អនុវត្ត​សាលដីកា​តុលាការ​កំពូល​យក​ដី​និង​ផ្ទះ​ត្រូវ​បាន​ជំទាស់​ដោយ​ប្រើ​ដប​សាំង

អនុវត្ត​សាលដីកា​តុលាការ​កំពូល​យក​ដី​និង​ផ្ទះ​ត្រូវ​បាន​ជំទាស់​ដោយ​ប្រើ​ដប​សាំង

ខេត្តព្រៃវែង ៖ លោក ឈឿ​ន សុ​ផុ​ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៣ កុម្ភៈ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​មួយ​ក្រុម ចុះ​ទៅ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​នៅ​ភូមិ​ឧត្តម ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាម​រក៍ ។ ប៉ុន្តែ​សកម្មភាព​នេះ​ត្រូវ​បាន​រារាំង​ប្រឆាំង​តប​មក​វិញ​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​ម្ចាស់ផ្ទះ​រហូត​ធ្វើ​ឱ្យ​លោក​ព្រះរាជអាជ្ញា​រង​ត្រូវ​បង្ខំចិត្ត​ដកថយ​ទៅ​វិញ និង​លើក​ពេល​អនុវត្ត​សាលក្រម​ទៅ​ពេល​ក្រោយ​ទៀត ។

ស្ត្រី​ឈ្មោះ សុខ នី អាយុ​៣៨​ឆ្នាំ ជា​ម្ចាស់ផ្ទះ​ខាងលើ​បាន​អះអាង​ថា ការ​ចុះ​អនុវត្ត​សាលដីកា របស់​តុលាការ​កំពូល​នេះ​គឺ​មិន​យុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​គាត់​នោះ​ទេ ដោយ​គាត់​បាន​លើក​ឡើង​ថា គាត់​ជំពាក់​លុយ​ដើមបណ្តឹង​ឈ្មោះ ប្រាក់ ហោ​លី បូក​រួម​ទាំង​ការ​ប្រាក់​សរុប ៩៦០០​ដុល្លារ ហើយ​គាត់​បាន​យក​ប្រាក់​ទៅ​សង​ដើមបណ្តឹង​២-៣​ដង​ហើយ តែ​គេ​មិន​យក​បែរជា​មក​ទាមទារ​យក​តែ​ដី​និង​ផ្ទះ​របស់​គាត់​ទៅ​វិញ ធ្វើ​បែប​នេះ​តើ​ឱ្យ​គាត់​និង​ក្រុម​គ្រួសារ​ទៅ​រស់​នៅឯណា ?

ដោយឡែក​លោក ឈឿ​ន សុ​ផុ​ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តព្រៃវែង បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ដើមបណ្តឹង​ឈ្មោះ ប្រាក់ ហោ​លី បាន​ប្តឹង​ចូល​តុលាការ​ដោយ​ចោទប្រកាន់​ថា ឈ្មោះ សុខ នី ជា​ម្ចាស់ផ្ទះ​ជំពាក់​លុយ​ខ្លួន​៩៦០០​ដុល្លារ​មិន​ព្រម​សង ហើយ​ក្រោយ​ពី​បើក​សវនាការ​ទាញហេតុផល​ផ្ទាល់មាត់​រួច តុលាការ​បាន​សម្រេច​ឱ្យឈ្មោះ សុខ នី សង​លុយ ទៅ​ដើមបណ្តឹង​ឈ្មោះ ប្រាក់ ហោ​លី វិញ តែ​ឈ្មោះ សុខ នី រូប​នេះ​មិន​ព្រម​សង​ទើប​តុលាការ​ប្រកាស​យក​ដី​ផ្ទះ​ទំហំ​៩​ម៉ែត្រ​គុណ​៩​ម៉ែត្រ ដាក់​លក់​ឡាយឡុង​ហើយ​ត្រូវ​បាន​ឈ្មោះ ប្រាក់ ហោ​លី ទទួល​ទិញ​ដី​ឡាយឡុង​នេះ​ពី​តុលាការ​ដោយ​ស្របច្បាប់ ។ ប៉ុន្តែ​ភាគី​ម្ចាស់ផ្ទះ ឈ្មោះ សុខ នី មិន​ព្រម​ប្រគល់​ផ្ទះ និង​ដី​ឱ្យ​គេ​អស់​រយៈពេល​ជិត​៤​ឆ្នាំ​ហើយ ទើប​ពេល​នេះ​រូប​លោក​ដឹកនាំ​កម្លាំង​ចុះ​មក​រុះរើ​យក​ដី​នេះ​ប្រគល់​ទៅ​ឱ្យ​ម្ចាស់​ស្របច្បាប់​វិញ ។

