ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​រៀបចំ​ពិព័រណ៍​ភាគហ៊ុន​កម្ពុជា ក្រោម​ប្រធានបទ​«My First Stock » ក្នុង​គោលបំណង​ជំរុញ​ការ​ផ្សព្វផ្សាយ​បន្ថែម​អំពី​ផ្សា​រមូល​ប​ត្រ​នៅ​កម្ពុជា ពិសេស​សាធារណជន​ទូទៅ​ដែល​មានការ​យល់​ដឹង​តិចតួច​អំពី​ផ្សា​រមូល​ប​ត្រ ។

លោក ហុង សុ​ហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា មាន​ប្រសាសន៍​ថា​៖ « ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​បើក​ដំណើរការ​ឲ្យ​មានការ​ជួញដូរ​អស់​ពេល​ជិត​៤​ឆ្នាំ​ហើយ តែ​រហូត​មក​ដល់​ពេល​នេះ​ភាគហ៊ុន​ដែល​មាន​សម្រាប់​ជួញដូរ​មាន​តែ​៣​ប៉ុណ្ណោះ ហើយ​ការ​ជួញដូរ​ទៀត​សោត​ហាក់​មាន​កម្រិត​នៅឡើយ បើ​ទោះបីជា​មាន​ភាព​ប្រសើរ​ខ្លះ​នៅ​ពេល​មាន​ក្រុមហ៊ុន​ចុះបញ្ជី​ជា​បន្តបន្ទាប់​ក៏​ដោយ » ។

លោក ហុង សុ​ហួរ បន្ដ​ថា « ដើម្បី​ឲ្យ​ទីផ្សារ​មូល​ប​ត្រ​រីក​លូតលាស់​ឆាប់រហ័ស មាន​មតិ​ខ្លះ​លើក​ជា​ដំណោះស្រាយ​ថា គួរ​ទាក់ទាញ​ក្រុមហ៊ុន​មក​ចុះបញ្ជី​ឲ្យ​បាន​ច្រើន​សិន ដើម្បី​បង្កើត​ឲ្យ​មាន​ជា​ជម្រើស​ផលិតផល​ច្រើន​សម្រាប់​អ្នកទិញ ទើប​អាច​ទាក់ទាញ​វិនិយោគិន​ជួញដូរ​លើ​ទីផ្សារ​បាន​ច្រើន ។ មតិ​មួយទៀត​ដែល​ផ្ទុយ​ពី​នេះ​លើក​ឡើង​ថា គួរ​អប់រំ​បណ្តុះបណ្តាល​និង​ផ្សព្វផ្សាយ​អំពី​ផ្សារ​ហ៊ុន​ដល់​សាធារណជន ដើម្បី​ឲ្យ​ពួក​គាត់​យល់​ជ្រួតជ្រាប​អំពី​ការ​ជួញដូរ​ភាគហ៊ុន អត្ថប្រយោជន៍​និង​ហានិភ័យ​ជា​មុន​សិន ទើប​ពួក​គាត់​នឹង​ចូលរួម​យ៉ាង​ទូលំទូលាយ ។ នៅ​ពេល​មាន​មូលដ្ឋាន​វិនិយោគិន​ធំ​ទូលាយ​ហើយ​នោះ ទើប​ក្រុមហ៊ុន​នានា​មាន​ចំណាប់អារម្មណ៍​ចូល​ផ្សារ​ហ៊ុន​កាន់តែ​ច្រើន​ឡើង » ។

ថ្លែង​នា​ឱកាស​នោះ លោក​ជំទាវ ងួ​ន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា ៖ « ពិព័រណ៍​ថ្ងៃនេះ​រឹ​ពឹង​ថា​នឹង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ច្រើន​ក្នុង​ចំណោម​សាធារណជន ក៏​ដូច​ជា​ក្នុង​ចំណោម​សហគ្រាស​ឯកជន​នានា​ដែល​នឹង​អាច​មាន​ចំណាប់អារម្មណ៍​ចង់​បោះផ្សាយ​លក់​ភាគហ៊ុន​ជា​សាធារណៈ​ដើម្បី​ទទួល​បាន​ហិរញ្ញប្បទាន​រយៈពេល​វែង​បន្ថែម​ទៀត​លើ​ជម្រើស​ហិរញ្ញប្បទាន​ដែល​មាន​ស្រាប់​ដូច​ជា​កម្ចី​ឥណទាន​ពី​ធនាគារ​ជាដើម ។ យើង​រំពឹង​ថា នឹង​មាន​សហគ្រាស​ចំនួន​៣​បន្ថែម​ទៀត​មក​ចុះបញ្ជី​លក់​ភាគហ៊ុន​ជា​សាធារណៈ​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦​នេះ ។ តាម​បទ​ពិសោធន៍​កន្លង​មក នៅ​ប្រទេស​នានា វា​ពិតជា​មានការ​លំបាក​ណាស់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ដំបូង​នៃ​ការ​អភិវឌ្ឍ​វិស័យ​មូល​ប​ត្រ ពីព្រោះ​សាធារណជន​ភាគច្រើន​មិន​ទាន់​យល់​ច្បាស់​អំពី​ដំណើរការ​ទីផ្សារ និង​មិន​ទាន់​មាន​លទ្ធភាព​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​នូវ​ព័ត៌មាន​សាជីវកម្ម​របស់​ក្រុមហ៊ុន​ចុះបញ្ជី និង​ក្រុមហ៊ុន​ត្រៀម​ចុះបញ្ជី​ហើយ​ពួក​គាត់​ភាគច្រើន​មាន​ឥរិយា​បទ​ជា​អ្នក​ដើរ​តាម​ពីក្រោយ​ដែល​ចាប់ផ្តើម​វិនិយោគ​តែ​នៅ​ពេល​ដែល​ទីផ្សារ​មាន​ទំហំ​ធំ និង​ថ្លៃ​ទីផ្សារ​បាន​កើនឡើង​រួច​ហើយ ។

