ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកណ្តាល ៖ មនុស្ស​៣​នាក់​​​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ បន្ទាប់​ពី​ជួប​ហេតុការណ៍​ផ្ទុះ​បំពង់​ទុយោ​ហ្គា​សក្នុងស្ថានីយមួយកន្លែង ​​កាលពី​វេលា​ម៉ោង​០៤ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០៣ កុម្ភៈ ២០១៦ ស្ថិត​នៅ​ក្នុង​ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់ ១-​ឈ្មោះ​ហេង សែ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ២-​ឈ្មោះ​ហេង ណា​ទី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទាំង​២​នាក់ ជា​ម្ចាស់​ស្ថានីយ​ប្រេង​ខាងលើ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ និង​៣-​ឈ្មោះ​ពៅ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​ជាង​ជួសជុល​បំពង់​ទុយោ​ហ្គា​ស ស្នាក់​នៅ​រាជធានី​ភ្នំពេញ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ម្ចាស់​ស្ថានីយ​ទាំង​២​នាក់​ បាន​ទៅ​ជួល​ជាង​ជួសជុល​បំពង់​ហ្គា​ស (​ឈ្មោះ​ពៅ​) មក​យក​ធុង​ខ្យល់​ចំណុះ​១៥​គីឡូក្រាមធ្វើតេស្ត​សាកល្បង តែ​មិនដឹង​យ៉ាងម៉េច បណ្តាល​ឱ្យ​ផ្ទុះ​ទុយោ​ចេញពី​ជញ្ជាំង​ឥដ្ឋ​ថ្ម​ចំនួន​៤​កន្លែង​ជិត​ៗ​គ្នា លាន់​សូរដូច​ផ្ទុះ​គ្រាប់បែក បណ្តាល​ឱ្យ​អំបែង​ឥដ្ឋ និង​ទុយោ​ខ្ទាត​ត្រូវ​ជន​រង​គ្រោះ​ទាំង​៣​នាក់​រង​របួសធ្ងន់​តែ​ម្តង ។