អ្នក​​​ភូមិ​​​ឡោម​​​ព័ទ្ធ​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃឈើ​​​ដើម្បី​​​ការ​​​ពារ​​​ឈើ​​​ដែល​​​គេ​​​​​​លាក់​​​ទុក​​​​​​នៅ​​​ក​​​្នុង​​​ខេត្ត​​​ព្រះវិហារ​​​

​​ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​អ្នក​​​ភូមិ​​​ពោរ​​​ពេញ​​​ទៅ​​​ដោយ​​​កំហឹង​​​រាប់​​​សិប​​​នាក់​​​​​​បាន​​​ឡោម​​​ព័ទ្ធ​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​​​មួយក្រុម​នៅ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ ដើម្បី​​​ការ​​​ពារ​កុំ​​​ឲ្យ​​​មាន​​​ការ​​​រឹប​​​អូស​​​​​ឈើ​​​មាន​​​តម្លៃ​​​មួយ​​​គំនរ​​​​​​ ដោយ​​​អះ​​​អាង​​​ថា​​​ ឈើ​​​ទាំង​​​នេះ​​​​​​​កាប់​​​ដោយ​​​ស្រប​​​ច្បាប់​​​។

ការ​​​ប្រឈម​​​មុខ​​​ដាក់​​​គ្នា​​​ប្រហែល​​​១ម៉ោង​​​នៅ​​​ក្នុង​​​ស្រុក​​​ត្បែង​​​មាន​​​ជ័យ​​​​​​បាន​​​បញ្ចប់​​​ទៅ​​​ដោយ​​​សន្តិវិធី​​​ ពេល​​​មាន​​​នគរ​​​បាល​​​ចុះ​​​មក​​​ធ្វើ​​​អន្តរាគមន៍​​​ តែ​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​ចាក​​​ចេញ​​​ទៅ​​​វិញ​​​ដោយ​​​គ្មាន​​​បាន​​​ឈើ​​​មួយ​​​ដុំ​​​ណា​​​ឡើយ ​​​​​​​​​​​​នេះបើ​​​យោង​​​តាម​​​អាជ្ញាធរ​​​។

លោក​​​ ជូ ប៊ុន​​​សុង មេបញ្ជាការ​​​រង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​នេះ​​​ បាន​​​លើក​​​ឡើង​​​ថា មន្ត្រី​​​ប្រហែល​​​១០​​​នាក់​​​មក​​​ពី​​​ខណ្ឌ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ព្រះវិហារ និង​​​សង្កាត់​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​ត្បែង​​​មាន​​​ជ័យ​​​បាន​​​មក​​​ដល់​​​ឃុំ​​​ពោធិ៍ កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​អង្គារ​​​ ហើយ​​​បាន​​​ព្យាយាម​​​រឹប​​​អូស​​​ឈើ​​​គគីរ​​​​​​ប្រភេទ​​​លេខ​​​១​​​​​​ចំនួន​​​៤​​​ដុំ​​​ដែល​​​ក្នុង​​១​​​ដុំៗមាន​​​​ប្រវែង​​​៣ម៉ែត្រ​​​។

​​ដោយ​​​ពន្យល់ថា មនុស្ស​​​ជិត​​​១០០នាក់​​​បាន​​​ឡោម​​​ព័ទ្ធ​​​មន្ត្រី​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​រហូត​​​ទាល់​​​តែ​​​មាន​​​នគរ​​​បាល​​​មូល​​​ដ្ឋាន​​​ចុះ​​​មក​​​​​​ធ្វើ​​​ឲ្យ​​​ស្ថានភាព​​​ធូរស្រាល​​​ទៅ​​​វិញនោះ​​​​ លោក ជូ  ប៊ុនសុង បាន​​​មាន​​​ប្រសាសន៍​​​ថា “ពេល​​​ពួក​​​គេ​​​កំពុង​​​ត្រួត​​​ពិនិត្យ​​​ឈើ​​​ អ្នក​​​ភូមិ​​​ជា​​​ច្រើន​​​នាក់​​​​​​បាន​​​ផ្ទុះ​​​កំហឹង​​​ហើយ​​​រារាំង​​​ពួកគេ​​​មិន​​​ឲ្យ​​​ចាក​​​ចេញ​​​ ហេតុ​​​ដូច្នេះ​​​ពួកគេ​​​ក៏​​​សម្រេច​​​ចិត្ត​​​ចាក​​​ចេញ​​​ពី​​​តំបន់​​​នោះ​​​ទៅ​វិញ​​​​​​ដោយ​​​មិនបាន​​​​រឹប​​​អូស​​​អ្វី​​​​ឡើយ”។

