អាជីវករ​ខ្មែរ​ផ្ទុះ​កំហឹង​ការ​ចាប់​ដកហូត​ទំនិញ​នៅ​ផ្សារ​រុង​គឿ

អាជីវករ​ខ្មែរ​ផ្ទុះ​កំហឹង​ការ​ចាប់​ដកហូត​ទំនិញ​នៅ​ផ្សារ​រុង​គឿ

ខេត្តបន្ទាយមានជ័យ ៖ អាជីវករ​ខ្មែរ​នៅ​ផ្សារ​រុង​ក្លឿ ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ជាប់​ព្រំដែន​ខេត្តបន្ទាយមានជ័យ ប្រទេស​កម្ពុជា ផ្ទុះ​កំហឹង​នឹង​សមត្ថកិច្ច​ចំរុះ​ថៃ​ដោយសារ​ការ​ចុះ​ចាប់​ទំនិញ​តាម​តូប កាលពី​វេលា​ម៉ោង​ជិត​១១​ព្រឹក​ថ្ងៃ​ទី​០៣ កុម្ភ​: ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ដំបូង​គេ​ឃើញ​សមត្ថកិច្ច​ចម្រុះ​ថៃ​មួយ​ក្រុម​មាន​គ្នា​ជាង​១០​នាក់​ជាមួយ​រថយន្ត​តូច​ធំ​៣​គ្រឿង​ជា​ក្រុម​អ្នក​ចាប់​ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា​ហៅ​ថា «​លី​កា​ស៊ី​ត​» បាន​ចាប់​ទំនិញ​ក្នុង​តូប​អាជីវករ​ខ្មែរ​លក់​ខ្សែក្រវាត់​.​នាឡិកា​និង​ខោអាវ​កីឡា​។ ក្នុង​ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​អាជីវករ​ខ្មែរ​លើកគ្នា​តវ៉ា​ហើយ​ឡើង​លើ​រថយន្ត​ធំ​មួយ​គ្រឿង​របស់​ថៃ​ដែល​ចាប់​ទំនិញ​នោះ ដើម្បី​ដណ្តើម​យក​ទំនិញ​ដែល​ចាប់​នោះ​មក​វិញ ។
ជម្លោះ​មានការ​ប្រកែក​គ្នា​ខ្លាំងក្លា បាន​ក្លាយជា​អំពើ​ហិង្សា​រហូត​គប់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ។ ករណី​ផ្ទុះ​ហិង្សា​នេះ​ដំបូង ប្រភព​ព័ត៌មាន​ពី​ដី​ថៃ​មក​ថា​សមត្ថកិច្ច​ថៃ​រង​របួស​ជិត​១០​នាក់ ។ រីឯ​រថយន្ត​មួយ​គ្រឿង​បែក​កញ្ចក់​មុខក្រោយ និង​មួយ​គ្រឿង​ទៀត​ត្រូវ​គេ​លើក​បំបះ​ជើង ។ យ៉ាងណា​ក៏​ដោយ​គេ​មិន​ទាន់​ស្គាល់​ម្ចាស់​តូប​ដែល​ជាប់​ពាក់ព័ន្ធ ឬ​មាន​លេខ​ទូរស័ព្ទ​ដើម្បី​សុំ​ការ​បំភ្លឺ​បាន​នៅឡើយ​ទេ នា​រសៀល​ថ្ងៃ​ដដែល​នេះ ។

ប្រហែល​ជាមួយ​ម៉ោង​ក្រោយមក​ហេតុការណ៍​ខាងលើ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ ។ ជុំវិញ​ករណី​ខាងលើ​លោក ប៊ុ​ន សុខ​វិបុល អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ កោះសន្តិភាព​បាន​ព្យាយាម​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ដែរ​តែ​ទូរស័ព្ទ​របស់​លោក ចុច មិន​ចូល ។ ចំណែក​លោក វួ​ច អូន ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ប្រាប់​តាម​ទូរស័ព្ទ​ថា បញ្ហា​ខាងលើ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​ហើយ​ៗ​លោក​ថា ក្រោយ​ហេតុការណ៍​កើតឡើង​ពុំ​មាន​អាជីវករ​ខ្មែរ​ណា​ម្នាក់​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​នោះ​ទេ តែ​មាន​សមត្ថកិច្ច​ថៃ​ផ្នែក​ខាង​ចាប់​ទំនិញ​រំលោភ​កម្ម​សិទ្ធ​បញ្ញា​នោះ រង​របួស​២​នាក់ ។

ប្រធាន​ស្នាក់​ការ​រូប​នោះ​បាន​បញ្ជាក់​ថា​បញ្ហា​ខាងលើ​មិន​ទាន់​ដឹង​មូលហេតុ​នៅឡើយ​ទេ​គ្រាន់តែ​ដឹង​ថា ដោយសារ​សមត្ថកិច្ច​ថៃ​ចុះ​ចាប់​ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា​ទើប​មានការ​ផ្ទុះ​ជម្លោះ​ជាមួយ​អាជីវករ​ខ្មែរ ។ លោក វួ​ច​អូន បញ្ជាក់​ថា ក្រោយ​ហេតុការណ៍​កើតឡើង​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​បាន​ចូល​ទៅ​ធ្វើការ​សម្រុះសម្រួល​ជាមួយ​ភាគី​ថៃ​ដើម្បី​បញ្ចប់​វិវាទ​នេះ ។ ព័ត៌មាន​ចុង​ក្រោយ​បានឱ្យ​ដឹង ពលរដ្ឋ​ខ្មែរ​២​នាក់​ត្រូវ​តម្រួត​ថៃ​ឃាត់ខ្លួន​៕