​​​មេធាវី​​​​​​ប្រើ​​​ពាក្យ​​​សម្តី​​​អសុរោះ​​​លើ​​​ចៅក្រមសាលា​​​ក្តី​​​​​​​​​នៅ​​​ក្នុង​​​បទ​​​សម្ភាសន៍​​​

លោក​​​ វីកទ័រ កូប៉េ (Victor Koppe) មេធាវី​​​​​​ ការ​​​ពារ​​​ក្តីអន្តរជាតិ​​​របស់​​​ នួន ជា​​​ កម្រ​​​ខកខាន​​​​ឱកាស​​​ក្នុងការ​​រៀបរាប់​​​ប្រាប់​​​ចៅ​​​ក្រម​​​នៅ​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​នូវ​​​អ្វី​​​ដែល​​​លោក​​​ចង់​​​និយាយ​​​។

អំឡុង​​​ការ​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះដែល​​​ពឹង​​​ផ្អែក​​​លើ​​​ឯកសារ​​​កាល​​​ពី​​​ខែ​​​សីហា​​​ លោក​​​ វីកទ័រ កូប៉េ បាន​​​ចាត់ទុក​​​នីតិវិធី​​​រឿង​ក្តី​​​​​ថា “​​​គួរ​​​ឲ្យ​​​អស់​​​សំណើច” ហើយ​​​បាន​​​ដើរ​​​ចេញ​​​ពី​​​បន្ទប់​​​សវនាការ​​​។នៅ​​​ថ្ងៃ​​​បន្ទាប់​​​ មេធាវី​​​ជន​​​ជាតិ​​​ហូឡង់​​​រូប​​​នេះ បាន​​​បន្ត​​​ចោទ​​​ប្រកាន់​​​ចៅ​​​ក្រម​​​ ហ្សង់ម៉ាក ឡាវែញ (Jean-Marc Lavergne) ​​​ថា បាន​​​ “ធ្វើ​​​ការ​​​សម្រេច​​​ចិត្ត​​​ខ្វះ​​​ភាព​​​ក្លាហាន”​និង​ខ្វះ​​​ “សុចរិត​​​ភាព​​​តុលាការ”។

ហើយ​​​នៅ​​​ក្នុង​​​កិច្ច​​​សម្ភាសន៍​​​បើក​​​ចំហ​​​មួយ​​​ក្នុង​​​ព្រឹត្តិបត្រ​​​ Mekong Review ជាព្រឹត្តិបត្រថ្មី​ដែល​ចេញ​​​ផ្សាយរាល់បីខែ​​​ម្តង​​​ លោក​​​បាន​​​បន្ត​​​រិះ​​​គន់​​​ចៅ​​​ក្រម​​​ ហ្សង់ម៉ាក ឡាវែញ​ កាន់​​​តែ​​​ខ្លាំង​​​ជាង​​​មុន​​​ទៅ​​​​​​ទៀត​​​។

​​​​​​លោក​​​ វីកទ័រ​​​ កូប៉េ បាន​​​ប្រាប់​​​លោក មីញ បួយ ចន (Minh Bui Jones) និពន្ធនាយក​​​របស់​​​ព្រឹត្តិបត្រ​​​​​​នេះ​​​ថា “ ខ្ញុំ​​​អត់​​​គោរព​​​សូម្បី​​​បន្តិច​​​ជា​​​ពិសេស​​​ចៅ​​​ក្រម​​​ជន​​​ជាតិ​​​បារាំង​​​ [លោក ហ្សង់ម៉ាក ឡាវែញ] រូប​​​នេះ​​​។ប្រសិន​​​បើ​​​វា​​​ហួស​​​ហេតុ​​​ពេក​​​ អ៊ីចឹង​​​បណ្តោយ​​​ឲ្យ​​​ទៅ​​​តាម​​​ហ្នឹង​​​ទៅ​​​”។

នៅ​​​ពេល​​​សួរ​​​ថា តើ​​​លោក​​​មាន​​​អ្វី​​​ប្រឆាំង​​​នឹង​​​ចៅក្រម​​​រូប​​​នេះ​​​ដែរ​​​ ឬ​​​ទេ​​​ លោក ​​​វីកទ័រ ​​​កូប៉េ​​​ បាន​​​ឆ្លើយ​​​ថា “ប្រាកដ​​​ជា​​​មាន​​​”។ លោក​​​ មីញ បួយ ចន​ បាន​​​សួរ​​​ថា “ដោយសារ​​​គាត់​​​ជា​​​ជន​​​ជាតិ​​​បារាំង​​​ឬ”?។

មេធាវី​​​រូប​​​នេះ​​​បាន​​​ឆ្លើយ​​​តប​​​ថា “ [សើច] ​​​ទេ​​​មិន​​​មែន​​​ដោយសារ​​​តែ​​​គាត់​​​ជា​​​ជន​​​ជាតិ​​​បារាំង​​​​​​ទេ​​​។ខ្ញុំ​​​ចូលចិត្ត​​​​​​ជន​​​ជាតិ​​​បារាំង​​​។វា​​​ងាយ​​​​​​ស្រួល​​​ពេក​​​ហើយ​​​។ គាត់​​​បាន​​​ធ្វើ​​​អ្វី​​​ៗ​​​ដែល​​​អាច​​​​​​ធ្វើ​​​ទៅ​​​បាន​​​ដើម្បី​​​រារាំង​​​ខ្ញុំ​​​មិន​​​ឲ្យ​​​សួរ​​​សំណួរ​​​។ គាត់​​​មាន​​​ជំហរ​​​យ៉ាង​​​សកម្ម​​​ក្នុង​​​ការ​​​ព្យាយាម​​​រារាំង​​​កុំ​​​ឲ្យ​​​រឿង​​​រ៉ាវ​​​របស់​​​ នួន​​​ ជា ត្រូវ​​​បាន​​​រៀប​​​រាប់​​​”។

នៅ​​​ពេល​​​សួរ​​​នៅ​​​ក្នុង​​​កិច្ច​​​សម្ភាសន៍​ក្រោយ​​​​​​​​​មក​​​ទៀត​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​លោក​​​​​​ប៊ិះ​​​នឹង​​​លាលែង​​​​​​ពី​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ខែ​​​វិច្ឆិកា លោក វីកទ័រ​​​ កូប៉េ បាន​​​ធ្វើ​​​ការ​​​វាយ​​​ប្រហារ​​​លក្ខណៈ​​​ផ្ទាល់​​​ខ្លួន កាន់​​​តែ​​​ខ្លាំង​​​លើ​​​ចៅ​​​ក្រម​​​ ហ្សង់ម៉ាក ឡាវែញ។

លោក​​​បាន​​​និយាយ​​​ថា “ប្រសិន​​​បើ​​​លោក​​​អ្នក​​​នៅ​​​ក្នុង​​​បន្ទប់​​​សវនាការ​​​នោះ​​​ជាប់​​​រហូត​​​លោក​​​អ្នក​​​នឹង​​​ដឹង​​​ហើយ​​​…ថា វា​​​មិន​​​អាច​​​ទ្រាំទ្រ​​​បាន​​​ ពោល​​​គឺ​​​ត្រូវ​​​ប្រឈមមុខ​​​​ជាប់​​​រហូត​ជា​​​មួយ​​​នឹង​​​ចៅ​​ក្រម​​​ជន​​​ជាតិ​​​បារាំង​​​រូប​​​នោះ​​​ដែល​​​ទី​​​បំផុត​​​មាន​​​ភាព​​​លម្អៀង​​​ អសមត្ថ​​​ភាព និង​​​ល្ងីល្ងើ​​​។ អ្នក​​​ផ្សេង​​​មិន​​​ដឹង​​​ថា វា​​​លំបាក​​​​​​យ៉ាង​​​ណា​​​នោះ​​​ទេ​​​”។

នៅ​​​ពេល​​​សួរ​​​ទាក់​​​ទិន​​​នឹង​​​ការ​​​លើក​​​ឡើង​​​របស់​​​លោក វីកទ័រ កូប៉េ ក្រុម​​​អ្នក​​​វិភាគ​​​នៅ​​​សា​​​លា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​បាន​​​លើក​​​ឡើង​​​​​​នៅ​​​ក្នុង​​​សប្តាហ៍​​​នេះ​​​ថា ខណៈ​​​មេធាវី​​​រូបនេះ​​​មាន​​​សិទ្ធិសួរ​​​អំពី​​​ភាព​​​យុត្តិធម៌​របស់​​​តុលាការ​​​នោះ​​​ការ​​​វាយ​​​ប្រហារ​​​​លក្ខណៈ​​​ផ្ទាល់​​​ខ្លួន​​​គឺ​​​​​​វា​​​ហួស​​​ហេតុ​​​ពេក​​​ហើយ​​​។

លោក​​​ ឡុង​​​ បញ្ញាវុធ អ្នក​​​ឃ្លាំ​​​មើល​​​​​​សាលា​​​ក្តី​នៃគម្រោង​យុត្តិធម៌នៅ​​​កម្ពុជា​​​ បាន​​​លើក​​​ឡើង​​​ថា “ខ្ញុំ​​​សូម​​​និយាយ​​​ថា តាម​​​ពិត​​​ទៅ​​​នៅ​​​ក្នុង​​​ការ​​​បើក​​​សវនាការ​​​ប្រកប​​​ដោយ​​​ភាព​​​យុត្តិធម៌ វា​​​មាន​​​សារៈសំខាន់​​​ដែល​​​មេធាវី​​​ការ​​​ពារ​​​ក្តី​​​អាច​​​និយាយ​​​ការ​​​ពាររឿង​ក្តីរបស់ខ្លួន​​​​ដោយ​​​សេរី​​​នោះ​​​។ ប៉ុន្តែ ខ្ញុំ​​​សូម​​​និយាយ​​​ថា ​​​ការ​​​វាយ​​​ប្រហារ​​​លក្ខណៈ​​​ផ្ទាល់​​​ខ្លួន​​​លើ​​​ចៅ​​​ក្រម​​​រូប​​​នោះ​​​ជា​​​ពិសេស គឺ​​​វា​​​ហួស​​​ពី​​​ព្រំដែន​​​នៃ​​​អ្វី​​​ដែល​​​គេហៅ​​​ថា សិទ្ធិ​​​បើក​​​សវនាការ​​​ប្រកបដោយ​​​ភាពយុត្តិធម៌​​​”។

