ភូមិគ្រឹះ​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ឈ្មោះ​ស៊ូ ម៉ា​រិ​ទ្ធិ ត្រូវ​កម្លាំង​កងរាជអាវុតហត្ថ​ខេត្តមណ្ឌលគិរី ឡោមព័ទ្ធ​ឆែកឆេរ​បន្ទាប់ពី​មាន​សកម្មភាព​រថយន្ត​ដឹកឈើ​ចូល ហើយ​ជាបឋម​រកឃើញ​រកឃើញ​២៧៨​កំណាត់​រថយន្ត​១​គ្រឿង​

​ខេត្ត​មណ្ឌល​គី​រី ៖ កម្លាំង​កងរាជអាវុតហត្ថ​ខេត្តមណ្ឌលគិរី និង​សមត្ថកិច្ច​ចម្រុះ​បានធ្វើការ​ឡោមព័ទ្ធ​ភូមិគ្រឹះ​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ឈ្មោះ ស៊ូ ម៉ា​រិ​ទ្ធិ រកស៊ី​ឈើ​ដ៏​ល្បីឈ្មោះ​កាលពី​ម៉ោង​២ និង​១០​នាទី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧៦​ស្ថិតក្នុង​ភូមិ​ស្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​។ មុននឹង​ឈានដល់​ព័ទ្ធ​ភូមិគ្រឹះ​នោះ បន្ទាប់ពី​អាវុធហត្ថ​ខេត្ត​ស្ទាក់​ចាប់បាន​រថយន្ត​កា​ម​រី​១​គ្រឿង​ដឹកឈើ​ពេញ​ចេញពី​ស្រុក​អូ​រាំង​ក្នុងចំណោម​រថយន្ត​២​គ្រឿង​របស់​មេ​ឈ្មួញ​ឈើ សូ ម៉ា​រិ​ទ្ឋិ ហើយ​រថយន្ត​កាមរី​១​គ្រឿង​ទៀត​បាន​បើក​រត់គេច​ខណៈ​សមត្ថ​កិច្ច​តាម​ពីក្រោយ​បានឃើញ​បើក​ចូល​ភូមិគ្រឹះ​នោះ ដែល​ធ្វើ​ឲ្យ​មានការ​សង្ស័យថា មេ​ឈ្មួញ​ឈើ​មាន​លាក់ទុក​ឈើ​ប្រណីត​នៅ​ទីនោះ​។

​មន្ត្រី​កងរាជអាវុធហត្ថ​នៅក្នុង​ប្រតិបត្តិការ​នោះបាន​ប្រាប់​ឲ្យ​ដឹងថា មុន​នោះ​បន្តិច​មាន​រថយន្ដ​ដឹកឈើ​ចំនួន​ពីរ​គ្រឿង​ដឹកឈើ​ចេញពី​ស្រុក​អូ​រាំង ត្រូវបាន​កម្លាំង​កងរាជអាវុតហត្ថ​ខេត្ត ស្ទាក់​ចាប់បាន​១​គ្រឿង​និង​មួយគ្រឿង​ទៀត​បាន​បើក​រត់​រហូតមកដល់​កន្លែងកើតហេតុ​ចូលក្នុង​ផ្ទះ​ខាងលើ​នោះ​ហើយ​ម្ចាស់ផ្ទះ​បាន​បាញ់​គំរាម សម​ត្ត​កិច្ច​ដែល​ប្រមាញ់ នោះ​។ មន្ត្រី​ដដែល​បាន​បញ្ជាក់ថា ផ្ទះ​ដែល​កំពុង​ឡោមព័ទ្ធ​នោះ​ម្ចាស់​មាន ឈ្មោះ ស៊ូ ម៉ា​រិ​ទ្ធ ជា​មន្ត្រី​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​។ ការឡោមព័ទ្ធ​ធ្វើឡើង​ជិត​១​ម៉ោង​ទើ​ម​លោក​ព្រះ​រា​ជ្ញា ឡុង ហុក​ម៉េង ទៅដល់ ហើយ​បាន​ដឹកនាំ​កម្លាំង​ឆែកឆេរ​លំនៅដ្ឋាន​ដ៏​ស្កឹមស្កៃ​នោះ​រកឃើញ​ឈើ​ប្រណីត​ចំនួន ២៧៨​កំណាត់ រថយន្ត​មួយ គ្រឿង និង​រណា​រ៉ៃ ១​គ្រឿង រណា​អារ​បញ្ឈរ​១​គ្រឿង តាប​ឈូសឈើ​១ និង​ឃាត់ខ្លួន​បាន​មនុស្ស​២​នាក់​។​បើតាម​សមត្ថកិច្ច​វត្ថុតាង​ដែល​រកឃើញ​នេះ គ្រាន់តែ​ជំ​ហ៊ាន​បឋម​ប៉ុណ្ណោះ ហើយ​កម្លាំង​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ ដោយ​សង្ស័យ​មាន​ឈើ​ជាច្រើន​ទៀត​លាក់​ក្នុង​នៅក្នុង​លំនៅដ្ឋាន​នោះ​។​

