ស្វែង​ សុជាតា បើក​ឆាក​​​រឿង​ដំបូង ក្រោយ​ឃ្លាត​ឆ្ងាយ​ជាង​២​ឆ្នាំ

ស្វែង​ សុជាតា បើក​ឆាក​​​រឿង​ដំបូង ក្រោយ​ឃ្លាត​ឆ្ងាយ​ជាង​២​ឆ្នាំ

ការ​វិល​ត្រឡប់​មក​សម្ដែង​រឿង​ដំបូង “បណ្ដាសា​អថ័ន”​ ក្រោយ​បាត់​មុខ​ជាង​២​ឆ្នាំ​ ម្ចាស់​ពាន​អាណាចក្រ​តារា​ប្រាប់​ថា​ ពិបាក​ខ្លះ​ដែរ​ព្រោះ​រឿង​នេះ​ទាក់​ទង​នឹង​ការ​ប្រើ​អារម្មណ៍​ ជាក់​ស្ដែង​មាន​យំ​ជា​ដើម​ ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​ខ្លាំង​​​។

 

“រឿង​នេះ​​ត្រូវ​ការ​ប្រើ​អារម្មណ៍​ច្រើន​ បង​ពិបាក​បន្តិច​ដែរ​អូន មាន​ឈុត​យំ ឈុត​ប្រើ​អារម្មណ៍​កម្សត់​ផ្សេងៗ​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​បង ​និង​ធ្វើ​​ឲ្យ​បង​នឹក​ឃើញ​កាល​ឆ្នាំ​ចាស់ៗ​កាល​បង​នៅ​ឈឺ​…​ពេល​ដែល​បង​ជួប​លំបាក​អី​ ចឹង​អូន​ ប៉ុន្តែ​បង​ឥឡូវ​លែង​អី​ហើយ​ ព្រោះ​បង​ទទួល​បាន​ការងារ​សិល្បៈ​ច្រើន​​អាច​ចិញ្ចឹម​ជីវិត​បង​មិន​ឲ្យ​ខ្វះ ​ខាត​ដូច​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​ទេ”។ ស្វែង​ សុជាតា ថ្លែង។

 

ស្វែង​ សុជាតា បើក​ឆាក​​​រឿង​ដំបូង ក្រោយ​ឃ្លាត​ឆ្ងាយ​ជាង​២​ឆ្នាំ

 

តារា​សម្ដែង​ជើង​ចាស់​រហស្សនាម​ឆ្នាស់​ឆ្នើម​ ស្វែង សុជាតា ថ្លែង​មក​កាន់​ Sabay​ មុន​នេះ​ថា​ “បណ្ដាសា​អថ័ន” ជា​រឿង​ដំបូង​សម្រាប់​ការ​វិល​ចូល​សិល្បៈ​ក្រោយ​ពី​បាត់​មុខ​ជាង​២​ឆ្នាំ​ ទៅ​ព្យាបាល​ជំងឺ​លើ​ភ្នំ​គូលែន​។ ក្នុង​នោះ​មាន​​ផលិតកម្ម​ច្រើន​បន្ត​បន្ទាប់​ទៀត​បាន​ទាក់​ទង​ នាង ឲ្យ​សម្តែង​​ផង​ដែរ​។

 

ស្វែង សុជាតា បន្ថែម៖ “ចាស​អូន​…បង​សប្បាយ​ចិត្ត​ណាស់​ពេល​ខាង​ផលិត​កម្ម​ អភិមង្គល​បាន​ផ្ដល់​ឱកាស​ឲ្យ​បង​សម្ដែង​រឿង​ឲ្យ​គាត់​ ហើយ​នេះ​ជា​រឿង​ដំបូង​ដែល​បង​បាន​សម្ដែង​ក្រោយ​បាត់​មុខ​យូរ​។ ហើយ​មក​ដល់​ឥឡូវ​នេះ​បង​ទទួល​បាន​ច្រើន​រឿង​ដែរ​ ប្រហែល​ជា​៧​រឿង​​”។

 

ជាមួយ​គ្នា​នេះ​អ្នក​ដឹកនាំ​រឿង​ខាង​លើ​​លោក​ បូនីតា ដារ៉េស៊ី បង្ហាញ​គោល​ជំហរ​ថា ​រឿង​នេះ​គឺ​ធ្វើ​តម្រូវ​​ ស្វែង​ សុជាតា​ តែ​ម្ដង​ក្រោយ​នាង​សម្រាក​ព្យាបាល​ជំងឺ​ និង​បាត់​មុខ​ពី​សិល្បៈ​ជាង​២​ឆ្នាំ​ ​ដោយ​សម្អាង​ហេតុ​ផលថា​ ស្វែង សុជាតា ជា​មនុស្ស​ម្នាក់​ដែល​មាន​ភាព​តស៊ូ​ គោរព​ពេលវេលា​ការងារ​ជានិច្ច។​​​​

 

អ្នក​ដឹក​នាំ​ផលិត​កម្ម​អភិមង្គល​ថ្លែង​៖ “បាទ​អូន…បង​ធ្វើ​រឿង​គឺ​តម្រូវ​ឲ្យ​គាត់​សម្តែង​ ដូច​អូន​ដឹង​ហើយ​ថា​ គាត់​បាត់​​មុខ​ពី​សិល្បៈ​យូរ​ដែរ ហើយ​បណ្តា​ផលិត​កម្ម​ផ្សេង​ៗ​ហាក់​បំភ្លេច​គាត់​ចោល​ ដូច្នេះ​បង​ត្រូវ​ហៅ​គាត់​មក​សម្ដែង​ដើម្បី​​មាន​ឱកាស​ចូល​ពិភព​សិល្បៈ​ស្តារ​មុខ​មាត់​ឡើង​វិញ​ផង​ដែរ។ ហើយ​គាត់​ជា​តារា​ដែល​មាន​​ប្រជាប្រិយ​ភាព តស៊ូ​នឹង​ការងារ​​គោរព​ពេលវេលា គាត់​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ពេល​ខ្លះ​ លើស​ពី​អ្វី​ដែល​ខ្ញុំ​រំពឹង​ទៅ​ទៀត​៕

 

រីយ៉ា ក្ដាប់​តំណែង​តួ​ឯក​ដំបូង​ក្នុងជីវិត​សិល្បៈ

 

អត្ថបទ៖ ថា ម៉ាលីដា​​​