ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​វៀតណាម ៖ វៀតណាម​បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ឲ្យ​ប្រទេស​របស់​ខ្លួន​មាន​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំឆ្នាំ ក្នុង​ចន្លោះ​ពី​៦,៥% ទៅ​៧% នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ ក្នុង​គោលបំណង​កែប្រែ​មុខមាត់​របស់​ខ្លួន​ដើម្បី​ក្លាយជា​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ទំនើប ។ នេះ​បើ​យោង​តាម​សេចក្តីសម្រេច​ក្នុង​កិច្ចប្រជុំ​សមាជជាតិ​លើក​ទី​១២ ដែល​បាន​ប្រព្រឹត្ត​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ​។

សេចក្តីសម្រេច​នេះ​ត្រូវ​បាន​អនុម័ត និង ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​បញ្ចប់​នៃ​កិច្ចប្រជុំ​សមាជជាតិ​បក្ស​កុំ​មុ​យ​និ​ស្ត​វៀតណាម ។ បក្ស​កុំ​មុ​យ​និ​ស្ត​វៀតណាម​បាន​រៀបចំ​ផែនការ​មួយ​ចំនួន​ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ក៏​ដូច​ជា​វិធានការ​ការពារ​បរិស្ថាន ដែល​នឹង​កំណត់​នូវ​តារាង​ត្រួតពិនិត្យ​ការងារ​ច្បាស់លាស់​សម្រាប់​គណបក្ស​ថ្មី​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ។

បើ​យោង​តាម​សេចក្តីសម្រេច គឺ​ផលិតផល​ក្នុងស្រុក​សរុប​ត្រូវ​គេ​រំពឹង​ថា នឹង​កើនឡើង​ពី​៣.៥០០​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៥ ទៅ​២.០១៩​ដុល្លារ​នៅ​ឆ្នាំ​២០២០ ។

គណបក្សកាន់អំណាច ក៏​បាន​កំណត់​អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​តំបន់​ជុំវិញ​ទីក្រុង​ឲ្យ​ស្ថិត​នៅ​ក្រោម​៤% ខណៈ​ដែល​ប្រជាជន​៨០%​ទៀត នឹង​ត្រូវ​ផ្តល់​សេវា​ធានា​រ៉ាប់រង​ផ្នែក​សុខភាព​ផង​ដែរ​។ ទោះបីជា​យ៉ាងណា ការ​កំណត់​គោលដៅ​លើ​សេវា​ធានា​រ៉ាប់រង​សុខភាព​សកល​នេះ ទំនងជា​មិន​អាច​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ​ទេ ។

សេចក្តីសម្រេច​ឲ្យ​ដឹង​ទៀត​ថា ប្រជាជន​រស់នៅ​តាម​តំបន់​ជុំវិញ​ទីក្រុង​ប្រមាណ​ជា​៩៥% និង​ប្រជាជន​រស់នៅ​ជនបទ​៩០% នឹង​មានទឹក​ស្អាត​ប្រើប្រាស់ ។ ក្រៅពី​នេះ បក្ស​ក៏​បាន​ចាត់វិធានការ​ចំនួន​៦​ចំណុច​សំខាន់​ៗ​ទៀត​ដែល​ត្រូវ​អនុវត្ត​នា​ពេល​ខាង​មុខ ។

តួយ៉ាង វិធានការ​នោះ​រួម​មាន ការ​សម្រិតសម្រាំង​លើ​ការ​កកើត​ឡើង​វិញ​នូវ​មនោគមន៍វិជ្ជា​នយោបាយ សីលធម៌ នៃ​សមាជិក​បក្ស​៤,៥​លាន​នាក់ ។ កិច្ចការ​បន្ទាប់​ទៀត គឺ​ការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​នយោបាយ​កាន់តែ​ប្រសើរ​ឡើង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ៕