ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តរតនគិរី ៖ ​ស្ត្រី​ជនជាតិ​ឡាវ​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ដ កាលពី​ម៉ោង​១១​យប់​ថ្ងៃ​ទី​៣១ មក​រា​កន្លង​មកនេះ
ខណ​:​ពេល​បុគ្គលិក​ពេទ្យ​ចាក់​ថ្នាំ​ឱ្យ​សម្រាលកូន​មុន​គ្រប់​ខែ ព្រោះ​នាង​មាន​ជំងឺលើសឈាម​ធ្ងន់ ។

ស្ដ្រី​រូប​នោះ​ឈ្មោះ​សា ណ​យ អាយុ​៣៣​ឆ្នាំ ប្ដី​ឈ្មោះ​ភួយ ហួត អាយុ​៣៨​ឆ្នាំ មានកូន​ពីរ​នាក់ នៅ​ក្នុង​បន្ទុក ជា​កសិករ រស់នៅ​ភូមិ​បាន​ប៉ុង ឃុំ​ប៉ុង ស្រុក​វ៉ឺ​ន​សៃ ។ លោក​ភួយ ហួត ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ស្លាប់​ប៉ុន្មាន​ថ្ងៃ ប្រពន្ធ​គាត់​កើត​ជំងឺលើសឈាម​ខណៈ​នាង​មាន​ផ្ទៃពោះ​ជាង​៦​ខែ ។ នៅ​ថ្ងៃ​ទី​២៩ មក​រា ឆ្នាំ​២០១៦ គាត់​នាំ​ប្រពន្ធ​ទៅ​មណ្ឌល​សុខភាព​ស្រុក​វ៉ឺ​ន​សៃ ហើយ​គ្រូពេទ្យ​បាន​ចាក់​ថ្នាំ​បញ្ចុះ​ឈាម​មួយ​ម្ជុល ស្រាប់តែ​ថ្នាំ​ធ្វើទុក្ខ​បណ្តាល​ឱ្យ​ហត់​ហេវ អស់កម្លាំង ។ ពេល​នោះ​គ្រូពេទ្យ​មណ្ឌល​បាន​ចេញ​លិខិតបញ្ជាក់​ឱ្យទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​បន្ត​ទៀត ។

នៅ​ថ្ងៃ​ទី​២៩ មក​រា​នោះ គាត់​មិន​បាន​នាំ​ប្រពន្ធ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ទេ លុះដល់​ថ្ងៃ​ទី​៣០ មក​រា ឆ្នាំ​២០១៦ ទើប​ឌុ​ប​នាង​តាម​ម៉ូតូ​ទៅ ។នៅ​ពេល​ទៅ​ដល់​ដំបូង​ក្រុម​គ្រូពេទ្យ​ហាក់​យកចិត្ដទុកដាក់​ជាមួយ​ប្រពន្ធ​របស់​គាត់ ហើយ​បាន​ចាក់​ថ្នាំ​ថែម​មួយ​ចំនួន​ទៀត ។ នៅ​ថ្ងៃ​បន្ទាប់ គឺ​យប់​ថ្ងៃ​ទី​៣១ មក​រា គេ​បាន​ដូរ​ឱ្យ​អ្នកគ្រូ​ពេទ្យ​ក្មេង​ៗ (​ប្រហែលជា​ពេទ្យ​ធ្វើកម្មសិក្សា​) ចំនួន​ពីរ​នាក់​មើល​ប្រពន្ធ​គាត់​បន្ដ ។

អ្នកគ្រូ​ពេទ្យ​ទាំង​ពីរ​នាក់​នោះ​មិនសូវ​យល់​ដឹង​ពី​ស្ថានភាព​ជំងឺ​ទេ ទេ​ី​ប​ពេល​ឃើញ​ប្រពន្ធ​គាត់​ស្ថិត​ក្នុង​សភាព​ធ្ងន់ ស្លេកស្លាំង​គ្មាន​ឈាម ក៏​ចាក់​ថ្នាំ​បើក​ស្បូន​ដើម្បី​ឱ្យ​សម្រាលកូន​ដែល​ទើប​ពពោះ​បាន​ជាង​៦​ខែ ។ រហូត​ដល់​ម៉ោងជាង​១១​យប់​ថ្ងៃ​ទី​៣១​មក​រា​ប្រពន្ធ​គាត់​សម្រាល​បានកូន​ស្រី​ម្នាក់ ប៉ុន្ដែ​ជា​អកុសល ភ្លាម​ៗ​នោះ​ប្រពន្ធ​គាត់​ក៏​ស្លាប់ ។ មួយសន្ទុះ​ក្រោយមក​កូនស្រី​ដែល​ទើប​កើត​នោះ​ក៏​ស្លាប់​ដែរ ។

