សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖ រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​មិត្តភក្តិ​ក្នុង​ពិភព​សិល្បៈ​រៀប​ការ​ជា​បន្តបន្ទាប់ តែ​ចំណែក​សូ​ដា នី​តា ហាក់​តោះតើយ​នឹង​ជីវិត​គូស្រករ​បន្ទាប់​ពី​កន្លង​មក​ស្នេហា​របស់​នាង​ហាក់​មិន​សមប្រកប​ពី​ម្នាក់​ទៅ​ម្នាក់ ។ មូលហេតុ​នេះ​ហើយ​ទើប​សូ​ដា នី​តា ហាក់​ឆ្អែត​រឿង​ស្នេហា ហើយ​យកចិត្តទុកដាក់​ពី​អាជីព​សិល្បៈ​ដើម្បី​យឹតយោង​ជីវភាព​គ្រួសារ​ឲ្យ​ប្រសើរ​ឡើង ។

កន្លង​មក​កញ្ញា​សូ​ដា នី​តា រុំ​ព័ទ្ធ​ដោយ​ស្នេហា​បរាជ័យ​ជា​បន្តបន្ទាប់​ក្នុង​ជីវិត​នៅ​លីវ​របស់​នាង រាប់​ទាំង​បុរស​ក្នុង​អាជីព​សិល្បៈ និង​បុរស​អាណិកជន​រស់នៅ​ក្រៅប្រទេស ។ កញ្ញា​សូ​ដា នី​តា ធ្លាប់​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ឌី​ជេ​ឡាយ​អិន អតីត​តារា​សម្តែង​លោក​ងួ​ន វ៉ា​រី និង​បុរស​ម្នាក់​ទៀត​រស់នៅ​ក្រៅប្រទេស ។ ស្នេហា​បី​ភ្លើង​របស់​សូ​ដា នី​តា​ដាច់ដោច​ទាំងអស់ ។ ភ្លើង​ស្នេហ៍​ឆេះ​ឡើង​ដូច​ភ្លើងចំបើង ដូច្នេះ​ហើយ​តារា​រូប​ស្រស់​សាច់​សម្នាក់​នេះ​ឆ្អែត​នឹង​សេ្ន​ហា ហាក់​មិន​ចង់​ភ្ជាប់​ខ្លួន​ជាមួយ​ចំណង​ស្នេហ៍​ថ្មី​ទៀត​ទេ ។  ទំនង​បែប​នេះ​ហើយ​ទើប​សូ​ដា នី​តា​មិន​បង្កើត​ចំណងស្នេហា​ជាមួយ​បុរស​ណា​ទៀត បើ​ទោះជា​នាង​ឧស្សាហ៍​លើក​បញ្ជាក់​ថា​មាន​បុរស​ជា​ច្រើន​សុំ​រៀប​ការ​សាង​អនាគត​ក៏​ដោយ ។

