អង្គការ​សហ​ប្រជាជាតិ​ពន្យារ​ពេល​កិច្ច​ប្រជុំ​សន្តិភាព​លើ​ប្រទេស​ស៊ីរី​រហូត​ដល់​ចុង​ខែ​កុម្ភៈ

អង្គការ​សហ​ប្រជាជាតិ​ពន្យារ​ពេល​កិច្ច​ប្រជុំ​សន្តិភាព​លើ​ប្រទេស​ស៊ីរី​រហូត​ដល់​ចុង​ខែ​កុម្ភៈ

លោក Staffan de Mistura (កណ្តាល) បេសកជនអង្គការ​សហប្រជាជាតិសម្រាប់​កិច្ច​ចរចា​សន្តិភាព​អំពីប្រទេសស៊ីរី ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស នៅ​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦។

អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ពុធ​បាន​ពន្យារ​ពេល​លើ​កិច្ចប្រជុំ​សន្តិភាព​អំពី​បញ្ហា​ប្រទេស​ស៊ីរី​នៅ​ទីក្រុង​ហ្សឺណែវ ​រហូត​ដល់​ចុង​ខែ​កុម្ភៈ​ខាង​មុខ​នេះ។

លោក ​Staffan de Mistura ​បេសកជន​របស់​អង្គការ​សហប្រជាជាតិ ដែល​ជា​អ្នក​សម្រប​សម្រួល​លើ​កិច្ច​ប្រជុំ​រវាង​តំណាង​របស់​លោក​ប្រធានាធិបតី​ស៊ីរី ​Bashar al-Assad ​និង​ក្រុម​ប្រឆាំង​ដែល​ព្យាយាម​ផ្តួល​រំលំ​លោក បាន​ស្នើ​ឲ្យ​ពន្យារ​កិច្ចប្រជុំ​នេះ​រហូត​ដល់​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ ដែល​នេះ​ជា​ការ​ឈប់​បណ្តោះ​អាសន្ន​មួយ មិន​មែន​ជា​ការ​បញ្ឈប់​កិច្ចខិតខំ​ប្រឹងប្រែង​លើក​ដំបូង​បង្អស់​ឲ្យ​មាន​សន្តិភាព​ក្នុង​ប្រទេស​ស៊ីរី​ក្នុង​រយៈពេល​២​ឆ្នាំ​មក​នេះ​នោះ​ទេ។ ​

លោក de Mistura បាន​មាន​ប្រសាសន៍​ថា៖ «នេះ​មិនមែន​ជា​ទី​បញ្ចប់​នោះ​ទេ ហើយ​នេះ ក៏​មិនមែន​ជា​បរាជ័យ​នៃ​កិច្ចប្រជុំ​នេះ​នោះ​ដែរ»។

ការផ្អាក​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កងកម្លាំង​របស់​ស៊ីរី​បាន​អះអាង​ថា ខ្លួន​បាន​បញ្ចប់​ការឡោមព័ទ្ធ​របស់​ក្រុម​ឧទ្ទាម​ទៅ​លើ​ភូមិ​ដែល​មាន​អ្នក​កាន់​សាសនា​ឥស្លាម​និកាយ​ Shi'ite​ ចំនួន​២​ក្នុងខេត្ត ​Aleppo​ ដែល​នេះ​ជា​ជ័យជម្នះ​ដ៏​ធំ​មួយ​សម្រាប់​រដ្ឋាភិបាល​របស់​លោក Assad។

ទូរទស្សន៍​រដ្ឋ​របស់​ស៊ីរី​បាន​ផ្សាយ​ថា កងកម្លាំង​យោធា​របស់​រដ្ឋាភិបាល​និង​កងជីវពល​របស់​អ្នកកាន់​សាសនា​ឥស្លាម​និកាយ​ Shi'ite ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​គណៈកម្មាធិការ​ការពារ​ដ៏​មាន​ប្រជាប្រិយភាព​ បាន​បំបែក​ការឡោមព័ទ្ធ​របស់​ក្រុមឧទ្ទាម​រយៈពេល​៣​ឆ្នាំ​ ដែល​ស្ថិត​នៅ​ជុំវិញ​តំបន់ Nubul និង​តំបន់​ Zahraa ដែល​ជា​ផ្នែក​មួយ​នៃ​ចលនា​ឆ្ពោះទៅ​មុខ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ខេត្តAleppo ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។

ការយក​ជ័យ​ជម្នះ​លើ​ក្រុមឧទ្ទាម​ អនុញ្ញាត​ឲ្យ​កងកម្លាំង​ស៊ីរី​ត្រួតត្រា​លើ​ផ្លូវគមនាគមន៍​ដែល​ធ្វើ​ចរាចរណ៍​ផ្តត់ផ្គង់​ដល់​ក្រុម​នេះ​ពី​ខេត្ត Aleppo ដល់​ព្រំប្រទល់​ប្រទេស​តួកគី៕