ស្ត្រី​មានផ្ទៃពោះ ៦ខែ ត្រូវពេទ្យ​ ចាក់​ថ្នាំ បើកស្បូន ម្តាយ​និងកូន ស្លាប់​បន្តគ្នា​

ខេត្តរតនគិរី ៖ ​ស្ត្រី​ជនជាតិ​ឡាវ​ម្នាក់ ​បាន​ស្លាប់​ នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ដ កាលពី​ម៉ោង​ ១១​យប់ ​ថ្ងៃ​ទី​៣១ មក​រា​កន្លង​មកនេះ ខណ​:​ពេល​បុគ្គលិក​ពេទ្យ​ ចាក់​ថ្នាំ​ឱ្យ​សម្រាលកូន ​មុន​គ្រប់​ខែ ព្រោះ​នាង​មាន​ជំងឺ លើសឈាម​ធ្ងន់ ។

ស្ដ្រី​រូប​នោះ​ ឈ្មោះ ​សា ណ​យ អាយុ​៣៣​ឆ្នាំ ប្ដី​ឈ្មោះ ​ភួយ ហួត អាយុ​៣៨​ឆ្នាំ មានកូន​ពីរ​នាក់ នៅ​ក្នុង​បន្ទុក ជា​កសិករ រស់នៅ​ភូមិ​បាន​ប៉ុង ឃុំ​ប៉ុង ស្រុក​វ៉ឺ​ន​សៃ ។ លោក​ ភួយ ហួត ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ស្លាប់ ​ប៉ុន្មាន​ថ្ងៃ ប្រពន្ធ​គាត់​កើត​ជំងឺ លើសឈាម ​ខណៈ​នាង​មាន​ផ្ទៃពោះ ​ជាង​៦​ខែ ។

នៅ​ថ្ងៃ​ទី​២៩ មក​រា ឆ្នាំ​២០១៦ គាត់​នាំ​ប្រពន្ទ​ ទៅមណ្ឌល​សុខភាព​ ស្រុក​វ៉ឺ​ន​សៃ ហើយ​គ្រូពេទ្យ​ បាន​ចាក់​ថ្នាំ​បញ្ចុះ​ឈាម​មួយ​ម្ជុល ស្រាប់តែ​ថ្នាំ​ធ្វើទុក្ខ​ បណ្តាល​ឱ្យ​ហត់​ហេវ អស់កម្លាំង ។ ពេល​នោះ​ គ្រូពេទ្យ​មណ្ឌល ​បាន​ចេញ​លិខិតបញ្ជាក់ ​ឱ្យទៅ​សម្រាក ​នៅ​មន្ទីរពេទ្យ ​បង្អែក​ខេត្ដ​ បន្ត​ទៀត ។

នៅ​ថ្ងៃ​ទី​២៩ មក​រា​នោះ គាត់​មិន​បាន​នាំ​ប្រពន្ធ​ ទៅ​កាន់​មន្ទីរពេទ្យ​ បង្អែក​ខេត្ដ​ទេ លុះដល់​ថ្ងៃ​ទី​៣០ មក​រា ឆ្នាំ​២០១៦ ទើប​ឌុ​ប​នាង​ តាម​ម៉ូតូ​ទៅ ។ នៅ​ពេល​ទៅ​ដល់​ដំបូង ​ក្រុម​គ្រូពេទ្យ​ ហាក់​យកចិត្ដទុកដាក់​ ជាមួយ​ប្រពន្ធ​ របស់​គាត់ ហើយ​បាន​ចាក់​ថ្នាំ​ ថែម​មួយ​ចំនួន​ទៀត ។ នៅ​ថ្ងៃ​បន្ទាប់ គឺ​យប់​ថ្ងៃ​ទី​៣១ មក​រា គេ​បាន​ដូរ​ឱ្យ​ អ្នកគ្រូ​ពេទ្យ​ក្មេង​ៗ (​ប្រហែលជា​ពេទ្យ​ ធ្វើកម្មសិក្សា​) ចំនួន​ពីរ​នាក់​ មើល​ប្រពន្ធ​គាត់​បន្ដ ។