លោក​ជំទាវ​បន្ត​ថា ៖ «​យុទ្ធនាការ​ផ្សព្វផ្សាយ​ដូច​កម្មវិធី​នៅ​ថ្ងៃនេះ នឹង​ជួយ​បណ្តុះបណ្តាល​ដល់​វិនិយោគិន​សក្តានុពល​ទាំងនោះ ហើយ​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ពី​វិស័យ​មូល​ប​ត្រ ខ្ញុំ​សូម​គាំទ្រ​ពេញទំហឹង​ឲ្យ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ព្រមទាំង​ក្រុមហ៊ុន​មូល​ប​ត្រ​រួម​សហការ​គ្នា​ចូលរួម​ផ្សព្វផ្សាយ​ចំណេះដឹង​ដល់​សាធារណជន វិនិយោគិន​សក្តានុពល និង​សហគ្រាស​ចុះបញ្ជី​សក្តានុពល តាម​រយៈ​ការ​រៀបចំ​នូវ​ពិព័រណ៍​បែប​នេះ​ក៏​ដូច​ជា សិក្ខាសាលា និង​ព្រឹត្តិការណ៍​ទំនាក់ទំនង​សាធារណៈ​តាម​រូបភាព​ផ្សេង​ទៀត​ឲ្យ​វ​បាន​ច្រើន ។

នៅ​ឆ្នាំ​២០១៦​នេះ មាន​ក្រុមហ៊ុន​៣​ដែល​ត្រៀមខ្លួន​ចុះបញ្ជី​ក្នុង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ក្នុង​នោះ​រួម​មាន ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ក្រុមហ៊ុនកាត់ដេរ​សម្លៀក​បំពាក់ TY Fashion (Cambodia) Co., Ltd និង​ក្រុមហ៊ុន​រដ្ឋ​ករ​ស្វយ័ត​កំពង់​ផែ​ក្រុងព្រះសីហនុ » ។ នេះ​បើ​តាម​លោក ហុង សុ​ហួរ បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស និង​អបអរសាទរ​ក្រុម​និស្សិត​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២​ប្រចាំ​តំបន់ ក្នុង​កម្មវិធី​ប្រឡង​ជួញដូរ​មូល​ប​ត្រ​អាស៊ាន​ឆ្នាំ​២០១៥ ។

លោក​បន្ត​ថា ៖ « ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ អាច​នឹង​ធ្វើការ​ចុះបញ្ជី​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​នៅ​ក្នុង​ខែមីនា ចំណែក​ក្រុមហ៊ុន​ពី​ទៀត​កំពុង​កៀរគរ​រក​ប្រភព និង​ពេលវេលា​សម​ស្រប​សម្រាប់​ចូល​ក្នុង​ផ្សារ​ហ៊ុន​នេះ » ។

គិត​មក​ទល់​បច្ចុប្បន្ន ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ទើបតែ​មាន​ក្រុមហ៊ុន​៣​ប៉ុណ្ណោះ ដែល​បាន​បោះផ្សាយ​ភាគហ៊ុន និង​ដំណើរការ​ទិញ​-​លក់​មូល​ប​ត្រ​នៅ​កម្ពុជា ។ ក្រុមហ៊ុន​ទាំង​៣​នោះ​មាន រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​ក្រុមហ៊ុនកាត់ដេរ​របស់​ចិនតៃវ៉ាន់ ហ្គ្រេ​ន ធ្វី​ន អុ​ិ​ន​ធើ​ណេ​សិន​ណ​ល (​ខេ​ម​បូ​ឌា​) ភី​អិ​ល​ស៊ី (Grand Twins International (Cambodia) Plc. និង​កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ ។

បច្ចុប្បន្ន​នេះ បើ​តាម​លោក ហុង សុ​ហួរ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ទើបតែ​មានការ​ទិញ​-​លក់ ប្រមាណ​ជាង​៧.០០០​គណនី​ប៉ុណ្ណោះ ដែល​ការ​ជួញដូរ​នោះ​ចំនួន​៥០​ភាគរយ ជា​អ្នកជំនួញ​បរទេស ។

ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១១ ដែល​ជា​ក្រុមហ៊ុនចម្រុះ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា មាន​ភាគហ៊ុន​៥៥% និង​ក្រុមហ៊ុន​មូល​ប​ត្រ​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​មាន​ភាគហ៊ុន​៤៥% ៕