ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ​ ៖ ​កម្លាំង​នរ​គ​បាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយ​លោក ​ប៊ុ​ន សំអាត ស្នងការ​រង​រាជធានី​ភ្នំពេញ​ បាន​​ចុះ​បង្ក្រាប​​ និង​ចាប់​ខ្លួន​មេខ្លោង​ជួញដូរ​ថ្នាំ​ញៀន​ជនជាតិ​ចិន​​៤​នាក់ (ស្រី្ត​២​នាក់​) ជាមួយ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ជាង​១​គីឡូ​​ក្រាម​នៅ​បន្ទុប់​លេខ​៥០៧​ ​និង​លេខ​​​៥៦៥ ក្នុង​​សណ្ឋាគារ​​មួយ កាលពី​វេលា​ម៉ោង​៨​​និង​១០​នាទី​យប់​ថ្ងៃ​ទី​៣ ​កុ​ម្ភៈ ​​២០១៦​ ​ស្ថិត​នៅ​ក្រុម​១០​ ភូមិ​១ ​​សង្កាត់​ជ្រោយចង្វារ ​ខណ្ឌ​ជ្រោយចង្វារ ​។​

ជនជាតិ​ចិន​ទាំង​៤​នាក់​​ខាង​លើ​នេះ មាន ​១​-​ឈ្មោះ លី គឹ​ម​ឆាយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​កាត់​ចិន ​ស្នាក់​នៅ​សង្កាត់​ផ្សារ​កណ្តាល​១ ​ខណ្ឌដូនពេញ ២-​ឈ្មោះ​ ស៊ូ ណាំង​ណាំង អាយុ​២១​ឆ្នាំ​ ជនជាតិ​ចិន ​៣-​ឈ្មោះ ហា​យ យៀន​ ភេទ​ស្រី អាយុ​៣១​ឆ្នាំ​ ជនជាតិ​ចិន ​និង​៤-​ឈ្មោះ​ ​ហ្វា​ង ​គី​ម​ដុ​ង អាយុ​២១​ឆ្នាំ​ ជនជាតិ​វៀតណាម​កាត់​ចិន ។​ ចំណែក​វត្ថុ​តាំង​ដែល​សមត្ថកិច្ច​​ដកហូត​បាន ​រួម​មាន ​ម្សៅ​ស​ក្រាម​ប្រភេទ​ម៉ា​ទឹកកក​១​ក​ញ្ចា​ប់​ធំ​ ​ទម្ងន់​ជាង​១​គីឡូ​​ក្រាម​ ជ​ញ្ជីង​១ ​និងឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​​ទៀត ។​

លោក ​ប៊ុ​ន ​សំអាត​ ​​បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កម្លាំង​ចាប់​​ឃាត់​ខ្លួន​ជនជាតិ​ចិន​ជា​មេ​​ខ្លោង​ជួញដូរ​ថ្នាំ​ញៀន​ទាំង​៤​នាក់​នេះ​បាន​ គឺ​កម្លាំង​ជំនាញ​របស់​លោក​បាន​​ស្រាវជ្រាវ​ជាង​២​ខែ​មក​ហើយ ​ទើប​​នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​​ថ្ងៃទី​៣ កុម្ភៈ ​​កម្លាំង​​ចុះ​​បង្ក្រាប​​និង​​ចាប់ខ្លួន​ក្រុម​ជនជាតិ​ចិន​​ទាំង​៤​នាក់​នេះ​​ ​នៅ​ក្នុង​សណ្ឋាគារ​​​ខាង​លើ​​ដោយ​កម្លាំង​​​បាន​​ឆែកឆេរ​នៅ​ក្នុង​បន្ទុប់​​​របស់​ជនជាតិ​ចិន​ប្រុស​ស្រី​ទាំង​៤​នាក់​​​ខាង​​រក​​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ជាង​១​គីឡូ​​ក្រាម​​ដាក់​នៅ​ក្នុង​កាបូបយួរ​ ​និង​ឧបករណ៍​​​មួយ​ចំនួន ​។​

​ជន​​​សង្ស័យ​ទាំង​៤​នាក់​នេះ​​​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​​ទៅ​​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿង​នៃ​ស្នងការ​​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​​ដើម្បី​ចាត់​ការ​តាម​នីតិ​វី​ធី​​ ៕