អ្នកគ្រូ​ពេទ្យ​ ទាំង​ពីរ​នាក់​នោះ​ មិនសូវ​យល់​ដឹង​ ពី​ស្ថានភាព​ជំងឺ​ទេ ទេ​ី​ប​ពេល​ឃើញ​ ប្រពន្ធ​គាត់ ​ស្ថិត​ក្នុង​សភាព​ធ្ងន់ ស្លេកស្លាំង ​គ្មាន​ឈាម ក៏​ចាក់​ថ្នាំ​បើក​ស្បូន ​ដើម្បី​ឱ្យ​សម្រាលកូន ​ដែល​ទើប​ពពោះ​ បាន​ជាង​៦​ខែ ។ រហូត​ដល់​ម៉ោងជាង​១១​យប់​ ថ្ងៃ​ទី​៣១​ មក​រា ប្រពន្ធ​គាត់​សម្រាល ​បានកូន​ស្រី​ម្នាក់ ប៉ុន្ដែ​ជា​អកុសល ភ្លាម​ៗ​នោះ ​ប្រពន្ធ​គាត់​ក៏​ស្លាប់ ។ មួយសន្ទុះ​ក្រោយមក ​កូនស្រី​ដែល​ទើប​កើត​នោះ ​ក៏​ស្លាប់​ដែរ ។

បុរស​ជា​ប្តី​ បាន​ស្តីបន្ទោស និង​ចោទប្រកាន់​ថា ការ​ស្លាប់​ប្រពន្ធ និង​កូនខ្ចី​ របស់​គាត់​នោះ គឺ​ដោយសារ​ ខ្វះ​ឈាម ព្រោះ​គ្រូពេទ្យ​ នៅ​ស្រុក​វ៉ឺ​ន​សៃ ​ចាក់​ថ្នាំ​បញ្ចុះ​ឈាម ហើយ​ទៅ​ដល់ ​មន្ទីរពេទ្យ​ខេត្ដ ​ប្រហែល​ចាក់​ថ្នាំ បញ្ចុះ​ឈាម​ទៀត ទេ​ី​ប​ធ្វេ​ី​ឱ្យ​មាន ​គ្រោះ​អកុសល ​បែប​នេះ ។

លោក​ហ៊ីង ផា​ន​សគ​ន្ធា ប្រធាន​មន្ទីរពេទ្យ​ បង្អែក​ខេត្ដរតនគិរី ឲ្យ​ដឹង​តាម​ទូរស័ព្ទ ​កាលពី​រសៀល​ថ្ងៃ​ទី​១ កុម្ភៈ ថា ស្ត្រី និង​កូន​នោះ ​មិនមែន​ស្លាប់​ ដោយសារ​ ការ​ធ្វេសប្រហែស ​របស់​ក្រុម​គ្រូពេទ្យ​ទេ គឺ​ដោយសារ​ ជំងឺ​ប្រចាំ​កាយ​របស់​គាត់ ។ នៅ​យប់​ដែល​ស្ដ្រី​រូប​នោះ​ស្លាប់ មាន​ក្រុម​គ្រូពេទ្យជំនាញ​ៗ ​ច្រើន​នៅ​ទីនោះ តែ​ចំណែក​ពេទ្យ​ស្រី​វ័យក្មេង​២​នាក់​នោះ ​បាន​ចូល​បម្រើ​ការ​ ជាង​បី​ឆ្នាំ​ មក​ហើយ ។ ពួក​នាង​ឈរ​ក្បែរ​វេជ្ជបណ្ឌិត​ ក្រែង​មាន​កិច្ចការ​ណា​ត្រូវ​ជួយ ហើយ​ពួក​នាង ​ក៏​ជា​បងប្អូន ​របស់​អ្នក​ដែល​ស្លាប់​ នោះ​ដែរ។

