ក្រុមហ៊ុនមេរបស់​រោងចក្រ​ Timberland ​ស៊ើប​អង្កេត​ការ​អះ​អាង​ពីការ​វាយ​ប្រហារ​ដោយ​កាំបិត​ប៉័ងតោ

តំណាង​ក្រុម​ហ៊ុន​ម្នាក់​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា ក្រុម​ហ៊ុន​មេ​របស់​រោង​ចក្រ​​​​​ Timberland ជា​រោងចក្រ​​កាត់ដេរ​មួយ​ដ៏ធំ​របស់​​អាមេរិក​បាន​ស៊ើបអង្កេត​​​ការ​អះអាង​ដែល​ថា សន្តិសុខ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​​​មួយ​ក្នុង​​​ខេត្ត​​​កណ្ដាល​បាន​វាយ​កម្មករ​​ដែល​​កាត់​ដេរ​សម្លៀក​​​​បំពាក់​ និង​ស្បែក​ជើង​​ឲ្យ​ក្រុម​ហ៊ុន​នេះ​។

តំណាង​សហជីព​បាន​និយាយ​ថា កម្មករ​ប្រាំបីនាក់​មក​ពី​រោងចក្រ​ Star Light Apparel Manufacturing ​នៅ​ក្នុង​​តំបន់​សេដ្ឋកិច្ច​ពិសេស​​ 7NG ​បាន​រង​របួស​​នៅ​ពេល​សន្តិសុខ​​ប្រហែល​​​​​​៤០​នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ និង​ក្រុម​មនុស្ស​ដែល​គេជួល​​​បាន​​យក​កាំបិត​​ប៉័ងតោ​​កាប់​​និង​វាយ​​ពួកគេ​នឹង​ដែក​បំពង់ទីប​ ខណៈ​​ដែល​ពួកគេ​​​ព្យាយម​​​ឡើង​ជិះ​រថយន្ត​ទៅ​ធ្វើ​ការ​តវ៉ា​​នៅ​ក្នុង​រាជធានីភ្នំពេញ​កាលពី​ថ្ងៃ​ច័ន្ទ។

កម្មករ​រាប់​រយ​នាក់​នៅ​រោងចក្រ​ Star Light Apparel ​​បាន​ធ្វើ​ការ​តវ៉ា​ចាប់​តាំង​ពី​ដើម​ខែ​មុន​​​​ទាម​ទារ​ឲ្យ​ទទួល​យក​​​បុគ្គលិក​​ប្រាំបី​នាក់​​ដែល​បាន​បាត់​បង់​ការ​ងារ​របស់​ខ្លួនដោយសារ​ការ​តវ៉ា​​​​​​​​​​​ចូល​​ធ្វើ​ការ​វិញ។

យោង​តាម​លោក សៀង រិទ្ធី ​ប្រធាន​សម្ព័ន្ធ​​​សហជីព​សាមគ្គីភាព​ការងារ​​​ដែល​បាន​ដឹកនាំ​ការ​តវ៉ា​បាន​ឲ្យ​ដឹង​ថា រោងចក្រ​​ផ្គត់ផ្គង់ផលិត​ផល​ម៉ាកល្បីៗ​រួម​មាន Timberland, Giorgio Armani និង The North Face។

នៅ​​ក្នុងអុីម៉េល​កាលពី​ម្សិលមិញ អ្នកស្រី Vanessa McCutchen មន្ត្រី​ទំនាក់​ទំនង​សាធារណៈ​​​​​នៅក្រុមហ៊ុន​ VP Corporation ដែល​មាន​មូលដ្ឋាន​​​​នៅទីក្រុង​​​ Greenboro នៃរដ្ឋ​North Carolina ដែល​​​​គ្រប​់គ្រង​​រោងចក្រ​ Timberland បាន​និយាយ​ថា អ្នកស្រី​​​មាន​ “ការ​បារម្ភ​យ៉ាង​ខ្លាំង” ​អំពី​ការ​វាយ​​ប្រហារ​ទៅ​លើ​កម្មករ​ ហើយថា​ ​​​មាន​​​ការ​​​បើក​​​ការ​​​សើុប​​​អង្កេត​​​ហើយ​​​។

