តារាសម្តែង និន សុធារ៉ា ក្លែងជា គ្រូអថ័ន

ភ្នំពេញ៖ មុខសិចស៊ី រាងតូចច្រឡឹង ដែលច្រឡំទៅនឹងតួថៃ អ្នកនាង និន សុធារ៉ា មិនគួរណាទៅសម្លាប់គ្រូដែលមានវេទមន្តខ្លាំងក្លា និងស៊ីសាច់គ្រូ ដើម្បីរៀនមន្តអាគមអថ័ន សម្លាប់មិនរើសមុខឡើយ។

ព្រោះតែចង់ឈ្នះ ចង់ចាញ់ អ្នកនាងនិន សុធារ៉ា បានយកខ្លួនប្រលែងដោយរៀនមន្តអាគមអថ័ន សម្លាប់គ្រូអាថ័ន សម្លាប់អ្នកផ្ទះ សូម្បីតែក្មួយក៏មិនលើកលែងផងដែរនោះ ។

មន្តអាគមអថ័ន ជាមន្តអាគមរបស់ខ្មែរមួយដ៏ខ្លាំងក្លា ដែលជារឿងអបិយជំនឿមួយ មិនគួរឲ្យជឿ តែមិនជឿមិនបាន ខណៈដែលឃើញរឿងនេះផ្ទាល់ភ្នែក  ។ មន្តអាគមអថ័ន បើយើងនិយាយសាមញ្ញគឺការធ្វើអំពើ ដោយប្រើឡាម ដែកគោល និងរបស់ផ្សេងៗទៀត ដើម្បីសម្លាប់មនុស្ស និងទទួលភាពឈឺចាប់រ៉ាំរ៉ៃ ដែលធ្វើឲ្យអ្នកផងទាំងពួង ខ្លាចរអាល និងរឿងជំនឿមួយនេះ។

បើទោះបីជាយ៉ាងនេះក្តី តារាសម្តែង និន សុធារ៉ា មិនខ្លាចឡើយ ដើម្បីរក្សាជីវិត ចុងក្រោយរបស់ខ្លួន ក្រោយយកឈ្នះ និងសម្លាប់ ស្វែង សុជាតា  និងរហូតសម្លាប់គ្រូ អថ័ន និងស៊ីសាច់ដើម្បីរៀនមន្តអាគម ដើម្បីគ្រូអថ័នទៀតផង ។

អ្វីដែលរៀបរាប់ខាងលើនេះ វាគ្រាន់តែជាសាច់រឿងមួយ «បណ្តាសាអថ័ន» របស់ផលិតកម្មអភិមង្គ័ល ដែលសម្ពាធកាលពីរាត្រីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅរោងកុន TK Avenue ខណ្ឌទួលគោក ដោយមានតារាប្រុសស្រីល្បីៗចូលរួម ។

និន សុធារ៉ា បានប្រាប់អ្នកយកព័ត៌មាន មជ្ឈមណ្ឌលដើមអម្ពិល និង LookingToday ឲ្យដឹងថា «ក្នុងរឿងនេះខ្ញុំបានដើរតួជាកាច់ឆ្នាស់ឆ្នើម និងជាគ្រូអថ័នដ៏សាហាវ ហើយស្វែង សុជាតា ជាគ្រូអថ័នដូចគ្នា តែជាអថ័នស្លូតមិនបង្កទុក្ខភ័យដល់អ្នកដ៏ទៃឡើយ» ។ តារាវ័យជិតខ្ទង់ ៤០ឆ្នាំរូបនេះបានបន្តថា «ខ្ញុំសង្ឈឹមថារឿងនេះនឹងជោគជ័យច្រើន ក្រោយដាក់បញ្ជាំងជាផ្លូវការ តាមរោងកុននានា» ។

និន សុធារ៉ា ក៏បានបង្ហើបឲ្យដឹងថា «បច្ចុប្បន្ននេះនាងរវល់ខ្លាំងណាស់ តាមរយៈការថតរឿងភាគឲ្យស្ថានីយ៍ទូរទស្សន៍ MyTV និង ផលិតកម្មមហាហង្ស» ៕

តារាសម្តែង និន សុធារ៉ា ក្លែងជា គ្រូអថ័ន

តារាសម្តែង និន សុធារ៉ា ក្លែងជា គ្រូអថ័ន