​ការពារ​គ្រូពេទ្យ តែ​មិន​កាន់ជើង​ឡើយ​

បន្ទាយមានជ័យ: គណ​:​គ្រូពេទ្យ​កម្ពុជា ព្រលយ​ថា ខ្លួន និង​ក្រសួងសុខាភិបាល នឹង​តាក់តែង​ច្បាប់​បន្ថែម​ថ្មី លើ​ច្បាប់ និង​យន្តការ​មាន​ស្រាប់ ដើម្បី​ស្នើសុំ​ឯកភាព​ពី រាជរដ្ឋាភិបាល រួច​សុំ​រដ្ឋសភា និង​ព្រះមហាក្សត្រ ប្រកាស​ក្នុង​បំណង​បង្កើន ការការពារ ផ្តល់​ភាពកក់ក្តៅ ដល់​គ្រូពេទ្យ ចៀស​ផុតពី​ការ​បំពារបំពាន លើ​វិជ្ជាជីវ​: ប៉ុន្តែ​នោះ​មិនមែន ជាការ​កាន់ជើង គ្រូពេទ្យ​ខូច​នោះទេ​។​
    
​លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ធា គ្រុយ ប្រធាន​ក្រុមប្រឹក្សា គណ​:​គ្រូពេទ្យ​ជាត​កម្ពុជា និង​ជា​រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បាន​ថ្លែង​ដូច្នោះ កាលពី​ល្ងាច​ថ្ងៃទី​២​ខែកុម្ភ​:​ឆ្នាំ​២០១៦ ក្នុង​សន្និបាត​ក្រុមប្រឹក្សា គណ​:​គ្រូពេទ្យ​កម្ពុជា ខេត្តបន្ទាយមានជ័យ នា​មន្ទីរ​សុខាភិបាល​ខេត្ត​។​
    
​លោក ធា គ្រុយ បាន​និយាយថាៈ បំណង​គណ​:​គ្រូពេទ្យ គឺ​ផ្តល់​ភាពកក់ក្តៅ គិតគូ​ការពារ​បងប្អូន កុំអោយ​នរណា បំពារបំពាន​លើ​ជំនាញ បាន​ស្រេច​នឹង​ចិត្ត​។​
      
​លោក​ប្រធាន​ក្រុមប្រឹក្សា គណ​:​គ្រូពេទ្យ បាន​មានប្រសាសន៍ថា​: "​ទៅមុខ​នេះ យើង​នឹងធ្វើ​ការតាក់តែង​ច្បាប់ ឬ​កែលម្អ​ច្បាប់​មាន​ស្រាប់ ដើម្បី​ការពារ​គ្រូពេទ្យ ដោយ​ស្នើថា រាល់​បណ្តឹង​ប្រឆាំង​គ្រូពេទ្យ ពេល​កំពុងធ្វើការ ឬ​ផ្តល់​សេវា​សុខាភិបាល ក្នុង​វិជ្ជាជីវ​: ត្រូវ​ប្តឹងទៅ​គណ​:​គ្រូពេទ្យ និង​ក្រសួងសុខាភិបាល ដោះស្រាយ​ជាមុន មិនមែន​ប្តឹងទៅ​អយ្យការ ឬ​ចៅក្រម នៃ​តុលាការ​នោះទេ​។ នេះ​ជា​វឌ្ឍនភាព របស់​គណ​:​គ្រូពេទ្យ​"​។​
      
