ជីវិត​​រសាត់​​អណ្ដែត​​​របស់​​មេ​​ចុងភៅ​​ខ្មែរ​ ទម្រាំ​​​ក្លាយ​​ជា​​ម្ចាស់​​​ភោជនីយដ្ឋាន​​​ដ៏​​​​ពេញ​​និយម​​​នៅ​ញ៉ូវ​យ៉ក


ជីវិត​​រសាត់​​អណ្ដែត​​​របស់​​មេ​​ចុងភៅ​​ខ្មែរ​ ទម្រាំ​​​ក្លាយ​​ជា​​ម្ចាស់​​​ភោជនីយដ្ឋាន​​​ដ៏​​​​ពេញ​​និយម​​​នៅ​ញ៉ូវ​យ៉ក

​​​​ស្ថិត​ក្នុង​​សំលៀក​បំពាក់​ឈុត​ស ​មួក​ស សក់​ស្កូវ​បន្តិច​ ​​លោក​មិញ​ ត្រួង​ (Minh Truong) បាន​ដឹក​នាំ​​​​​មេ​ចុងភៅ​ស្រី​​ជាច្រើន​នាក់​​ ធ្វើ​ការ​យ៉ាង​ស្ងៀម​ស្ងាត់​​​ និង​ប្រុង​ប្រយ័ត្ន​ ក្នុង​​ផ្ទះបាយ​​នៃ​​​ភោជនីយដ្ឋាន​មួយ ​​នៅ​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក។

 

ជីវិត​​រសាត់​​អណ្ដែត​​​របស់​​មេ​​ចុងភៅ​​ខ្មែរ​ ទម្រាំ​​​ក្លាយ​​ជា​​ម្ចាស់​​​ភោជនីយដ្ឋាន​​​ដ៏​​​​ពេញ​​និយម​​​នៅ​ញ៉ូវ​យ៉ក

​លោក មិញ ត្រួង ជា​ម្ចាស់​ភោជនីយដ្ឋាន​  Angkor Cambodian Bistro ​ ​​មាន​ទី​តាំង​ស្ថិត​នៅ​​ជា​ជួរ​​ជាមួយ​ភោជនីយដ្ឋាន​តូច​ៗ​ជាច្រើន​​ទៀត ​ក្នុង​អគារ​ផ្ទះ​ល្វែង​ស្ងប់​ស្ងាត់​មួយ​​ និង​​ជា​ភោជនីយដ្ឋាន​បម្រើ​ម្ហូប​ខ្មែរ​​តែ​មួយ​គត់​នៅ​​ញ៉ូវយ៉ក ​ដែល​មាន​ម្ហូប ​ដូច​ជា ​អាម៉ុក បាញ់ឆែវ ​ប្រហិត​សាច់​ជ្រូក និង​គុយទាវ​ជាដើម។​

 

​​​​មូលហេតុ​អ្វី​ធ្វើ​ឲ្យ​លោក​ ​​​ទៅ​ដល់​សហរដ្ឋ​អាមេរិក? លោក​ត្រួង ​និង​គ្រួសា​បានភៀស​ខ្លួន​​ពី​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ ១៩៧៥ ដោយ​​​ពេល​នោះ​​លោក​ទើប​មាន​អាយុ ១៤​ឆ្នាំ។ ​ពួក​គេ​​បាន​ចាក​ចេញ​​ទីក្រុង​ភ្នំ​ពេញ ​និង​បាន​ធ្វើ​ដំណើរ​ថ្មើរ​ជើង​​​ដោយ​គ្មាន​គោល​ដៅ​ច្បាស់​លាស់​​ រយៈ​ពេល​៣​ខែ រហូត​ដល់​ប្រទេស​វៀតណាម ​និង​ចេញ​​​​ទៅ​ប្រទេស​ថៃ​បន្ត​ទៀត​ ដែល​គាត់​ត្រូវ​ស្នាក់​នៅ​ក្នុង​ជុំរុំ​ជន​ភៀស​ខ្លួន​ ឈុន​បុរី។

 