បុរស​ជា​ប្តី​បាន​ស្តីបន្ទោស និង​ចោទប្រកាន់​ថា ការ​ស្លាប់​ប្រពន្ធ និង​កូនខ្ចី​របស់​គាត់​នោះ គឺ​ដោយសារ​ខ្វះ​ឈាម ព្រោះ​គ្រូពេទ្យ​នៅ​ស្រុក​វ៉ឺ​ន​សៃ​ចាក់​ថ្នាំ​បញ្ចុះ​ឈាម ហើយ​ទៅ​ដល់​មន្ទីរពេទ្យ​ខេត្ដ​ប្រហែល​ចាក់​ថ្នាំ​បញ្ចុះ​ឈាម​ទៀត ទេ​ី​ប​ធ្វេ​ី​ឱ្យ​មាន​គ្រោះ​អកុសល​បែប​នេះ ។ លោក​ហ៊ីង ផា​ន​សគ​ន្ធា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ដរតនគិរី ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​១ កុម្ភៈ ថា ស្ត្រី និង​កូន​នោះ​មិនមែន​ស្លាប់​ដោយសារ​ការ​ធ្វេសប្រហែស​របស់​ក្រុម​គ្រូពេទ្យ​ទេ គឺ​ដោយសារ​ជំងឺ​ប្រចាំ​កាយ​របស់​គាត់ ។ នៅ​យប់​ដែល​ស្ដ្រី​រូប​នោះ​ស្លាប់មាន​ក្រុម​គ្រូពេទ្យ ជំនាញ​ៗ​ច្រើន​នៅ​ទីនោះ តែ​ចំណែក​ពេទ្យ​ស្រី​វ័យក្មេង​២​នាក់​នោះ​បាន​ចូល​បម្រើ​ការ​ជាង​បី​ឆ្នាំ​មក​ហើយ ។ ពួក​នាង​ឈរ​ក្បែរ​វេជ្ជបណ្ឌិត​ក្រែង​មាន​កិច្ចការ​ណា​ត្រូវ​ជួយ ហើយ​ពួក​នាង​ក៏​ជា​បងប្អូន​របស់​អ្នក​ដែល​ស្លាប់​នោះ​ដែរ។

ជំទប់​ឃុំ​ប៉ុង ឲ្យ​ដឹង​ថា ករណី​ស្ដ្រី​សម្រាល កូន​មិន​រួច ហើយ​ស្លាប់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដរតនគិរី​នោះ សម្រាប់​តែ​ភូមិ​បាន​ប៉ុង ឃុំ​ប៉ុង ស្រុក​វ៉ឺ​ន​សៃ នា​ដើមឆ្នាំ​២០១៦​នេះ មាន​ពីរ​នាក់​រួច​ទៅ​ហើយ ។ បើ​គិត​ជា​រួម​សម្រាប់​ខេត្តរតនគិរី​មាន​បួន​ករណី​មក​ហើ​យ ។
ថ្មី​ៗ​កន្លង​មក​ប្រជាពលរដ្ឋ​ធ្លាប់​បាន​លើកយក​បញ្ហា​សម្រាលកូន និង​ការ​រើសអើង​ដល់​អ្នកជំងឺ​គឺ​អ្នកមាន និង​អ្នកក្រ រួម​ទាំង​ការ​ទុក​ឱ្យ​អ្នកជំងឺ​អត់​លុយ​ដេកចាំ​សេចក្ដីស្លាប់ នៅ​ក្នុង​វេទិកាសាធារណៈ​ដែល​មាន​លោក​លី ធុ​ជ ទេស​រដ្ឋមន្ដ្រី​ទទួល​បន្ទុក​បេសកជន​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ដរតនគិរី​ចូលរួម ឱ្យ​ដឹង​ឮ និង​ដើម្បី​ឱ្យ​ជួយ​អន្ដរាគមន៍​ទៅ​លោក​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ឱ្យ​រឹត​បន្តឹង​ចំពោះ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​របស់​គ្រូពេទ្យ ។

កាលពី​ថ្ងៃ​ទី​២៦ មក​រា លោក​ទេស​រដ្ឋមន្ដ្រី​លី ធុ​ជ បាន​ទៅ​ពិនិត្យ ហើយ​ប្រាប់​លោក ហ៊ីង ផា​ន​សុ​គ​ន្ធា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ថា​បញ្ហា​សង្គ្រោះ​អាយុជីវិត និង​ថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ ជា​រឿង​ចម្បង ដូច្នេះ​បន្ដ​ប្រឹងប្រែង​បន្ថែម​ទៀត ។សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត តែងតែ​យកចិត្ដទុកដាក់​ពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ ជា​ពិសេស​សុខភាព​កុមារ និង​ស្ដ្រី​កូនខ្ចី ។

លោក​អ៊ុ​ង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដរតនគិរី​ទទួលស្គាល់​ថា ក្រុម​គ្រូពេទ្យ​ដែល​បំពេញការងារ​នៅ​មន្ទីរពេទ្យ​បង្អែក​បច្ចុប្បន្ន មានការ​ធ្វេស​ប្រហែល​ខ្លះ​មែន តែ​លោក​នឹង​ជួយ​ជំរុញ​ដោយ​ណែនាំ​ក្រុម​គ្រូពេទ្យ​ទាំង​អស់នោះ​ឱ្យ​យកចិត្ដទុកដាក់​ទៅ​លើ​ការងារ គឺ​ព្យាបាល​ថែទាំ​អ្នកជំងឺ​ឱ្យ​បាន​ល្អ​ប្រសើរ​ឡេ​ី​ង ឱ្យ​ស័ក្តិ​សមជា​គ្រូពេទ្យ​ដែល​មានគុណ​ធម៌ ។ សព​ស្ដ្រី​ជនជាតិ​ឡាវ​នោះ​ត្រូវ​បាន​ប្រគល់​ឱ្យ​សាច់ញាតិ​យក​ទៅ​ធ្វេ​ី​បុណ្យ​តាម​ប្រពៃណី រួម​ជាមួយ​ស្រី​កូន​នោះ​ផង ៕