​​​លោក អ៊ុង វុទ្ធី អភិបាល​​​ស្រុក​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​​​​បាន​​​ទាក់​​​ទង​​​នគរ​​​បាល​​​ឃុំ​​​ដែល​​​បាន​​​បញ្ជូន​​​នគរ​​​បាល​​​៥​​​នាក់​​​មកទីនោះ​។ លោក​​​បាន​​​ថ្លែង​​​ថា  “មន្ត្រី​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​មិន​​​ចង់​​​តតាំង​​​ជា​​​មួយ​​​អ្នក​​​ភូមិ​​​ទេ​​​ ហេតុ​​​ដូច្នេះ​​​ពួក​​​​​​គេ​​​ក៏​​​សម្រេច​​​ចាក​​​ចេញ​​​ពី​​​កន្លែង​​​នោះ​​​ទៅ​​​វិញ​​​”។

អភិបាល​​​ស្រុក​​​រូប​​​នេះ​​​បាន​​​អះ​​​អាង​​​ថា  ឈើ​​​ចំនួន​​​៤​​​ដុំ​​​ត្រូវ​​​បាន​​​លាក់​​​​​នៅ​​​ក្បែរ​​​ផ្ទះ​​​របស់​​​​​​គ្រួសារ​​​មួយ​​​ដោយ​​​ឈ្មួញ​​​ឈើ​​​​​​ខុស​​​ច្បាប់មួយ​​​ក្រុម​​​ ហើយ​​​ថា អ្នក​​​ភូមិ​​​​​​មិន​​​មែន​​​ការ​​​ពារ​​​ឈើរបស់​​​ខ្លួន​​​នោះ​​​ទេ​​​ ប៉ុន្តែ​​​បែរ​​​ជា​​​ការ​​​ពារ​​​សម្រាប់​​​ឈ្មួញ​​​ឈើទៅ​​​វិញ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា ”អ្នក​​​ភូមិទាំង​​​នោះ​​​មិន​​​​​​មែន​​​ការ​​​ពារ​​​ឈើ​របស់​​​​​​ខ្លួន​​​ទេ​​​ ពួក​​​គាត់​​​កំពុង​​​ការ​​​ពារ​​​ឈ្មួញ​​​ឈើ​​​ខុស​​​ច្បាប់​​​”។  លោក​​​បាន​​​បន្ថែម​ថា អ្នក​​​ភូមិ​​​មួយ​​​ចំនួន​​​ធ្វើ​​​ “ដូច​​​ជា​​​មនុស្ស​​​ស្រវឹង​​​អ៊ីចឹង​​​”។

លោក អ៊ុង វុទ្ធី បាន​​​លើក​​​ឡើងទៀត​​​​ថា  អាជ្ញាធរកំពុង​​​​​​ធ្វើ​​​ការ​​​សម្រេច​​​ចិត្ត​​​នៅ​​​ឡើយ​​​ថា ត្រូវ​​​ចាត់​​​វិធានការ​​​បន្ត​​​ ឬ​​​យ៉ាង​​​ណា។​​​

លោក អិុត ភូមិរ៉ា នាយ​​​ខណ្ឌ​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​​​​ព្រះវិហារ​ និង​​​លោក នួន សុខុម ​​​អនុ​​​ប្រធាន​​​​​​របស់​​​លោក​​​សុទ្ធ​​​តែ​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ។​​​មន្ត្រី​​​សង្កាត់​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ។

លោក​​​ ឡោ ច័ន្ទ អ្នក​​​សម្រប​​​សម្រួល​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​ប្រចាំ​​​ខេត្ត​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​ថា លោក​​​មិន​​​ដឹង​​​ទេ​​​ ថា​​​តើ​​​ឈើ​​​នេះ​​​ត្រូវ​​​បាន​​​កាប់​​​ដោយ​​​ខុស​​​ច្បាប់​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ ប៉ុន្តែ ថា ការ​​​ព្យាយាម​​​រឹប​​​អូស​​​ឈើ​​​ទាំង​​​នេះ​​​​​​​​​គឺជា​​​ការ​​​ខ្ជះ​​​ខ្ជាយ​​​ពេល​​​វេលា​​​។

លោក​​​បាន​​​មានប្រសាសន៍ថា “ឈើ​​​៤ ឬ​​​៥ដុំ​​​គឺជា​​​របស់​​​អ្នក​​​ភូមិ​​​ ប៉ុន្តែ ឈ្មួញ​​​ឈើ​​​ខុស​​​ច្បាប់​​​កំពុង​​​តែ​​​កាប់​​​ និង​​​ដឹក​​​ជញ្ជូន​​​ឈើ​ជា​​​ច្រើន​​​​ឡាន​ជា​​​រៀង​​​រាល់​​​ថ្ងៃ ហេតុ​​​អ្វី​​​បាន​​​ជា​​​ពួក​​​​​​គេ​​​មិន​​​​​​ទៅ​បង្ក្រាប​​​អ្នក​​​ទាំង​​​នោះ​​​ទៅ​​​​​​?”៕ ស៊ុយឈាង​

The post អ្នក​​​ភូមិ​​​ឡោម​​​ព័ទ្ធ​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃឈើ​​​ដើម្បី​​​ការ​​​ពារ​​​ឈើ​​​ដែល​​​គេ​​​​​​លាក់​​​ទុក​​​​​​នៅ​​​ក​​​្នុង​​​ខេត្ត​​​ព្រះវិហារ​​​ appeared first on ខេមបូឌា ដេលី.