​ទៅ​ដល់​ទី​នោះ​ ​ដោយ​គ្មាន​ជំនាញ​​អ្វី​ក្រៅ​​ពី​​ចេះ​ដាំ​ស្ល​​ពីរ​​បី​មុខ ដែល​រៀន​​ពី​ម្ដាយ​ឪពុក លោក​ត្រួង ​​បាន​ស្ម័គ្រ​ជួយ​​ដាំ​ស្ល​នៅ​ជុំរុំ​ខាង​លើ​តែ​ម្ដង ដោយ​គិត​ថា​យ៉ាង​ហោច​ក៏​បាន​ហូប​ចុក​គ្រប់គ្រាន់ ​និង​កម្រៃ​ខ្លះ​ៗ​ដែរ​។ ក្រោម​ការ​ណែនាំ​ពី​ចុងភៅ​ផ្សេង​ទៀត លោក​បាន​ចាប់​ផ្ដើម​រៀន​ធ្វើ​ម្ហូប​ថៃ​។

 

​នៅ​ឆ្នាំ​ ​១៩៨១ ​លោក ត្រួង និង​គ្រួសារ​ ​បាន​​​ទៅ​ដល់​ទីក្រុង​ញ៉ូវ​យ៉ក និង​បម្រើ​​ការ​ជា​កូន​កាំបិត​ក្នុង​ភោជនីយដ្ឋាន​​បារាំង និង​អ៊ីតាលី។ ​ធ្វើ​ការ​យូរ​ខែ​យូរ​ឆ្នាំ​​ទៅ​មុខ​ទៀត ​គាត់​បាន​ក្លាយ​ជា​មេ​ចុងភៅ​នៅ​ភោជនីយដ្ឋាន​ Au Bar ​និង​នៅ​ក្លឹប​កម្សាន្ត Mandison និង Park Avenues។

 

ជីវិត​​រសាត់​​អណ្ដែត​​​របស់​​មេ​​ចុងភៅ​​ខ្មែរ​ ទម្រាំ​​​ក្លាយ​​ជា​​ម្ចាស់​​​ភោជនីយដ្ឋាន​​​ដ៏​​​​ពេញ​​និយម​​​នៅ​ញ៉ូវ​យ៉ក

 

​​​នៅ​ឆ្នាំ ១៩៩៣​ ​​លោក​ត្រួង​ បាន​រៀប​ការ​ជាមួយ​​ប្រពន្ធ​លោក​ឈ្មោះ Mandy  ​រួច​អ្នក​ទាំង​ពីរ​​​​​​បាន​ព្រមព្រៀង​គ្នា​បើក​​ហាង​លក់​ម្ហូប​អាហារ​ឈ្មោះ Siam Thai Cuisine ​ខណៈ​​មាន​តែ​ភោជនីយដ្ឋាន​​ថៃ​ពីរ​បី​ប៉ុណ្ណោះ​នៅ​​ញ៉ូវយ៉ក​ កាល​​នោះ។ ​​ក្រោយ​មក​មាន​សារព័ត៌មាន​ដ៏​ល្បី​​ New York Time ​បាន​ចុះ​ផ្សាយ​ពី​ហាង​របស់​គាត់​​ធ្វើ​ឲ្យ​ហាង​នោះ​មាន​ភ្ញៀវ​កាន់​តែ​ច្រើន។ រយៈ​ពេល​២០​ឆ្នាំ ​​គ្រួសារ​លោក​បាន​ដំណើរ​ការ​ភោជនីយដ្ឋាន​នេះ​ ​ដោយ​ប្ដី​កាន់​ខាង​​​ចុងភៅ ​និង​ប្រពន្ធ​កាន់​ខាង​បន្ទប់​ញ៉ាំ​អាហារ។

 

​​​ដោយ​ហត់​នឿយ​នឹង​កិច្ចការ​ខាង​លើ ​គាត់​បាន​លក់​ភោជនីយដ្ឋាន​ និង​ចំណាយ​ពេល​ ២ឆ្នាំ​​​​ដើរ​កម្សាន្ត​ជាច្រើន​កន្លែង​​ តែ​​​គាត់​មិន​អាច​ចោល​និស្ស័យ​ខាង​ចុងភៅ ក៏​គិត​ត្រលប់​មក​​​បើក​ភោជនីយដ្ឋាន​វិញ។

