ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ស្លាប់​៤​នាក់ (​ស្រី​១​នាក់​) របួសធ្ងន់​១១​នាក់ (​ស្រី​៤​នាក់​) របួសស្រាល​១៤​នាក់ (​ស្រី ៥​នាក់​) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​១៨​នាក់ (​យប់​៥​នាក់​) កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​០៣ កុម្ភៈ ២០១៦ ។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២​លើក​ខាងលើ បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២១​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១៦​គ្រឿង រថយន្ត​ធុន​តូច​២​គ្រឿង និង​រថយន្ត​ធំ ៣​គ្រឿង​ផង​ដែរ ។

មូលហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន​ល្មើស​ល្បឿន​៣​លើក ប្រជែង​គ្រោះថ្នាក់​១​លើក ស្រវឹង​៣​លើក បើក​មិន​ប្រកាន់​ស្តាំ​១​លើក បត់​គ្រោះថ្នាក់​១​លើក និង​មិន​គោរព​សិទ្ធិ​៣​លើក ដោយឡែក​យាន​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​៩១៥៨​គ្រឿង បាន​ធ្វើការ​អប់រំ​មាន​៤៧៣២​គ្រឿង និង​ពិន័យ​សរុប​៤៤២៦​គ្រឿង ។