ជំទប់​ឃុំ​ប៉ុង ឲ្យ​ដឹង​ថា ករណី​ស្ដ្រី​សម្រាល កូន​មិន​រួច ហើយ​ស្លាប់​ នៅ​មន្ទីរពេទ្យ​បង្អែក​ ខេត្ដរតនគិរី​នោះ សម្រាប់​តែ​ភូមិ​បាន​ប៉ុង ឃុំ​ប៉ុង ស្រុក​វ៉ឺ​ន​សៃ នា​ដើមឆ្នាំ​២០១៦​នេះ មាន​ពីរ​នាក់ ​រួច​ទៅ​ហើយ ។ បើ​គិត​ជា​រួម​ សម្រាប់​ខេត្តរតនគិរី​ មាន​បួន​ករណី ​មក​ហើ​យ ។ ថ្មី​ៗកន្លង​មក​ ប្រជាពលរដ្ឋ​ធ្លាប់​បាន​ លើកយក​បញ្ហា​ សម្រាលកូន និង​ការ​រើសអើង​ ដល់​អ្នកជំងឺ​ គឺ​អ្នកមាន និង​អ្នកក្រ រួម​ទាំង​ ការ​ទុក​ឱ្យ​អ្នកជំងឺ ​អត់​លុយ ​ដេកចាំ​សេចក្ដីស្លាប់ នៅ​ក្នុង​វេទិកាសាធារណៈ​ ដែល​មាន​លោក ​លី ធុ​ជ ទេស​រដ្ឋមន្ដ្រី​ ទទួល​បន្ទុក​បេសកជន​ពិសេស និង​ជា​ប្រធាន​ ក្រុមការងារ​ ចុះ​ជួយ​ខេត្ដរតនគិរី​ ចូលរួម ឱ្យ​ដឹង​ឮ និង​ដើម្បី​ឱ្យ​ជួយ​អន្ដរាគមន៍​ ទៅ​លោក​ប្រធាន ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ ឱ្យ​រឹត​បន្តឹង​ ចំពោះ​វិជ្ជាជីវៈ និង​ក្រមសីលធម៌ ​របស់​គ្រូពេទ្យ ។

កាលពី​ថ្ងៃ​ទី​២៦ មក​រា លោក​ទេស​រដ្ឋមន្ដ្រី​ លី ធុ​ជ បាន​ទៅ​ពិនិត្យ ហើយ​ប្រាប់​លោក ហ៊ីង ផា​ន​សុ​គ​ន្ធា ប្រធាន​មន្ទីរពេទ្យ​ បង្អែក​ខេត្ត​ ថា ​បញ្ហា​សង្គ្រោះ​អាយុជីវិត និង​ថែទាំ​សុខភាព​ ជូន​ប្រជាពលរដ្ឋ ជា​រឿង​ចម្បង ដូច្នេះ​បន្ដ​ប្រឹងប្រែង​ បន្ថែម​ទៀត ។ សម្ដេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី និង​សម្ដេច​កិ​តិ្ត​ ព្រឹទ្ធ​បណ្ឌិត តែងតែ​យកចិត្ដទុកដាក់​ពី​សុខុមាលភាព ​របស់​ប្រជាពលរដ្ឋ​ទូទៅ ជា​ពិសេស​សុខភាព ​កុមារ និង​ស្ដ្រី​កូនខ្ចី ។

លោក​អ៊ុ​ង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ ខេត្ដរតនគិរី​ ទទួលស្គាល់​ថា ក្រុម​គ្រូពេទ្យ​ ដែល​បំពេញការងារ​នៅ​មន្ទីរពេទ្យ​បង្អែក​ បច្ចុប្បន្ន មានការ​ធ្វេស​ប្រហែល ​ខ្លះ​មែន តែ​លោក​នឹង​ជួយ​ជំរុញ​ ដោយ​ណែនាំ​ ក្រុម​គ្រូពេទ្យ​ទាំង​អស់នោះ​ ឱ្យ​យកចិត្ដទុកដាក់​ ទៅ​លើ​ការងារ គឺ​ព្យាបាល​ថែទាំ​អ្នកជំងឺ​ ឱ្យ​បាន​ល្អ​ប្រសើរ​ឡេ​ី​ង ឱ្យ​ស័ក្តិ​សមជា​គ្រូពេទ្យ​ ដែល​មានគុណ​ធម៌ ។

សព​ស្ដ្រី​ជនជាតិ​ឡាវ​នោះ ​ត្រូវ​បាន​ប្រគល់​ឱ្យ​សាច់ញាតិ​ យក​ទៅ​ធ្វេ​ី​ បុណ្យ​តាម​ប្រពៃណី រួម​ជាមួយ​ ​កូនស្រី ​នោះ​ផង ៕

ស្ត្រី​មានផ្ទៃពោះ ៦ខែ ត្រូវពេទ្យ​ ចាក់​ថ្នាំ បើកស្បូន ម្តាយ​និងកូន ស្លាប់​បន្តគ្នា​
ស្ត្រី​មានផ្ទៃពោះ ៦ខែ ត្រូវពេទ្យ​ ចាក់​ថ្នាំ បើកស្បូន ម្តាយ​និងកូន ស្លាប់​បន្តគ្នា​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត