ប្រជាពលរដ្ឋ​គ្មាន​ជំនឿ​លើ​ការប្ដេជ្ញាចិត្ត​របស់​អភិបាលខេត្ត​កំពង់ធំ ពេលដែល​ព្រៃ​ឡង់​នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​

​កាលពី​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​ប្ដេជ្ញា​ខិតខំ​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ប្រជាពលរដ្ឋ​និង​បញ្ហា​ប្រឈម​មួយចំនួនទៀត​ក្នុងនោះ​មាន បទល្មើស​ព្រៃឈើ បទល្មើស​នេសាទ និង​ពង្រឹង​សន្តិសុខ​សង្គម​ជាដើម​។ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ធំ ពុំមាន​ជំនឿ​លើ​ការប្ដេជ្ញាចិត្ត​របស់លោក អ៊ុត សំអន នោះទេ​ព្រោះ​បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​អាជ្ញាធរខេត្ត​និង​មន្ត្រី​ជំនាញ មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

តាម​ការអះអាង​របស់​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​លោក ហ៊ុន សែន ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ពុំមាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ​។ បើទោះបី​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កំពុង​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​យ៉ាងណាក៏ដោយ ក៏​ជាក់ស្តែង​បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​ឡង់​នៅតែ​កើតមាន​យ៉ាង​រាលដាល​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​បរិស្ថាន​ក្នុង​ខេត្តកំពង់ធំ មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ឡើយ​។

តំណាង​សហគមន៍​ការពារ​ព្រៃ​ឡង់​ក្នុង​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​កន្លងទៅនេះ កម្លាំង​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ មិនទាន់​ចាត់វិធានការ​ដល់​តំបន់​ភាគ​កណ្ដាល​នៃ​ព្រៃ​ឡង់​ឬ​ហៅថា​តំបន់​ស្នូល​នៅឡើយ​ទេ​។ ប្រភព​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ចម្រុះ​ចូលទៅ​បង្ក្រាប​បទល្មើស​កាប់​ឈើ​ដល់​តំបន់​ស្នូល​នៃ​ព្រៃ​ឡង់​ទើប​អាច​ធានាថា ឈ្មួញ​និង​ក្រុម​ជនល្មើស​លែង​ហ៊ាន​ធ្វើ​សកម្មភាព​តទៅទៀត​។ បើ​មិន​ដូច្នេះ​ទេ​ឈ្មួញ​មាន​លុយ មានអំណាច នៅតែ​ផ្ដល់​ថវិកា​ឬ​ម៉ាស៊ីន​អារឈើ​ឲ្យ​ក្រុម​ជនល្មើស​ចូល​កាប់​ឈើ​ដល់​តំបន់​ស្នូល​នៃ​ព្រៃ​ឡង់​ដដែល​។

ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តកំពង់ធំ បាន​វាយតម្លៃថា ការប្ដេជ្ញាចិត្ត​របស់លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ អាច​ក្លាយទៅជា​រឿង​ឥតន័យ ជាពិសេស​ទាក់ទង​ទៅនឹង​បទល្មើស​បំផ្លាញ​ព្រៃឈើ ក៏ដូចជា​បទល្មើស​នេសាទ​ដែល​កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក​ក្នុង​ខេត្តកំពង់ធំ​។ ដោយហេតុថា កន្លងមក​លោក អ៊ុត សំអន មិនដែល​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ឡង់​នោះទេ ហើយ​ប្រភព​ខ្លះ​សង្ស័យថា លោក អ៊ុត សំអន ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ទៀតផង​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក អ៊ុត សំអន ធ្វើ​ឲ្យ​បាន​តាម​ពាក្យសន្យា​និង​ការប្ដេជ្ញាចិត្ត​របស់ខ្លួន ហើយ​វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​ឡង់ គឺជា​រឿង​ដែល​ត្រូវធ្វើ​ជាបន្ទាន់​បំផុត​៕

អ៊ុត-សំអនលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ 1affc4bb-08e5-418d-9b5c-a55dcc16e79f​    ​