​លោក​បាន​បន្តថាៈ "​គណ​:​គ្រូពេទ្យ ដាច់ខាត​ត្រូវ​ពង្រឹង​ខ្លួន ដើម្បី​ការពារ​គ្រូពេទ្យ អោយ​ម៉ឺងម៉ាត់ តទល់​នឹង​បណ្តឹង ឬ​នរណា​ក៏ដោយ ធ្វើ​អ្វី​មកលើ​គ្រូពេទ្យ​។ តែ​នេះ​មិនមែន យើង​កាន់ជើង​គ្រូពេទ្យ​ទេ​"​។ ដូចជា​ករណី​ពេល​ស​ង្ក្រោះ ព្យាបាល​អ្នក​ជម្ងឺ មាន​អ្នកស្លាប់ តើ​ករណី​នោះ ជា​អំពើ​មនុស្សឃាត ឬ​ធ្វេសប្រហែស វិជ្ជាជីវ​:​ពេទ្យ​កម្រិតណា ដែល​តុលាការ ឬ​កងកម្លាំង​ទទួល​បណ្តឹង ហើយ​នាំខ្លួន​គ្រូពេទ្យ ទៅ​សួរនាំ ហើយ​ប្រើ​ឆន្ទានុសិទ្ធិ ចាប់ឃុំខ្លួន​បណ្តោះអាសន្ន ឬ​ត្រូវ​កាត់ទោស​ដាក់ពន្ធនាគា​រ​តែម្តង​? នេះ​ត្រូវអោយ​គណ​:​គ្រូពេទ្យ និង​ក្រសួងសុខាភិបាល ពិនិត្យ​វិនិច្ឆ័យ យ៉ាង​បន្ទាន់​សិន មិនមែន​អ្វីៗ អោយតែ មាន​បណ្ដឹង​ចាប់​គ្រូពេទ្យ ដាក់គុក​នោះទេ​។ បើ​ធ្វើ​យ៉ាងនេះ ដូច​កន្លងមក គ្រូពេទ្យ ក៏​ដូច​វេជ្ជបណ្ឌិត ឬ​ដល់​ឆ្មប គិលានុបដ្ឋាក គ្នា​រងា គ្នា​ខ្លាច លែង​ហ៊ាន​សម្រេចចិត្ត ទទួល​ពិនិត្យ សង្គ្រោះ ព្យាបាល​អ្នក​ជម្ងឺ​ណា ដែល​ចាំបាច់​សង្គ្រោះបន្ទាន់ អាច​មិន​ស្លាប់  តែបើ​មិន​ហ៊ាន ត្រូវ​បញ្ជូនបន្ត ប្រឈម​នឹង​ស្លាប់​យ៉ាងខ្លាំង​នោះ​។​
      
​ទោះយ៉ាងណា លោក ធា គ្រុយ ក៏​ទទួលស្គាល់ កំហុសឆ្គង​ទាំង​សីលធម៌ ទាំង​វិជ្ជាជីវ​: បុគ្គល​គ្រូពេទ្យ ការ​មិនសូវ​ទុកចិត្ត មិនសូវ​ជឿជាក់ លើ​គ្រូពេទ្យ​កម្ពុជា ពី​សំណាក់​ពលរដ្ឋ ពី​អ្នក​ជម្ងឺ​ទូទៅ​ដែរ​។ ក្នុងនោះ ក៏មាន​ការ​រិ​:​គន់​លើ​គ្រូពេទ្យ ។ ពលរដ្ឋ មានលទ្ធភាព ឬ​មន្ត្រី ឬ​គ្រូពេទ្យ​ខ្លួនឯង ចេញទៅ​ព្យាបាល​ជម្ងឺ នៅ​បរទេស មិន​ទុកចិត្ត​ពេទ្យ ក្នុងស្រុក​យើង​ជាដើម​។​ល​។​
          
​ហេតុនេះ ទាំង​គណ​:​គ្រូពេទ្យ​កម្ពុជា ទាំង​ក្រសួងសុខាភិបាល ត្រូវតែ​ធានាថា ត្រូវតែ​ពង្រឹង​ចំណេះ​ជំនាញ និង​បំពាក់​សម្ភារ​: ឧបករណ៍​បច្ចេកទេស​, ពង្រឹង​ក្រមសីលធម៌ វិជ្ជាជីវៈ ពង្រឹង​សេវា​សុខាភិបាល ពោលគឺ​ចាំបាច់ រួមគ្នា​កសាង​ជំនឿ​ទុកចិត្ត ពី​សាធារណ​:​ជន ដល់​គ្រូពេទ្យ​ឡើងវិញ ពិសេស​សគឺ​សេវា​ពេទ្យ​សាធារណ​: ឬ​ពេទ្យ​រដ្ឋ ដើម្បី​ជួយ​លើកកម្ពស់ សុខុមាលភាព ជួយសង្គ្រោះ​ជីវិត ប្រជាជន​ក្រីក្រ ដែល​គ្មាន​លទ្ធភាព បង់ថ្លៃ​ព្យាបាល​។​
            
