ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​នាំ​គ្នា​ឈរ​មើល​ព្រោងព្រាត​បន្ទាប់​ពី​ប្រទះ​ឃើញ​បុរស​២​នាក់​ឈប់​រថយន្ត​ដេក​លក់​ស្កប់ស្កល់​​ក្នុង​រថយន្ត​នៅ​កណ្តាល​ថ្នល់​ ត្រូវ​បាន​សមត្ថកិច្ច​ដាស់​ជិត​មួយ​ម៉ោង​ទើប​ដឹងខ្លួន​ហើយ​​បើករថយន្ត​ចេញ​ទៅ​បាត់ ​​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី៣​ ​កុម្ភៈ ត្រង់​ចំណុច​​មុខ​ហាង​ខារ៉ាអូខេអង្គរ
សំ​រិ​ទ្ធ តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២​ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​២​ ខណ្ឌទួលគោក ។

រថយន្ត​ដែល​មាន​អ្នកបើកបរ​និង​អ្នក​រួម​ដំណើរ​ស្រវឹង​ដេក​នៅ​ក្នុង​រថយន្ត​នោះ​ម៉ាក គា (KIA) ព​ណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AE-1836 បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ក្នុង​ស្ថានភាព​ស្រវឹង​ជោក​​ជាំ  ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ខាងលើ​បើកបរ​ដោយ​បុរស​ពីរ​នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ជោក​​ជាំ​​ លុះ​មក​ដល់​​ចំណុច​កើតហេតុ​ដោយសារ​តែ​ស្រវឹង​ខ្លាំង​ពេក​បើក​ទៅ​មុខ​លែង​រួច ​មិន​បាន​បើករថយន្ត​អែប​ទៅ​ចិញ្ចើម​ផ្លូវ​ទេ​ បាន​ឈប់​នៅ​កណ្ដាលផ្លូវ​នាំ​គ្នា​ដេក​អង្គុយ​លក់​ទាំង​២​នាក់​តែម្តង ដោយ​មិន​ខ្វល់​ពី​អ្នក​ណា​ទាំងអស់ ។

ក្រោយ​ពេល​កើត​ហ​តុ​ គេ​ឃើញ​មាន​អ្នក​រត់​ម៉ូតូឌុប សន្តិសុខ​ និង​ប្រជាពលរដ្ឋ​ មក​ឈរ​ចោមរោម​មើល​រថយន្ត​មួយ​គ្រឿង​ ហើយ​ពួក​គាត់​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​មូល​ដ្ឋាន​ឱ្យ​ចុះ​មក​​កន្លែង​កើតហេតុ ពេល​សមត្ថកិច្ច​​មក​ដល់​​​ព្យាយាម​ដាស់​អ្នក​ទាំង​២នាក់​​អស់​រយៈពេល​ជិត​មួយ​ម៉ោង​ ទើប​​​ភ្ញាក់​ឡើង​​ស្រឡាំងកាំង​មិន​បាន​ចុច​កញ្ចក់​និយាយ​ស្តី​អ្វី​ទាំងអស់​ ​ហើយ​ក៏​​បើករថយន្ត​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ​ ៕