លោក អា​បេ ចង់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​ជប៉ុន​

 ​បន្ទាប់ពី​អនុម័ត​ច្បាប់​សន្តិសុខ នៅពេលនេះ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន អា​បេ បានបញ្ជាក់​ពី​បំណង​កែ​ចំណុច​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​នឹង​នាំ​ដល់​ការពង្រីក​ព្រំដែន​ប្រតិបត្តិការ​របស់​កង​ស្វ័យការពារ​ជប៉ុន​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua​។  

​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ នៅថ្ងៃនេះ បានបង្ហាញ​ពី​បំណង​ក្នុង​ការធ្វើ​វិសោធនកម្ម​មាត្រា​សំខាន់​ក្នុង​រដ្ឋធម្មនុញ្ញ​សន្តិភាព​ជប៉ុន ដើម្បី​បើកផ្លូវ​ដល់​ការពង្រឹង​កង​ស្វ័យការពារ​របស់ខ្លួន​។ នេះ​ជា​ជំហាន​ថ្មី​មួយទៀត​របស់លោក អា​បេ ក្រោយពេល​លោក​បាន​ជោគជ័យ​ក្នុងការ​អនុម័ត​ច្បាប់​សន្តិសុខ​ដ៏​ចម្រូងចម្រាស់​កាលពី​ឆ្នាំមុន ដែល​បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ចិន​និង​កូរ៉េខាងត្បូង​។​

​ឆ្លើយតប​នឹង​សំណួរ​របស់​លោកស្រី Tomomi Inada ប្រធាន​ក្រុមប្រឹក្សា​ស្រាវជ្រាវ​គោលនយោបាយ លោកនាយក​រដ្ឋមន្ត្រី អា​បេ បញ្ជាក់ថា ការពិនិត្យ​រដ្ឋធម្មនុញ្ញ​ឡើងវិញ​ជាពិសេស​មាត្រា​៩ ដែល​បាន​ហាម​ជប៉ុន​ធ្វើការ​ពង្រឹង​កងទ័ព គឺមាន​លក្ខណៈ​សមស្រប​នឹង​ស្ថានភាព​បច្ចុប្បន្ន​។ លើសពីនេះ លោក អា​បេ ក៏បាន​បញ្ជាក់ដែរថា ផ្នែក​ខ្លះ​នៃ​មាត្រា​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ​មិន​សមស្រប​នោះទេ ហើយ​ពង្រាង​រដ្ឋធម្មនុញ្ញ​ក៏ត្រូវ​បាន​គណបក្ស​លោក​ធ្វើ​រួចរាល់​ហើយ​ដែរ​។

​លើសពីនេះទៅទៀត លោកនាយក​រដ្ឋមន្ត្រី អា​បេ ដែល​តែងតែ​ចង់​ធ្វើ​វិសោធនកម្ម​តាំងពី​អាណត្តិ​ទី​១​របស់លោក បាន​ប្រាប់​គណៈកម្មាធិការ​សភា​ជាន់​ទាប​ថា រដ្ឋធម្មនុញ្ញ​ជប៉ុន​ត្រូវបាន​អនុវត្ត​តាំងពី​ពេលដែល​អាមេរិក​ត្រួតត្រា​ជប៉ុន​ក្រោយ​សង្គ្រាមលោកលើកទី​២ ហើយ​វា​មិន​សមស្រប​នឹង​ស្ថានភាព​រាល់ថ្ងៃនេះ​ទេ​។ លោក​ជឿថា ការគាំទ្រ​លើ​ការកែ​រដ្ឋធម្មនុញ្ញ​នៅតែមាន​ដដែល ទោះបី​ជាមាន​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​របស់លោក​ក្នុងការ​បកស្រាយ​រដ្ឋធម្មនុញ្ញ​នេះ​កាលពី​ឆ្នាំមុន​ក៏ដោយ​។

​យ៉ាងណាមិញ បើតាម​ច្បាប់​ជប៉ុន វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​អាច​នឹងធ្វើ​បាន​តាម​ការ​ស្នើ​ដោយ​មតិ​ពីរភាគបី​របស់​សភា​ទាំងពីរ​ជាន់​និង​ត្រូវការ​សំឡេងគាំទ្រ​ភាគច្រើន​ពី​ប្រជាមតិ​ថែមទៀត​។ នៅពេលនេះ គណបក្ស​ប្រជាធិបតេយ្យ​សេរី​របស់លោក អា​បេ មាន​សំឡេង​ពីរភាគបី​នៅ​សភា​ជាន់​ទាប​និង​សំឡេង​ភាគច្រើន​នៅ​សភា​ជាន់ខ្ពស់ ហើយ​មាន​គណបក្ស Osaka របស់​អតីត​អភិបាលក្រុង​អូ​សា​កា​ក៏បាន​ប្រកាស​គាំទ្រ​លោក​អា​បេ​នៅ​សភា​ជាន់ខ្ពស់​ផងដែរ​។ នេះ​មា​ន័យ​ថា គម្រោង​វិសោធនកម្ម​អាច​ឆ្លង​តំណាក់កាល​សភា​បាន ដោយ​រង់ចាំតែ​ការបោះឆ្នោត​ប្រជាមតិ​។

​គំនិត​នៃ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​រប​ស់លោក​នាយករដ្ឋមន្ត្រី អា​បេ ក៏​ទទួលរង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មជ្ឈដ្ឋាន​ក្នុងស្រុក​ជប៉ុន​ក៏ដូចជា​ក្រៅ​ស្រុក​ផងដែរ​។ ប្រជាជន​ជប៉ុន​មួយចំនួន​ចង់ឃើញ​រដ្ឋាភិបាល​ផ្ដោតលើ​ការងារ​អភិវឌ្ឍន៍​ជាជាង​លើ​វិស័យ​សន្តិសុខ ជាពិសេស​នោះ​ការតវ៉ា​ប្រឆាំង​កាលពី​ឆ្នាំមុន បានបង្ហាញ​យ៉ាងច្បាស់​ថា​ប្រជាជន​ជប៉ុន​ដូចជា​ធុញថប់​នឹង​រឿងនេះ​ខ្លាំងណាស់​។

​មួយវិញទៀត ប្រទេសជិតខាង​ជប៉ុន​ដែលមាន​ចិន​និង​កូរ៉េខាងត្បូង​ជាដើម មិន​សប្បាយចិត្ត​នោះទេ​នៅពេល​លឺដំណឹង​វិសោធន​កម្មនេះ​។ ពួកគេ​ចាត់ទុក​សកម្មភាព​នេះ ជាការ​ប៉ុនប៉ង​ត្រលប់​ទៅ​អតីតកាល​វិញ នៅពេលដែល​កងទ័ព​ជប៉ុន​ជា​កងទ័ព​ខ្លាំងក្លា​និង​បាន​រាតត្បាត​ពេញ​អាស៊ី​៕  

 


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​