​សូម​រំលឹកថា លោក ស៊ូ ម៉ា​រិ​ទ្ធិ ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ប្រើ​ស្បែក​និង​អំណាច​យ៉ាង​ក្រអឺតក្រទម​មិនដែល​ខ្លាច​អ្នកណា​ទេ រកស៊ី​ឈើ​រាប់សិប​ឆ្នាំ​មកហើយ សូម្បីតែ លោក ស៊ិន វណ្ណ​វុ​ឍ្ឍ អភិបាលស្រុក​កែវ​សីមា បាន​ត្រូវ​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​ដុស​ស្លែ ធ្លាបបាន​ទាញ​កាំភ្លើង​ភ្ជង់​ក្បាល ខណៈដែល​លោក​ដឹកនាំ កងកម្លាំងប្រដាប់អាវុធ​ចម្រុះ ឆែកឆេរ​រថយន្ត ខុស​បច្ចេកទេស កាលពី​វេលា​ម៉ោង ៤​និង​៣០ នាទី​ទៀបភ្លឺ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ប៉ុស្តិ៍​រដ្ឋបាល នគរបាល​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដោយហេតុថា​មេ​ឈ្មួញ​ឈើ ស៊ូ ម៉ា​រិ​ទ្ឋិ បើកឡាន​មាន​ផ្ទុក​ឈើ​ឆ្លងកាត់​មិន​ព្រម​ឲ្យ​ឆែកឆេរ​។ បន្ទាប់ពី​មានរឿង​រ៉ាវ​នេះ​រួច គេ​ដឹងថា ឈ្មោះ ស៊ូ ម៉ា​រិ​ទ្ធិ បាន​រត់ការ​ឲ្យ​មាន​អន្តរាគមន៍ ពី​មន្ត្រី​ថ្នាក់លើ​ដើម្បី​គេចផុត ពី​សំណាញ់​ច្បាប់ ដូចដែល​ឈ្មោះ ស៊ូ ម៉ា​រិ​ទ្ធិ ធ្លាប់​បានធ្វើ​ដោយ​ជោគជ័យ ច្រើនលើកច្រើនសារ​រួចមកហើយ ដែល​ករណីនេះ​បានធ្វើ​ឲ្យ​លោក​ចៅហ្វាយស្រុក​កែវ​សីមា បាក់មុខ​យ៉ាង​អាម៉ាស​មិនអាច​រក​យុត្តិធម៌​បាន​។​

​ទោះយ៉ាងណា​នេះ​ជា​លើក​ទី​២​ហើយ ដែល​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ធ្លាប់បាន​ទៅ​ឡោមព័ទ្ធ ផ្ទះ​មេ​ឈ្មួញ​រកស៊ី​ឈើ​ស៊ូ ម៉ា​រិ​ទ្ឋិ ឆែកឆេរ រកឃើញ​ឃ្លាំង​ស្តុក​ឈើ​ចំនួន​ពីរ​កន្លែង​ហើយ​បាន​រឹបអូស​ឈើ​ប្រភេទ​នាងនួន​រាប់ពាន់​ដុំ​កាលពី​រសៀល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៤ ។ ចាប់តាំងពី​ពេលនោះ​មក​ឈ្មួញ​ឈើ​រូបនោះ​មិនបាន​រាងចាល​ទេ​នៅតែ​បន្ត​ជួញដូរ​ឈើ​យ៉ាងខ្លាំង​ក្លា​លើស​មុន​។ មេ​ឈ្មួញ​ឈើ ស៊ូ ម៉ា​រិ​ទ្ធិ ត្រូវជា​ប្អូនបង្កើត របស់លោក ស៊ូ សុវណ្ណ​ធី ជា​មេបញ្ជាការរង កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា ជាមួយគ្នានេះ​គេ​មិនដឹងថា មន្ត្រី​អាវុធហត្ថ​ជា​មេ​ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ​ឈ្មោះ ស៊ូ ម៉ា​រិ​ទ្ធិ នេះ​មាន​ខ្នងបង្អែក​ប៉ុណ្ណា​នោះទេ នៅតែ​ហ៊ាន​ធ្វើ​សកម្មភាព​ជួញដូរ​ឈើ ដោយ​គ្មាន​ក្រែង​ញញើត​នឹង​យុទ្ធនា​ការបង្ក្រាប​យ៉ាង​ក្តៅគគុក​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ហើយ​ដែល​ធ្វើ​ឲ្យ​គេ​និយាយថា កូន​អា​វុ​ហត្ថ​រូបនេះ ថ្លើមធំ​មិន​ខ្លាច​មេ​!៕ កញ្ញា សុភាព​

KA-03-02-2016-30 KA-03-02-2016-31 KA-03-02-2016-35 KA-03-02-2016-36 KA-03-02-2016-33 KA-03-02-2016-34 KA-03-02-2016-38 KA-03-02-2016-40 ​ ​