​ឈ្មួញ​ព្រមាន​ប្តឹង​មន្ត្រីប៉ូលិស​សេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ ករណី​បង្ក្រាប​ទំនិញ ក្នុងផ្ទះ​ពេលយប់​

បន្ទាយមានជ័យ: ពួក​ឈ្មួញ​បាន​ព្រមាន​ប្តឹង វាយបក​លើ​នាយការិយាល័យ និង​កម្លាំង​នគរបាល ការិយាល័យ​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត បន្ទាយមានជ័យ ករណី​បាន​ឆ្មក់​បង្ក្រាប​ទំនិញ សង្ស័យ​ល្មើស​ក្នុងផ្ទះ​ស្តុក​ទំនិញ ពេលយប់ កាលពី​វេលា​ម៉ោងជាង ៦​យប់​ថ្ងៃទី​២ ខែកុម្ភ​: ឆ្នាំ​២០១៦ កន្លងមក នៅ​ចំណុចប្រសព្វ​ផ្លូវ នៃ​ផ្ទះសំណាក់​ផ្កាយ​៣ និង​ផ្លូវជាតិ ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
    
​ប្រភពព័ត៌មាន បានអោយដឹង​នៅ​ថ្ងៃទី​៣​កុម្ភ​:​ថា​: ការចុះ​បង្ក្រាប​នោះ បាន​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ឆេន សុវត្ថិ នាយការិយាល័យ​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ  ក្រោយមក ទើប​សុំ​សហការ​ពី​កម្លាំង​នគរបាល​ក្រុង និង​ប៉ុស្តិ៍​រដ្ឋបាល​។​
      
​ប្រភព​បាន​បន្តថា​: ការបង្ក្រាប​ទំនិញ ក្នុងនោះ​មាន​ប្រេងម៉ាស៊ីន គ្រឿងទេស​ក៍ ចាប់ហួយ​.. បានធ្វើ​ក្នុងផ្ទះ ឬ​ឃ្លាំង​ស្តុក​ទំនិញ ចំនួន​២ ដែល​មិន​ប្រាកដថា ឬ​មិន​ព្រម​ប្រាប់ថា ជា​របស់​អ្នកណា​ឡើយ​។ ប៉ុន្តែ​ភ្លាមៗ​នោះ ស្ត្រី​ម្នាក់​ឈ្មោះ ថោង ឡេង ជា​ប្រពន្ធ​របស់​មន្ត្រី​គយ និង​ជា​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល មាន​អាទិភាព​ជាមួយ​មន្ត្រី​គយ បាន​ចេញមក​អះអាង ពី​ការទទួលខុសត្រូវ ការបង់​ពន្ធគយ លើ​ទំនិញ​ទាំងនោះ ពី​៩០​ទៅ​១០០​ភាគរយ​។ ទំនិញ​នោះ សរុប​ប្រហែល ២ ឡាន ប្រភេទ​១​បាំង​កន្លះ​។​
    
​ករណីនេះ ប៉ូលិស បាន​និយាយថា ធ្វើតាម​ការសម្របសម្រួល​ពី លោក ផាន់ ភិរម្យ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត និង​បញ្ជា​ពី​លោក​ចាប សុ​ផា​ឫទ្ធិ ស្នងការរង​ទទួល​បង្ក្រាប​បទល្មើស ដើម្បី​ចុះ​ត្រួតពិនិត្យ​ទំនិញ និង​បិទទ្វារ​ឃ្លាំង​ស្តុក​ទំនិញ មិន​ឲ្យ​ចេញចូល ចំនួន​២​កន្លែង​ក្បែរ​គ្នា ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ។ ឃ្លាំង​ស្តុក​ទំនិញ ១ កន្លែង ជា​របស់​ឈ្មោះ ជា ទី ភេទ​ប្រុស និង​១​កន្លែង​ទៀត ជា​របស់​ឈ្មោះ មុំ សុខុម ភេទ​ស្រី ។​
      
​អ្នកស្រី ថោង ឡេង នាយិកា​ក្រុមហ៊ុន​ថោង​ឡេង ដែល​នាំចូល​ទំនិញ​ពី​ថៃ បាន​និយាយថា ទំនិញ​ទាំងអស់នេះ ជា​របស់ខ្លួន សរុប​៩​មុខ ប្រហែល ៨០០ កេស បាន​បង់ពន្ធ​ចូល​រដ្ឋ ៧០-៨០% ។ ឯ​ខ្លះទៀត​បង់ តាមរយ​: អិន​សេ​-NC (​ពន្ធ​អនុគ្រោះ​សម្រាប់​ជនពិការ ឬ​អ្នកក្រីក្រ ដែល​ខ្វះ​លទ្ធភាព​បង្កើត​ក្រុមហ៊ុន​) និង​តាមរយ​: វិក្ក​យ​ប័ត្រ (Invoice) ។​
          
​កន្លងមក រហូតដល់​បច្ចុប្បន្ន ការ​នាំចូល​ទំនិញ​ពី​ថៃ តាម​ច្រកទ្វារព្រំដែន អន្តរជាតិ​ប៉ោយប៉ែត មិន​ថា​ជា​របស់​លោកស្រី ថោង ឡេង ឬ​ឈ្មួញ​ដទៃទៀត មុន​ឆ្លង​ដល់​ឃ្លាំង ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ពី​ជំនាញ ២​ទៅ​៣​ស្ថាប័ន ដោយ​ទំនិញ​គ្រប់សព្វ​សារពើ ដែល​ឈ្មួញ​ដាក់​លាយឡំ សង្ស័យ​មាន​បង្កប់​ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព ត្រូវបាន​គេ​ដឹក តាម​រថយន្ត​និង​រទេះ ចូលទៅ​ទីតាំង​ត្រួតពិនិត្យ ។ តែ​សមត្ថកិច្ច​ជំនាញ មិនបាន​ធ្វើការ​ត្រួតពិនិត្យ​ទាំងអស់​កើត​ទេ ខ្លាច​ប៉ះពាល់​ពេលវេលា​អ្នករកស៊ី​។​
      
​ករណី​ខាងលើ ស្ត្រី​ឈ្មួញ បាន​បង្ហើប​ថា ខ្លួន​និង​ម្ចាស់​ទំនិញ​ដទៃទៀត នឹង​ទាមទារ​រក​យុត្តិធម៌ ពី​ការដែល​ប៉ូលិស មក​បង្ក្រាប​ទំនិញ​ក្នុងផ្ទះ ពេលយប់ ដោយ​មិនមាន​ដីកា​តុលាការ​។ ម្យ៉ាងទៀត ទំនិញ​របស់ខ្លួន​បាន​បង់​ពន្ធគយ គ្រប់សព្វ​អស់ហើយ តែ​បែរជា​ប៉ូលិស​សេដ្ឋកិច្ច មក​គោះ​លុយ​មិនបាន ទើប​មក​បង្ក្រាប ដើម្បី​គៀង​ត្រី​ចូល​ស៊ង និង​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ រកស៊ី​ដូច្នេះ​។ ហេតុនេះ ពួកខ្លួន មានតែ​ប្តឹងទៅ​គយ ប្តឹងទៅ​អាជ្ញាធរ និង​ទៅ​តុលាការ​។​
      
​លោក ឆេន សុវត្ថិ ប្រធានការិយាល័យ​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ និយាយ​ពេល​បង្ក្រាប​នោះ​ថា ការបង្ក្រាប​នេះ លោក​បាន​សុំ​ដីកា​អយ្យការ​តាម​ទូរស័ព្ទ​ហើយ​។ ដូច្នេះ បើ​មាន​បញ្ហា​អ្វី លោក​ទទួលខុសត្រូវ​៕  

​ឈ្មួញ​ព្រមាន​ប្តឹង​មន្ត្រីប៉ូលិស​សេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ ករណី​បង្ក្រាប​ទំនិញ ក្នុងផ្ទះ​ពេលយប់​

​ឈ្មួញ​ព្រមាន​ប្តឹង​មន្ត្រីប៉ូលិស​សេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ ករណី​បង្ក្រាប​ទំនិញ ក្នុងផ្ទះ​ពេលយប់​

​ឈ្មួញ​ព្រមាន​ប្តឹង​មន្ត្រីប៉ូលិស​សេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ ករណី​បង្ក្រាប​ទំនិញ ក្នុងផ្ទះ​ពេលយប់​