ចោរ​គាស់​ស្នាក់​ការ​ក្រុមហ៊ុន​លួច​បាន​ជិត​3​មុឺ​ន​ដុល្លារ ឧកញ៉ា យិ​ន សុ​វ​ណ្ណី ថា​ចោរលួច​ច្រើន​ដង​ហើយ

ចោរ​គាស់​ស្នាក់​ការ​ក្រុមហ៊ុន​លួច​បាន​ជិត​3​មុឺ​ន​ដុល្លារ ឧកញ៉ា យិ​ន សុ​វ​ណ្ណី ថា​ចោរលួច​ច្រើន​ដង​ហើយ

រាជធានី​ភ្នំពេញ ៖ ស្នាក់​ការ​ក្រុមហ៊ុន​មួយ​ឈ្មោះ​ខា​ហ្សា ថប ខ​ប​ភើ​រេ​សិន​លេខ​៦២E ផ្លូវ​លេខ​៥៩៨ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ដែល​គេ​ស្គាល់​ថា ជា​លំនៅ​ឋាន​របស់​លោក​ឧកញ៉ា យិ​ន សុ​វ​ណ្ណី ត្រូវ​បាន​ចោរ​ចូល​គាស់​យក​ប្រាក់​អស់​ប្រមាណ​ជិត​៣​ម៉ឺន​ដុល្លារ រួម​ទាំង​ឯកសារ​សំខាន់​ៗ និង​ប្លង់​ដី​ជា​ច្រើន​ទៀត ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ក្រុម​ចោរ​បាន​ចូល​ទៅ​ក្នុងផ្ទះ​ធ្វើ​សកម្មភាព​លួច​នៅ​ចន្លោះ​វេលា​ម៉ោង​ប្រមាណ​១២​យប់​ទៅ​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២ កុម្ភៈ ខណៈ​ពេល​ដែល​ម្ចាស់​ចាក់សោ​ផ្ទះ​ចេញ​ទៅ​ជួប​មិត្តភក្តិ ។

លោក​ឧកញ៉ា យិ​ន សុ​វ​ណ្ណី បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ទី​១ កុម្ភៈ មុន​ពេល​កើតហេតុ​គាត់​បាន​ជួបជុំ​មិត្ត​ភ​ក្កិ​ចំនួន​៣​នាក់​ហូប​បាយ​រួម​គ្នា​នៅ​ក្នុងផ្ទះ ។ ក្រោយ​ពី​បែក​គ្នា នៅ​វេលា​ម៉ោង​១២​យប់​ក៏​បាន​ចាក​ចេញពីផ្ទះ​ទៅ​ជួប​មិត្តភក្តិ​នៅ​ខាងក្រៅ​នៅ​សល់​តែ​អ្នកបើកបរ​២​នាក់​ប្តី​ប្រពន្ធ ។ លុះដល់​ម៉ោង​៣​ទៀប​ភ្លឺ ទើប​ត្រឡប់​មក​ផ្ទះ​វិញ ពេល​ឃើញ​ទ្វារ​បន្ទប់​គេង​ជាប់​សោ ក៏​មិន​ចាប់អារម្មណ៍​ដែរ ហើយ​ក៏​ទៅ​សម្រាក​នៅ​បន្ទប់​មួយទៀត ។ នៅ​ម៉ោង​ប្រមាណ​៨​ព្រឹក​ក៏​ក្រោក​ទៅ​ធ្វើការ​និង​ទៅ​មើល​ឪពុក​ដែល​មាន​ជំងឺ ។

តាម​ម្ចាស់​លំនៅ​ឋាន​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២ កុម្ភៈ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ បានឃើញ​វ៉ា​លី​ជ្រុះ​នៅ​ចំហៀង​ផ្ទះ​ក៏​បាន​ហៅ​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ឃើញ​ឯកសារ​មួយ​ចំនួន​ហើយ​ក្រោយមក​ក៏​បាន​ហៅ​ជាង​ទៅ​ធ្វើ​សោ​ចាក់​ចូល​បន្ទប់ ស្រាប់តែ​ឃើញ​របស់របរ​ត្រូវ​ចោរ​រើ​កកាយ បាត់​ប្លង់​ដី ឯកសារ​សំខាន់​មួយ​ចំនួន​និង​ប្រាក់​ចំនួន​២៨០០០​ដុល្លារ​រួច​ក៏​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​វេលា​ម៉ោង​ប្រមាណ​ជិត​៦​ល្ងាច ។

លោក​ឧកញ៉ា​បានអោយ​ដឹង​ទៀត​ថា កន្លង​ទៅ​លំនៅ​ឋាន​របស់​គាត់​ត្រូវ​បាន​ចោរ​ចូល​លួច​ជា​ច្រើន​ដង​មក​ហើយ ។
គួរ​បញ្ជាក់​ថា លោក​ឧកញ៉ា យិ​ន សុ​វ​ណ្ណី មានរឿង​ចម្រូងចម្រាស់​ប្តឹងផ្តល់​គ្នា​ជាមួយ​លោក​ឡៅ ប៊ុ​ន​ប៉ា រឿង​ទិញ​-​លក់​អាជ្ញាប័ណ្ណ​ខ្សាច់​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ​អនុវត្ត​ដីកា​រឹបអូស​ផ្ទះ ជា​ច្រើន​លើក​មក​ហើយ​តែ​មិន​បាន​សម្រេច ។ ពេល​នេះ​មាន​ដំណឹង​ថា ឯកសារ​សំខាន់​ៗ​នោះ ក៏​ត្រូវ​ចោរ​ប្រមូល​យក​ទៅ​អស់​ដែរ ៕