ចាំមើល​សមត្ថកិច្ច​ចាត់វិធានការ​បែបណា​ទៅលើ​ឈ្មួញ​ឈើ​ឈ្មោះ ស៊ូ ម៉ា​រិ​ទ្ធ​?

អត្តសញ្ញាណ​ក្រុម​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ តាមរយៈ​ប្រតិបត្តិការ​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី​។ ក្នុងនោះ​ឈ្មួញ​ឈើ​ឈ្មោះ ស៊ូ ម៉ា​រិ​ទ្ធ អតីតមន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ក៏​ត្រូវបាន​សមត្ថកិច្ច​វែកមុខ​ផងដែរ កាលពី​រសៀល​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​រង់ចាំ​មើល​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ទៅលើ​ឈ្មួញ​រកស៊ី​ជួញដូរ​ឈើ​ប្រណីត​នៅក្នុង​ខេត្តមណ្ឌលគិរី ឈ្មោះ ស៊ូ ម៉ា​រិ​ទ្ធ​។

ប្រភពពី​សមត្ថកិច្ច​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា កម្លាំង​អាវុធ​ខេត្ត​បាន​ឡោមព័ទ្ធ​ផ្ទះ​អតីតមន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់ ឈ្មោះ ស៊ូ ម៉ា​រិ​ទ្ធ ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​បន្ទាប់ពី​មាន​រថយន្ត​ដឹកឈើ​១​គ្រឿង​បើក​ចូល កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ត្រង់ចំណុច​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​។ កម្លាំង​អាវុធហត្ថ​ខេត្តមណ្ឌលគិរី បានធ្វើការ​ឡោមព័ទ្ធ​ផ្ទះ​លោក ស៊ូ ម៉ា​រិ​ទ្ធ ដើម្បី​រង់ចាំ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី លោក ឡុង ហុក​ម៉េង អនុញ្ញាត​ឲ្យ​ចូល​ឆែកឆេរ​លំនៅដ្ឋាន​នោះ​។ ប្រតិបត្តិការ​របស់​ស​ម​ត្ថ​កិច្ច​អាវុធហត្ថ​ខេត្តមណ្ឌលគិរី ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឆ្នែង ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ព្រោះ​ឆ្នាំ​មកហើយ​មិន​ដែលមាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឈ្មួញ​រកស៊ី​ជួញដូរ​ឈើ​ប្រណីត ឈ្មោះ ស៊ូ ម៉ា​រិ​ទ្ធ អតីតមន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នោះទេ​។

ក្រោយពេល​ឆែកឆេរ​រួច​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅក្នុង​ផ្ទះ​របស់លោក ស៊ូ ម៉ា​រិ​ទ្ធ បាន​រកឃើញ​ឈើ​ប្រណីត​ចំនួន​២៥០​កំណាត់ រថយន្ត​១​គ្រឿង រណារយន្ត​១​គ្រឿង​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី រង់ចាំ​មើល​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ទៅលើ​ឈ្មួញ​ឈើ​ឈ្មោះ ស៊ូ ម៉ា​រិ​ទ្ធ ព្រោះ​កន្លងមក​ឈ្មួញ​ម្នាក់នេះ​តែង​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​នោះទេ​។ ការឆែកឆេរ​រកឃើញ​ភស្តុតាង​ក្នុងភូមិ​គ្រឹះ​លោក ស៊ូ ម៉ា​រិ​ទ្ធ គឺ​សមត្ថកិច្ច​អាច​ចាត់វិធានការ​លើ​ឈ្មួញ​ឈើ​រូបនេះ​តាមច្បាប់ ដើម្បី​ជាការ​ព្រមាន​ដល់​ឈ្មួញ​ដទៃទៀត​ផងដែរ​៕

khada1647 khada1650 khada1651 WAT-030226