តារា​រាង​ខ្ពស់​និង​បោះ​ជំហាន​ក្នុង​ពិភព​សិល្បៈ​យូរ​ឆ្នាំ​កញ្ញា​សូ​ដា នី​តា និយាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​ពេល​នេះ​មិន​អត់​នោះ​ទេ​សម្រាប់​អ្នក​សុំ​ស្អំ​បេះដូង គឺ​មាន​ច្រើន​នាក់​ណាស់​ឲ្យ​តែ​នាង​ខ្ញុំ​«​អូ​ខេ​» ពិតជា​មិន​ខ្វះ​ឡើយ រាប់​ទាំង​បុរស​ក្នុងស្រុក និង​ក្រៅ​ស្រុក ។ ប្រការ​សំខាន់ គឺ​អ្នក​ដែល​មក​នោះ​ហាក់​មិន​អាច​ធ្វើ​ឲ្យ​នាង​ខ្ញុំ​ចិត្តទន់​បាក់​អារម្មណ៍​ងាក​មក​ឈ្វេងយល់​ចិត្ត​គ្នា​ពិចារណា​បាន ទើប​នាង​ខ្ញុំ​មិន​អាច​កត់សម្គាល់​បាន​ក្រៅ​តែ​ពី​មិត្តភាព និង​ការ​រាប់អាន​ធម្មតា​ប៉ុណ្ណោះ ។ ដំណាក់កាល​ពេល​នេះ​ចង់​អ្នក​ណា​គេ​ថា​នាង​ខ្ញុំ​អាយុ​ច្រើន​ក៏​មិន​អី​ដែរ សំខាន់​នាង​ខ្ញុំ​យល់​ថា រស់នៅ​ម្នាក់ឯង​ដូច​ជា​ស្រឡះ​ខ្លួន មាន​សេរីភាព​ច្រើន ហើយ​ធ្វើ​កិច្ចការ​អ្វី គឺ​ស្រួល​ចិត្ត ចង់ទៅ​ណា​ក៏​បាន​មិន​មាន​អ្នក​ណា​ទើសចិត្ត ។​នាង​ខ្ញុំ​មិនមែន​មិន​គិត​រឿង​រៀប​ការ​ទេ សំខាន់​ពេល​នេះ​ចាប់​យក​ការងារ​នៅ​ចំពោះ​មុខ​ឲ្យ​បាន​ប្រសើរ​ជា​បន្ត​ទៀត ព្រោះថា​សិល្បៈ​កំពុង​តែរ​ត់រក​នាង​ខ្ញុំ ត្រូវ​សម្តែង​រាល់ថ្ងៃ រាប់​ទាំង​ច្រៀង​ក្នុង​មង្គលការ មាន​ទាំង​អាជីព​ពិធី​ការិនី ដើរ​បង្ហាញ​ម៉ូ​ដ​ទៀត​ផង ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​ថែម​ទាំង​ទទួល​ថត​រឿង​មួយទៀត​ឲ្យ​គេ​ដូច្នេះ​កាន់តែ​មមាញឹក អត់​មាន​កម្លាំង​ណា​ទៅ​ឆ្លើយឆ្លង​រឿង​ស្នេហា​អូន​បង​ទេ បើ​១​អាទិត្យ​សម្រាក​នៅផ្ទះ​បាន​១​ដង ឬ​២​ដង អាទិត្យ​ខ្លះ​អត់​បាន​សម្រាក​ក៏​មាន ។

ខ្ញុំ​មិន​ទាន់​គិត​រឿង​ស្នេហ៍​នោះ​ទេ ព្រោះថា​ចង់​ផ្អឹប​សិន ណាមួយ​នៅ​អំឡុង​ប៉ុន្មាន​ខែ​ទៀត​នាង​ខ្ញុំ​ត្រូវ​ទៅ​បារាំង​សម្តែង​កាន់តែ​គិតគូរ​រិះរក​គំនិត​ថ្មី​ធ្វើ​បែប​ណា​ឲ្យ​ល្អ​បងប្អូន​ចូល​ចិត្ត​បន្ត​ទៀត​។ ម្យ៉ាងទៀត​មក​ពី​នាង​ខ្ញុំ​ក៏​ចង់​គិតគូរ​ជួយ​យោង​បងប្អូន អ្នក​ផ្ទះ​ឲ្យ​កាន់​ប្រសើរ​ជា​បន្ត​ទៀត ចង់​ឲ្យ​ប្អូន​មាន​អនាគត​រឹង​មាំ និង​ម្តាយ​ឲ្យ​សប្បាយ​ចិត្តជា​រឿង​សំខាន់ ទាន់​ឱកាស​នៅ​មាន ហើយ​ការងារ​រត់​រក ។ ណាមួយ​បើ​និយាយ​ពី​សិល្បៈ​វិញ​មាន​គេ​ហៅ​ធ្វើ​ជា​ពិធី​ការិនី​តាម​ស្ថានីយ​ដូច​មុន​ដោយ​ខ្លះ​ចង់​ឲ្យ​ចុះ​កុងត្រា ប៉ុន្តែ​នាង​ខ្ញុំ​ចង់បាន​តួនាទី​ពិធី​ការិនី​ឯករាជ្យ​មួយ​ជា​សំខាន់ ទើប​នាង​ខ្ញុំ​ហាក់​ម្តង​នៅ​ប៉ុស្តិ៍​នេះ ម្តង​ប៉ុស្តិ៍​នោះ​ដើម្បី​ងាយស្រួល​ដល់​ការ​ចេញ​ទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង​មិន​ចងជើង​យើង​»។

សូ​ដា នី​តា ថ្លែងអំណរគុណ​ចំពោះ​ទស្សនិកជន​ក្នុង និង​ក្រៅប្រទេស ដែល​និយម​គាំទ្រ​រូប​នាង និង​អ្នកសិល្បៈ​ទាំងអស់​ដោយ​ជួយ​ឲ្យ​មាន​ទីផ្សារ​ការងារ នេះ​ជា​ការ​លើកទឹកចិត្ត​អ្នកសិល្បៈ​៕