 

​តាម​រយៈ​ការ​ធ្វើ​ដំណើរ​​មក​លេង​​​ប្រទេស​កំណើត លោក​​ត្រួង ​មើល​ឃើញ​ថា​រស​ជាតិ​​ម្ហូប​ខ្មែរ​មិន​សូវ​មាន​ទេ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​ក៏​ងាក​មក​​​បម្រើ​ម្ហូប​ខ្មែរ​វិញ។ ​អ្នក​ស្រី Mandy ​បាន​និយាយ​ប្រាប់​ទៅ​កាន់​​សារព័ត៌មាន NBC ថា៖ “ពួក​យើង​​ធ្លាប់​ញ៉ាំ​ម្ហូប​ខ្មែរ​នៅ​ប្រទេស​កំណើត​​រួច​ហើយ ដូច្នេះ​យើង​ចង់​បង្ហាញ​​​​ប្រាប់​​ភ្ញៀវបរទេស​​ពី​​​រស​ជាតិ​អាហារ​ខ្មែរ​ដ៏​ឆ្ងាញ់​​ទៅ​កាន់​ពួកគេ​”។

 

​ចំណែក​ការដាក់​ឈ្មោះ​ភោជនីយដ្ឋាន​ គាត់​បាន​ជ្រើស​រើស​​យក​ទីក្រុង​សៀម​រាប​មាន​អង្គរ​​ដ៏​ល្បីល្បាញ ​និង​ដើម្បី​តំណាងឲ្យ​​​​រស​ជាតិ​អាហារ​ប្រទេស​​​កំណើត​ផង ក៏​សម្រេច​ដាក់​ឈ្មោះ​​ថា Angkor Cambodia Bistro ​​តែ​ម្ដង។ ​​​មក​ទល់​​ពេល​នេះ​ ភោជនីយដ្ឋាន​​របស់​គាត់​​មាន​ភ្ញៀវ​​​​ច្រើន​ឥត​ដាច់ ​​តែ​កំណត់​​ទទួល​តែ​ជាង ៥៥​នាក់​ប៉ុណ្ណោះ ​ព្រោះ​ដើម្បី​ទុក​ចន្លោះ​​ឲ្យ​ធំ​ទូលាយ​សម្រាប់​ភ្ញៀវ​បាន​សម្រាក​៕

 

ជីវិត​​រសាត់​​អណ្ដែត​​​របស់​​មេ​​ចុងភៅ​​ខ្មែរ​ ទម្រាំ​​​ក្លាយ​​ជា​​ម្ចាស់​​​ភោជនីយដ្ឋាន​​​ដ៏​​​​ពេញ​​និយម​​​នៅ​ញ៉ូវ​យ៉ក

 

ជីវិត​​រសាត់​​អណ្ដែត​​​របស់​​មេ​​ចុងភៅ​​ខ្មែរ​ ទម្រាំ​​​ក្លាយ​​ជា​​ម្ចាស់​​​ភោជនីយដ្ឋាន​​​ដ៏​​​​ពេញ​​និយម​​​នៅ​ញ៉ូវ​យ៉ក

 

ជីវិត​​រសាត់​​អណ្ដែត​​​របស់​​មេ​​ចុងភៅ​​ខ្មែរ​ ទម្រាំ​​​ក្លាយ​​ជា​​ម្ចាស់​​​ភោជនីយដ្ឋាន​​​ដ៏​​​​ពេញ​​និយម​​​នៅ​ញ៉ូវ​យ៉ក

 

 

ចុចអាន៖ ភោជនីយដ្ឋាន​​​​គុក មាន​ពិត​នៅ​ចិន

ចុចអាន៖ ភោជនីយដ្ឋាន​បណ្ដែត​ទឹក​នៅ​ចិន​ពិត​ជា​រ៉ូមែនទិក​មិន​ធម្មតា

ចុចអាន៖ ភោជនីយដ្ឋាន​មួយ​យក​ស្រី​ស្អាតៗ​ស្លៀក​ឈុត​ប៊ីគីនី​រត់​តុ

 

ប្រែ​សម្រួល ៖ឡេង ភារុណ
ប្រភព៖ NBCNews