អ្នក​ស្រី McCutchen បាន​និយាយ​ថា “​អ្វី​ដែល​សំខាន់​គឺ​ថា ​យើង​គិត​ដល់​អ្នក​ដែល​​រង​របួស​អំឡុង​ការ​ប្រើ​អំពើ​ហិង្សា​​​ដ៏​សាហាវ​នេះ​។ យើង​ដឹង​​​អំពី​ហេតុការណ៍​ហិង្សា​នេះ ហើយ​​​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​”។

អ្នក​ស្រី​បាន​និយាយ​ថា ”​យើង​បាន​ចាប់​ផ្ដើម​​​ធ្វើ​ការ​ស៊ើបអង្កេត​អំពី​បញ្ហា​នេះរួច​ហើយ ហើយ​រំពឹង​ថា នឹង​មាន​មនុស្ស​នៅ​កន្លែង​ធ្វើ​ការ​​​ក្នុង​រយៈ​ពេល​ប៉៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ដើម្បី​​​​ចាប់​ផ្ដើម​ពិនិត្យ​មើល​ហេតុការណ៍​នោះ​ឲ្យ​បាន​ល្អិត​ល្អន់ និង​ផ្អែក​លើ​ការ​ពិត​”។ អ្នកស្រី​បាន​បន្ថែម​ថា ក្រុមហ៊ុន VF បានទាក់​ទង​អ្នក​គ្រប់គ្រង​រោងចក្រ​​​ដើម្បី​ជូន​ដំណឹង​ពួកគេ​អំពី​ការ​ស៊ើបអង្កេត​។

អ្នកស្រី​​លើក​ឡើង​ថា “​ពួកគេ​បាន​ដឹង​​ពី​​ការ​​​បារម្ភ​របស់​យើង និង​បំណង​របស់​យើង​​ក្នុង​ការ​ស៊ើបអង្កេត​បញ្ហា​នេះ​ឱ្យបាន​ល្អិត​ល្អន់​”។

តំណាង​ក្រុមហ៊ុន Giorgio Armani និង The North Face មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណើ​សុំ​អត្ថាធិប្បាយ​ឡើយ។

លោក ផន ញ៉ឹក ​តំណាង​សម្ព័ន្ធ​សហជីព​សាមគ្គីភាព​ការ​ងារ​ដែល​អះអាង​ថា លោក​ស្ថិត​​​​ក្នុង​ចំណោម​​អ្នក​ដែល​ត្រូវ​បាន​វាយ​ប្រហារ​កាលពី​ថ្ងៃ​ច័ន្ទ​ដែរ​នោះ​បាន​មាន​ប្រសាសន៍​ថា អ្នក​តវ៉ា​ប្រហែល​៦០០​នាក់​នឹង​ត្រឡប់​ទៅ​​​​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​នេះ​បន្ទាប់ពី​​មាន​ជំនួប​ប្រកប​​​​ដោយ​ផ្លែផ្កា​រវាង​អ្នក​គ្រប់​គ្រង​រោងចក្រ​​ និង​កម្មករ​នៅ​សាលា​ស្រុក​ខ្សាច់​កណ្ដាល។

លោក ផន ញ៉ឹក បាន​និយាយ​ថា ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​​លើ​១៥​ចំណុច​ ហើយ​នៅ​​សល់​២​ចំណុច​ថា​តើ​កម្មករ​ទាំង​ប្រាំបី​នាក់​នឹង​ត្រូវ​ទទួល​យក​មក​​ធ្វើ​ការ​វិញ និង​ថា​តើ​កម្មករ​ផ្សេង​ទៀត​​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​សម្រាប់​​រយៈ​ពេល​ដែល​ពួកគេ​ធ្វើ​ការ​តវ៉ា​ឬយ៉ាង​ណា​​​នោះគឺ​​​ទុក​​​ពិភាក្សា​​​នៅ​​​ជំនួប​ថ្ងៃសុក្រ៕ សារុន​​​​​

The post ក្រុមហ៊ុនមេរបស់​រោងចក្រ​ Timberland ​ស៊ើប​អង្កេត​ការ​អះ​អាង​ពីការ​វាយ​ប្រហារ​ដោយ​កាំបិត​ប៉័ងតោ appeared first on ខេមបូឌា ដេលី.