ទោះជា​យ៉ាងណា​ក៏​ដោយ សកម្មភាព​ចុះ​រុះរើ​ផ្ទះ​ខាងលើ​នេះ មិន​បាន​ទទួល​ជោគជ័យ​ទេ ដោយសារ​តែ​មានការ​ជំទាស់​រារាំង​យ៉ាង​ខ្លាំង​ពី​ក្រុម​គ្រួសារ​ម្ចាស់ផ្ទះ តាម​រយៈ​ការ​យំ​ស្រែក​ឡូឡា​យ៉ាង​ទ្រហឹង​អឺ​ង​កក អំពាវនាវ​ឱ្យ​សម្តេច​តេ​ជោ​ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ឱ្យ​ពួក​គាត់ ព្រមទាំង​បាន​យក​ដប​សាំង​មក​ដាក់​គំរាម​រក​ដុត​ថែម​ទៀត​បើសិនជា​សមត្ថកិច្ច​នៅ​តែ​ជម្នះ​ចូល​រុះរើ​ផ្ទះ​របស់​ពួក​គាត់ ។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ លោក​ព្រះរាជអាជ្ញា​រង បាន​អះអាង​ថា លោក​នឹង​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​មក​រុះរើ​ជា​លើក​ទី​២​ទៀត​នៅ​ពេល​ខាង​មុខ ។ លោក​បញ្ជាក់​ថា នៅ​លើក​ទី​២​លោក​នឹង​នាំ​កម្លាំង​មក​ច្រើន​ជាង​នេះ ធ្វើ​យ៉ាងណា​ដកហូត​យក​ដី​នេះ​ប្រគល់​ទៅ​ឱ្យឈ្មោះ ប្រាក់ ហោ​លី ឱ្យ​ទាល់តែ​បាន ។

ឆ្លើយ​តប​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មោះមុត របស់​លោក​ព្រះរាជអាជ្ញា​រង​រូប​នេះ ក្រុម​គ្រួសារ​ស្ត្រី​ឈ្មោះ សុខ នី បាន​អំពាវនាវ​សុំ​ឱ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មេត្តា​ជួយ​រក​យុត្តិធម៌​ឱ្យ​ក្រុម​គ្រួសារ​គាត់​ផង ព្រោះ​ពួក​គាត់​មាន​តែ​ដី​និង​ផ្ទះ​មួយ​នេះ​ទេ សម្រាប់​រស់នៅ និង​ប្រកប​របរ​ចិញ្ចឹមជីវិត បើ​រុះរើ​ផ្ទះ​គាត់​យក​ដី​ឱ្យ​គេ តើ​ឱ្យ​ពួក​គាត់​ទៅ​រស់​នៅឯណា ? ពួក​គាត់​បាន​អះអាង​ថា លុយ​ដែល​ជំពាក់​នោះ​ពួក​គាត់​បាន​យក​ប្លង់​ដី​បងប្អូន​ទៅ​បញ្ចាំ​បាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​សង​លោក ប្រាក់ ហោ​លី ហើយ ប៉ុន្តែ​លោក ប្រាក់ ហោ​លី ខ្លួនឯង​មិន​ព្រម​ទទួលយក​លុយ​ដែល​គាត់​សង​នោះ​ទេ គិតតែ​ពី​ទាមទារ​យក​ដី និង​ផ្ទះ​របស់​គាត់​ទៅ​វិញ ធ្វើ​បែប​នេះ​គឺ​អយុត្តិធម៌​ណាស់ ៕