​សូមបញ្ជាក់ថា គណ​:​គ្រូពេទ្យ​កម្ពុជា ខេត្តបន្ទាយមានជ័យ ត្រូវធ្វើ​មហាសន្និបាត ៦​ឆ្នាំ លើក​ទី​៣ និង​ក៏ត្រូវ​បោះឆ្នោត​ជ្រើសរើស សមាសភាព​ក្រុមប្រឹក្សា គណ​:​គ្រូពេទ្យ​កម្ពុជា​ខេត្ត អាណត្តិ​ថ្មី រាល់​២​ឆ្នាំ របស់ខ្លួន​។​
          
​ជា​លទ្ធផល សមាសភាព​ក្រុមប្រឹក្សា គឺ​លោក​វេជ្ជបណ្ឌិត កែវ ពេជ្រ​សុវណ្ណ ប្រធាន​ចាស់ បាន​ជាប់ឆ្នោត ជា​ប្រធាន​នៅ​អាណត្តិ​ថ្មី​នេះ​ទៀត និង​មាន​សមាជិក​១១​រូប​។ ហើយ​លើក​នេះ ក្នុង​ខេត្ត​មាន​បេក្ខជន ឈរឈ្មោះ ២៤​នាក់ និង​មាន​អ្នកបោះឆ្នោត ជាង​១០០​នាក់ ហើយ​ត្រូវ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ថ្មី ចំនួន​១១​នាក់​។​
        
​សូម​រំលឹក​ដែរ​ថា តាមច្បាប់​នៃ​ក្រសួងសុខាភិបាល និង​លក្ខន្តិក​: នៃ​គណ​:​គ្រូពេទ្យ​កម្ពុជា ពេទ្យ​មាន​សិទ្ធិ​ពិនិត្យ ព្យាបាល មាន​សិទ្ធិ​បើក​បន្ទប់ ឬ​គ្លីនិក​ព្យាបាល ទាំង​រដ្ឋ ទាំង​ឯកជន​បាន ទាល់តែ​ចុះឈ្មោះ ចូល​បញ្ជី​គណ​:​គ្រូពេទ្យ​កម្ពុជា​។​
        
​បច្ច័យ​នេះ ទើប​មួយរយ​:​ចុងក្រោយ​នេះ លែងមាន​បន្ទប់​ព្យាបាល របស់​ជនបរទេស ដែល​គ្មាន​ច្បាប់ ឬ​មាន តែមាន​ច្បាប់ តែមាន​បញ្ហា​នានា ត្រូវបាន​បំបាត់​អស់ លើកលែង​បើក​មន្ទីរពេទ្យ​ធំៗ​តែម្តង​។​
      
​លោក អោម ចន្ថា អភិបាលរង ខេត្តបន្ទាយមានជ័យ បាន​និយាយថា​: គ្រូពេទ្យ ក៏​ដូច​វេជ្ជបណ្ឌិត គិលានុបដ្ឋាក ឆ្មប ត្រូវតែ​ធ្វើ​បច្ចុប្បន្នភាព អភិវឌ្ឍន៍​ខ្លួន លើ​ជំនាញ​បច្ចេកទេស វិជ្ជាជីវ​: និង​បង្កើន​គោរព​ក្រមសីលធម៌ ក្នុងពេល​បំពេញការងារ បន្ថែមទៀត​។​
      
​លោក​បាន​និយាយថា​: ពេទ្យ​ទាំងអស់ ត្រូវមាន​ចិត្តមេត្តា មាន​មនសិការ និង​ការទទួល ខុសត្រូវ ក្នុង​វិជ្ជាជីវ​: ហើយ​បង្កើន​ជួយ​ពិនិត្យ ព្យាបាល​ជម្ងឺ ជូន​ពលរដ្ឋ​ទូទៅ ពិសេស​ជន​ក្រក្រី ស្ត្រី កុមារ​។ ពោលគឺ​បើ​មាន​អ្នក​ជម្ងឺ មកសុំ​សេវា​ពេទ្យៗ ត្រូវ​សង្គ្រោះ​ជីវិត​ជាមុន សូមកុំ​គិតតែ​ពី​លុយ​មុន​៕V/S

​ការពារ​គ្រូពេទ្យ តែ​មិន​កាន់ជើង​ឡើយ​

​ការពារ​គ្រូពេទ្យ តែ​មិន​កាន់ជើង​ឡើយ​

​ការពារ​គ្រូពេទ្យ តែ​មិន​កាន់ជើង​ឡើយ​