​ទាក់ទង​នឹង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក្នុង​ឆ្នាំ​២០១២ ក្នុងឱកាស​កម្ពុជា​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​។

​យ៉ាងណាក៏ដោយ ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជំនួប​ជាមួយ​លោក ច​ន ឃេ​រី នៅ​ថ្ងៃ​អង្គារ​ទី ២៦ មករា កន្លងទៅ រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោក ហោ ណាំហុង បានលើកឡើង​ជាថ្មី​ទាក់ទិន​ឆ្នាំ ២០១២ ពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​និង​បរាជ័យ​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ក្នុង​ការចេញ​សេចក្តីថ្លែងការណ៍​រួម​ព្រោះ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។  ប្រមុខ​ការទូត​កម្ពុជា សង្កត់ធ្ងន់ថា ការបរាជ័យ​កន្លងមក​នេះ​មិនមែន​ភាពលម្អៀង​ឬ​រង​សម្ពាធ​ពី​ចិន​ឡើយ តែ​កម្ពុជា​មិនមែនជា​តុលាការ មិនអាច​កាត់សេចក្តី​បាន ហើយ​ជំហរ​កម្ពុ​ជាមាន​ភាព​ឯករាជ្យ និង​អព្យាក្រឹត​ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ​មួយ​ប៉ុណ្ណោះ​។
 
​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស នៅ​ថ្ងៃទី​០៣ ខែកុម្ភៈ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចិន ដើម្បី​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​លើក​ទី​៣ នៃ​គណៈ​ក​ម្មា ធិ​ការសម្របសម្រួល​អន្តរ​រដ្ឋាភិបាល​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ កិច្ចប្រជុំ​នេះ ធ្វើឡើង​ដើម្បី​អនុវត្ត ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ ៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​