លោក ឡុង​​​ បញ្ញាវុធ បាន​​​លើក​​​ឡើង​​​ទៀត​​​​​​​ថា ការ​​​ប្រមាថ​​​នេះ​​​ទំនង​​​ជា​​​ផ្នែក​​​នៃ​​​យុទ្ធសាស្ត្រ​​​របស់​​​លោក វីកទ័រ​​​ កូប៉េ ។ លោក​​​បាន​​​ថ្លែង​​​ថា “ខ្ញុំ​​​គិត​​​ថា វា​​​គឺ​​​ដើម្បី​​​ទទួល​​​បាន​​​ការ​​​ចាប់​​​អារម្មណ៍​​​។ ហើយ​​​ទី​​​២​​​គាត់​​​ចង់​​​ធ្វើ​​​ឲ្យ​​​ចៅក្រម​​​មិនអាចទប់កំហឹងខ្លួន​​​ឯងបាន​ ហើយ​​​​​​ប្រសិន​​​​បើ​​​គេ​​​ដាក់​​​វិន័យ​​​លើ​​​គាត់ ​​​គាត់​​​​​​អាច​​​ពន្យារ​​​នីតិវិធី​​​រឿង​ក្តី​​​”។

លោក ចន ឈូចចារី (John Ciorciari) ​​​សាស្ត្រាចារ្យ​​​ជន​​​ជាតិ​​​អាមេរិក​​​ដែល​​​​​​សរសេរ​​​យ៉ាង​​​ស៊ី​​​ជម្រៅ​​​អំពី​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​ បាន​​​លើក​​​ឡើង​​​ថា ការ​​​លើក​​​ឡើង​​​របស់​​​​​​លោក ​​​វីកទ័រ​​​ កូប៉េ​​​ អាច​​​ចាត់​​​ទុក​​​បាន​​​ថា ជា​​​ការ​​​មិន​​​គោរព​​​ចំពោះ​​​តុលាការ​​​។

ប៉ុន្តែ លោក​​​បាន​​​ធ្វើ​​​ការ​​​សន្និដ្ឋាន​​​ថា  មេធាវី​​​រូប​​​នេះ​​​កំពុង​​​ព្យាយាម​​​ជំទាស់នឹងការ​ដោះ​​​ស្រាយរបស់សាលាក្តី​ចំពោះ សំណុំ រឿងរបស់​កូន​​​ក្តី​​​លោក​​​។

លោក​​​ ចន ឈូចចារី បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​ចោទ​​​ប្រកាន់​​​លោក​​​ ហ្សង់ម៉ាក ឡា​​​វែញ ​​​ថា ​​​’ល្ងីល្ងើ’ ​​​សឹង​​​តែ​​​មិន​​​មែន​​​ជា​​​រឿង​​​ការងារ​​​​​​​​​​​​​​​។ ​​​ប៉ុន្តែ ​​​ការ​​​ពិត​​​​​​ប្រហែល​​​ជាអ៊ីចឹង​​​មែន​​​​​​។ លោក​ ​​​កូប៉េ​​​ បានជំទាស់​ថា ការ​​​បើក​​​សវនា​​​ការ​​​មាន​​​ភាព​​​រញ៉េរញ៉ៃ ហើយ​​​អាកប្ប​​​កិរិយា​របស់​​​គាត់​ក៏ជាចំណែកមួយធ្វើ​ឲ្យ​គេ​​​ចាប់​​​អារម្មណ៍ដែរ”​​​។

នៅ​​​ពេល​​​សួរ​​​ដើម្បី​​​ឲ្យ​ឆ្លើយ​​​​​​តប​​​នឹង​​​ការ​​​រិះ​​​គន់​​​កាល​​​ពី​​​ម្សិលមិញ លោក វីកទ័រ កូប៉េ​​​ បាន​​​​​​លើក​​​ឡើង​​​ត្រឹម​​​តែ​​​ថា “ខ្ញុំ​​​មិន​​​ចាំបាច់អីត្រូវ​តបតនឹង​អ្នក​​​ទាំង​​​នេះ​​​ទេ​​​”៕ ស៊ុយឈាង​​​​​​​​​​

 

The post ​​​មេធាវី​​​​​​ប្រើ​​​ពាក្យ​​​សម្តី​​​អសុរោះ​​​លើ​​​ចៅក្រមសាលា​​​ក្តី​​​​​​​​​នៅ​​​ក្នុង​​​បទ​​​សម្ភាសន៍​​​ appeared first on ខេមបូឌា ដេលី.