ទីប្រឹក្សាយោធារុស្សីម្នាក់ ស្លាប់នៅក្នុងប្រទេសស៊ីរី ដោយសារគ្រាប់ផ្លោង

ម៉ូស្គូ៖ តាមការបញ្ជាក់ឲ្យ ដឹងពីក្រសួងការពារជាតិ បានឲ្យដឹងថា កាលពីថ្ងៃពុធម្សិលមិញនេះ ទីប្រឹក្សាមួយរូបខាងផ្នែកយោធារបស់រុស្ស៊ី បានបាត់បង់ជីវិត បន្ទាប់ពីការបាញ់ ដោយគ្រាប់ផ្លោង នៅក្នុងប្រទេសស៊ីរី ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា ក្រសួងការពារជាតិរុស្ស៊ី បាន ប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន ក្នុងស្រុកឈ្មោះ RIA Novosti ថា "កាលពីថ្ងៃទី០១ ខែកុម្ភៈ មានគ្រាប់បែកត្បាល់ បានផ្លោងដោយក្រុមរដ្ឋឥស្លាម បណ្តាលឲ្យមានអ្នករង របួសជាច្រើននាក់ និងបានសម្លាប់យោធាម្នាក់ផងដែរ" ។

នៅក្នុងរបាយការណ៍មួយបានបញ្ជាក់ថា "ទីប្រឹក្សាយោធារុស្ស៊ី បានមកកាន់ប្រទេសស៊ីរី ដើម្បីធ្វើការវាយតម្លៃ និងត្រួតពិនិត្យមើលការ ផ្គត់ផ្គង់សព្វាវុធថ្មី ដែលបានជាប់កិច្ចសន្យា ផ្នែកយោធាក្រោមកិច្ច សហប្រតិបត្តិការបច្ចេកទេសនោះ" ។

នៅក្នុងរបាយការណ៍ បានបញ្ជាក់ថា គេគ្រាន់តែដឹងថា ទីប្រឹក្សាដែលបានស្លាប់នោះពិតជា នៅក្នុងប្រទេស ស៊ីរីមែន តែមិនបានបញ្ជាក់ថា នៅទីតាំងណាប្រាកដទេ ។

សូមបញ្ជាក់ថា នេះជាទីប្រឹក្សាយោធារុស្ស៊ីទី៣ហើយ ដែលត្រូវបានគេសម្លាប់ ចាប់តាំងពីមានការសម្លាប់ នៅក្រុងម៉ូស្គូ កាលពីចុងខែកញ្ញា ដោយក្រុមរដ្ឋឥស្លាម ៕