ដុត​ភ្លើង​ឆ្អើរ​ មុន​ពេលដេក ត្រូវ​ភ្លើង ​ឆេះ​ផ្ទះ​អស់ ​ឆេះ​ស្លាប់​ ទាំង​ខ្លួន

ខេត្តកំពត ៖ ស្ត្រី​ចំណាស់​ម្នាក់​ បាន​ស្លាប់​ក្នុង​ហេតុការណ៍ ភ្លើង​ឆេះ​ផ្ទះ ​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្តកំពត ។

បុរស​ចំណាស់​ឈ្មោះ នួន ផ​ន អាយុ​៦៦​ឆ្នាំ ដែល​ជា​ម្ចាស់ផ្ទះ និង​ត្រូវជា​ប្តី​ របស់​សព​ស្ត្រី​ចំណាស់​ ដែល​ស្លាប់​ក្នុង​ភ្លើង ​បាន​ឲ្យ​ដឹង​ថា ប្រពន្ធ​របស់​គាត់ ឈ្មោះ អ៊ុយ ញ៉ែ​ម អាយុ​៦៣​ឆ្នាំ មុន​ពេល​កើតហេតុ ​រូប​គាត់​ជា​ប្តី​ បាន​ទៅ​ហូប​ការ កូន​អ្នក​ភូមិ​ នៅ​ក្បែរ​វត្ត ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ ជាង​១០​គីឡូម៉ែត្រ ។ ពេល​រូប​គាត់​ចេញ​ទៅ ​ប្រ​ព​ន្ឋ​គាត់​បាន​ដេក​លើ​រាល​ហាល ​ដែល​ត​សំ​យ៉ាប​ ចេញពីផ្ទះ ហើយ​ជា​ទម្លាប់​ គាត់​ទាំង​ពីរ​នាក់​ តែងតែ​ដេក​ ដុត​ភ្លើង​ឆ្អើរ ស្រាប់តែ​ពេល​គាត់​ត្រឡប់​ ពី​ហូប​ការ​វិញ​ ឃើញ​ភ្លើង​កំពុង​ឆេះ​ផ្ទះ​ យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ​ទៅ​ហើយ ពេល​នោះ​រូប​គាត់​ មិនដឹង​ថា​យាយ​ជា​ប្រ​ព​ន្ឋ​ ឆេះ​នៅ​ក្នុង​ភ្នក់ភ្លើង​ នោះ​ទេ រូប​គាត់​ខំរ​ត់ រក​ស្រែកហៅ ​នៅ​ក្បែរ​ៗ​ព្រៃ ​ក្រែង​ប្រ​ព​ន្ឋ​របស់​គាត់​ភ័យ​ ដោយសារ​ភ្លើង​ឆេះ រ​ត់ទៅ​ពួន​ក្នុង​ព្រៃ លុះ​ហៅ​មិន​ឮ​ឆ្លើយ គាត់​ក៏​ឈប់​ហៅ ហើយ​អ្នកស្រុក ​ក៏​មក​ជួយ​ពន្លត់​ដែរ ប៉ុន្តែ​ទោះបីជា​អ្នកស្រុក ​ជួយ​ពន្លត់​យ៉ាងណា​ ក៏​មិន​អាច​ពន្លត់​បាន​ដែរ ពីព្រោះ​ផ្ទះ​គាត់ ​ប្រក់​ស្បូវ ជញ្ជាំង​ក្តារ​មួយ​ចំហៀង និងស្លឹក​មួយ​ចំហៀង លុះ​ឆេះ​អស់​ នៅ​សល់​តែ​ធ្យូង និង​ផេះ​ ទើប​ឃើញ​ឆ្អឹងលលាដ៍ក្បាល ​ប្រ​ព​ន្ឋ​របស់​គាត់​ ឆេះ​អស់​ទៅ​ហើយ ។

លោក ណុ​ប ចាន់​ភាព អធិការរង​ ស្រុក​ទឹកឈូ បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​រង​គ្រោះ ​ដោយ​អគ្គិ​ភ​យ័​ឆេះ​នេះ ​គឺ​មាន​ទំហំ ៤​ម៉ែត្រ​×៥​ម៉ែត្រ ដំបូល​ប្រក់​ស្បូវ រនាប​ក្តារ ជញ្ជាំង​បាំង​ស្លឹក​ មួយ​ចំហៀង និង​បាំង​ក្តារ​ មួយ​ចំហៀង ។ តាម​ការ​ពិនិត្យ​លើ​ករណី ​អគ្គិភ័យ​ឆេះ​នេះ ​គឺ​បណ្តាល​មក​ ពី​ជន​រង​គ្រោះ​ដេក ​លើរាន​ហាល ​ដែល​ត​សំ​យ៉ាប​ នៅ​មុខ​ផ្ទះ ហើយ​ដេក​លក់ ​មួយភាំង ត្រូវ​ខ្យល់​គួ​ច​កំទេច​ភ្លើង​ ទើប​បណ្តាល​ឲ្យ​ ភ្លើង​ឆេះ​ដំបូល​មុន រួច​បាក់​ដំបូល​សង្កត់​ស្ត្រី​ម្ចាស់ផ្ទះ ​ដែល​កំពុង​ដេក​លក់ ហើយ​រូប​គាត់​ចាស់​ផង​ រត់​ចេញ​មិន​ទាន់​ ទើប​ឆេះ​ក្នុង​ភ្លើង​ តែ​ម្តង​ទៅ ។

ក្រោយ​ពី​កើតហេតុ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ក្រុមការងារ​ របស់​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទ​មៈធុ​រិ​ទ្ឋ ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​ទៅ​សួរសុខទុក្ខ​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ ព្រមទាំង​បាន​ជួយ​ឧបត្ថម្ភ ​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល ​ផង​ដែរ ។

សព​ស្ត្រី​រង​គ្រោះ​ ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រមូល​ រួច​បូជា​យក​តែ​ឆ្អឹង​ ទៅ​ធ្វើបុណ្យ​នៅផ្ទះ ​របស់​កូន ​ដែល​មាន​ចម្ងាយ​ពី​កន្លែង​កើតហេតុ​ ប្រមាណ​ជាង ​១០​គីឡូម៉ែត្រ ស្ថិត​នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ៕

ដុត​ភ្លើង​ឆ្អើរ​ មុន​ពេលដេក ត្រូវ​ភ្លើង ​ឆេះ​ផ្ទះ​អស់ ​ឆេះ​ស្លាប់​ ទាំង​ខ្លួន
ដុត​ភ្លើង​ឆ្អើរ​ មុន​ពេលដេក ត្រូវ​ភ្លើង ​ឆេះ​ផ្ទះ​អស់ ​ឆេះ​ស្លាប់​ ទាំង​ខ្លួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត