កម្ពុជា ស្នើ​ថៃ ជួយ​ដក​របាំង​មិនមែន​ពន្ធគយ លើ​ដំឡូង​មី ប្រេងដូង និង​អង្ករ ដែល​ឆ្លងកាត់​ប្រទេស​ថៃ​

ភ្នំពេញ: កម្ពុជា​និង​ថៃ បាន​ជួបពិភាក្សា​លើ​វិស័យ​ពាណិជ្ជកម្ម​និង​ការវិនិយោគ និង​រិះរក​មធ្យោបាយ ដើម្បី​ជំរុញ​ការនាំចេញ​បន្ថែម​នូវ​ផលិតផល​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ ជាពិសេស លោក​ទេសរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បានស្នើ​ឲ្យ​លោក​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថៃ ជួយ​ដក​របាំង​មិនមែន​ពន្ធគយ​លើ​ដំឡូង​មី ប្រេងដូង និង​អង្ករ ដែល​ឆ្លងកាត់​ប្រទេស​ថៃ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Suvit Maesincee អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថៃ ដោយមាន​ការ​អមដំណើរ​ពី​លោកស្រី Pimpapaan Chanilpa ទីប្រឹក្សា​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថៃ លោកស្រី Malee Choklumlerd អគ្គនាយក​នៃ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម និង​ពាណិជ្ជកម្ម​អន្តរជាតិ លោក Adul Chotinisakorn អគ្គនាយករង​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​ក្រៅប្រទេស លោក Vichit Yathip ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​ថៃ លោក Chokedee Kaewsang អគ្គលេខាធិការរង​គ​ណៈ​វិនិយោគ​ថៃ លោក​Kalin Sarasin អនុប្រធាន​សភាពាណិជ្ជកម្ម​ថៃ និង​លោក Kriengkrai Thiennukul អនុប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​ថៃ​នៃ​ព្រះរាជាណាចក្រ​ថៃ នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។​

​ជំនួប​ពិភាក្សា​នេះ​ផ្តោតជាសំខាន់​លើ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ទាំង ភាគី​កម្ពុជា​និង​ភាគី​ថៃ និង​រិះរក​មធ្យោបាយ​ដើម្បី​ជំរុញ​ការនាំចេញ​បន្ថែម​នូវ​ផលិតផល​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ​។ ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី​បានស្នើ​ឲ្យ​លោក​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថៃ​ជួយ​ដក​របាំង​មិនមែន​ពន្ធគយ​លើ​ដំឡូង​មី ប្រេងដូង និង​អង្ករ​ដែល​ឆ្លងកាត់​ប្រទេស​ថៃ និង​អនុញ្ញាត​ឲ្យ​មានការ​នាំចេញ​ពោត​ទៅកាន់​ប្រទេស​ថៃ​ក្នុង​អត្រាពន្ធ​សូន្យ ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​។​

​លោក Maesincee បាន​សម្តែង​នូវ​ការប្តេជ្ញា​យ៉ាង​មុតមាំ​របស់ខ្លួន​ក្នុងការ​សម្របសម្រួល​ដ​ល់​ភាគី​កម្ពុជា​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​និង​ការវិនិយោគ ព្រមទាំង​គាំទ្រ​និង​លើកទឹកចិត្ត​ឲ្យ​វិនិយោគិន​ថៃ​មក​វិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា​។
​លោក​ទេសរដ្ឋមន្ត្រី​បានលើកឡើង​នូវ​វិស័យ​សំខាន់ៗ​មួយចំនួន​ដូចជា​៖ ការកែច្នៃ​ម្ហូបអាហារ ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និង​ការអភិវឌ្ឍ​ធនធានមនុស្ស ដែលជា​កាលានុវត្តភាព​វិនិយោគ​ដ៏​សំខាន់​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​វិនិយោគិន​ថៃ​។​

​បន្ទាប់ពី​ជំនួប​ពិភាក្សា​នេះ មានការ​រៀបចំ​វេទិកា​ជំនួប​ពាណិជ្ជកម្ម​រវាង​ពាណិជ្ជករ​កម្ពុជា​ជាច្រើន និង​សមាជិក​សហព័ន្ធ​ឧស្សាហកម្ម​ថៃ​ផងដែរ​៕​

កម្ពុជា ស្នើ​ថៃ ជួយ​ដក​របាំង​មិនមែន​ពន្ធគយ លើ​ដំឡូង​មី ប្រេងដូង និង​អង្ករ ដែល​ឆ្លងកាត់​ប្រទេស​ថៃ​

កម្ពុជា ស្នើ​ថៃ ជួយ​ដក​របាំង​មិនមែន​ពន្ធគយ លើ​ដំឡូង​មី ប្រេងដូង និង​អង្ករ ដែល​ឆ្លងកាត់​ប្រទេស​ថៃ​

កម្ពុជា ស្នើ​ថៃ ជួយ​ដក​របាំង​មិនមែន​ពន្ធគយ លើ​ដំឡូង​មី ប្រេងដូង និង​អង្ករ ដែល​ឆ្លងកាត់​ប្រទេស​ថៃ​